នៅពេលនិយាយទៅដល់រមណីយដ្ឋានម្លេច ប្រាកដជាមានបងប្អូនស្គាល់យ៉ាងច្បាស់ជាមិនខានឡើយ ព្រោះបច្ចុប្បន្នរមណីយដ្ឋាន១កន្លែងនេះ កំពុងតែមានឈ្មោះបោះសម្លេងល្បីរន្ទឺយ៉ាងខ្លាំងនៅបណ្តាញសង្គម មិនតែប៉ុណ្ណោះកាលពីមុនម្លេច គ្រាន់តែជាទំនប់មួយប៉ុណ្ណោះ តែពេលនេះតំបន់ទំនប់ម្លេចកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មី ដោយសារតែមានរមណីយដ្ឋានកែច្នៃនិងរីស៊តមួយចំនួនធំបានធ្វើ ឱ្យភ្ញៀវចូលលេងកម្សាន្តជិត ៤ពាន់នាក់ក្នុង១ថ្ងៃ។
ថ្លែងប្រាប់ Business Cambodia លោក ប៉ុង វណ្ណា ដែលជាម្ចាស់រមណីយដ្ឋានម្លេច បានឱ្យដឹងថា កាលពីមុនរមណីយដ្ឋាននេះគ្រាន់តែជាបឹងមួយដែលព័ទ្ធជុំវិញដោយភ្នំប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលោកបានឃើញទីតាំងនេះដំបូងៗលោកពិតជាមានអារម្មណ៍មួយថាស្រលាញ់ខ្លាំងណាស់ ដូច្នេះលោកប្រាប់ខ្លួនឯងថា ថ្ងៃណាមួយលោកនឹងមកច្នៃកន្លែង១នេះ ឱ្យក្លាយទៅជារមណីយដ្ឋានដ៏ទាក់ទាញដើម្បីឱ្យភ្ញៀវទេសចរណ៍មកចូលលេងកម្សាន្ត។ ដូចនេះចុងឆ្នាំ ២០១៨ លោកក៏បានសម្រេចទៅបើកនៅកន្លែងមួយនេះ ដែលដំបូងបើកត្រឹមតែ បីទៅបួនកញ្ចុះប៉ុណ្ណោះ តែលោកតែងតែខំកសាងនឹងអភិវឌ្ឍន៍ពីមួយថ្ងៃទើបទាក់ទាញបានភ្ញៀវជាហូរហែរដូចបច្ចុប្បន្ននេះ។
លោកបានបន្តថា មូលហេតុដែលលោកច្នៃបឹងមកក្លាយជារមណីដ្ឋានដ៏ទាក់ទាញបែបនេះ ដោយសារតែលោកមើលឃើញថា ធម្មជាតិកាលណាមានទឹកមានភ្នំវានឹងធ្វើឱ្យមនុស្សដែលបានឃើញទេសភាពធម្មជាតិៗ ប្រាកដជាមានអារម្មណ៍ថាស្រស់ស្រាយ បំបាត់ស្រ្តេស បំបាត់ភាពតានតឹងជាដើម អញ្ចឹងអ្វីដែលអាចលួងចិត្តឱ្យពួកគាត់ស្រស់ស្រាយបានលឿនគឺមានតែទឹកធម្មជាតិនេះហើយ ដោយសារតែលោកឃើញកត្តាធម្មជាតិទាំងអស់នេះហើយ បានពាំនាំចិត្តឱ្យលោកព្យាយាមខំកែច្នៃអ្វីដែលថ្មីៗមកបង្កើតរមណីដ្ឋានម្លេចនេះ។
ចំពោះការកែច្នៃវិញ លោកវណ្ណា បានលើកឡើងថា ទាក់ទងជាមួយបរិស្ថានធម្មជាតិនៅតំបន់នេះវិញលោកនៅតែរក្សាជាធម្មតា តែលោកមានតែបន្ថែមអ្វីប្លែកៗជាងមុនទៀត ជាក់ស្តែងដូចកាលពីតំបន់ម្លេចនេះមានដើមឈើតិចតួចទេ ប៉ុន្តែនៅពេលដែលលោកបានចាប់ផ្តើមមកអភិវឌ្ឍន៍នៅកន្លែងនេះគឺលោកបានដាំដើមឈើបន្ថែម ដាំស្មៅ ក៏ដូចជាកាយប្រឡាយឱ្យធំជាងមុនក៏ដូចសង់ស្ពានដើម្បីឱ្យមនុស្សដើរឱ្យកាន់តែមានអារម្មណ៍ស្រស់ស្រាយ ក្នុងចំណុចនេះមានន័យថាលោកអភិវឌ្ឍន៍បន្ថែមពីលើធម្មជាតិដែលមានស្រាប់ ឱ្យកាន់តែល្អថែមទៀតតែនៅក្នុងន័យព្យាយាមរក្សាបរិស្ថានដដែល។
ម្ចាស់រមណីយដ្ឋានម្លេច បានបញ្ជាក់ថា សម្រាប់ចំណុចពិសេសដែលរមណីយដ្ឋានម្លេចមានភាពល្បីខ្លាំងនោះគឺដោយសារតែ មានភាពប្លែកពីគេជាពិសេសគឺស្ពានដើរតែម្តង ហើយបន្តិចទៀតលោកវណ្ណានឹងច្នៃស្ពាននៅរមណីយដ្ឋានម្លេចនេះបន្ថែមទៀត ព្រោះលោកមិនចង់ឱ្យភ្ញៀវមកលេងកម្សាន្តឃើញរូបភាពដដែលៗឡើយ លើសពីនេះទៅរមណីយដ្ឋានម្លេចនេះក៏មានគោលការណ៍មួយដែល គឺលោកវណ្ណា ត្រូវតែច្នៃឱ្យឡូយពោលពីរបីខែរមណីដ្ឋាននេះត្រូវតែប្លែកភ្នែក។ ព្រោះតែម្លេចមានភាពទាក់ភ្នែក នឹងមានការ Update រឿយដូច្នេះហើយ បានធ្វើឱ្យរមណីយដ្ឋានម្លេចទាក់ទាញភ្ញៀវឱ្យចូលលេងថ្ងៃចុងសប្តាហ៍ពី ៣ទៅនាក់ទៅ៤ពាន់នាក់ ប៉ុន្តែបើថ្ងៃធម្មតាវិញគឺទទួលបានត្រឹមតែ ៣០០នាក់ទៅ ១ពាន់នាក់ប៉ុណ្ណោះ៕ យ៉ាងណាមិញ ភោជនីដ្ឋានម្លេច គឺមានទីតាំងនៅព្រំប្រទល់រវាងខេត្តកំពងនិងខេត្តតាកែវ ពោលគឺមានចម្ងាយមិនដល់ ១០០គីឡូម៉ែត្រនោះទេ ដែលមានទីតាំងនៅស្រុកជុំគិរី ខេត្តកំពត លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 016 888 056 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ


