នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំពិធីឧបត្ថម្ភសៀវភៅអប់រំសុខភាព និងបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តបង្រៀនសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព នៅសាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) អគារ លីម គីមណយ ការិយាល័យកណ្តាល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ក្នុងអង្គពិធីនោះ មានការអញ្ជើញចូលរួមពីលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងអធិបតីភាពកិតិ្តយសរបស់លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឆាយ គឹម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា និងឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា លោកគ្រូ អ្នកគ្រូដែលជាគ្រូឧទេស ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ រួមទាំងសិក្ខាកាមចូលរួមប្រមាណជា២០០នាក់បន្ថែមទៀត។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅមានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ និងមានសៀវភៅចំនួន១៤០០០ក្បាល សម្រាប់ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់បន្តដល់សាលារៀននានាដែលមានតម្រូវការប្រើប្រាស់។
ចំពោះគោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងអនុវត្តតាមស្តង់ដា ស្តីអំពីការលើកកម្ពស់ការសិក្សា សម្រាប់គ្រឹះស្ថានសិក្សាអប់រំទូទៅ និងដើម្បីបណ្តុះបណ្តាលលើវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព ដើម្បីលើកកម្ពស់ និងពង្រឹងទៅលើការអប់រំសុខភាពដល់សិស្សានុសិស្ស ក្នុងការអភិវឌ្ឍចំណេះដឹង បំណិន និងឥរិយាបថសម្រាប់ការយកទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។ មួយវិញទៀត ដើម្បីជួយឱ្យសិស្សានុសិស្ស មានសុខភាពល្អ មានសតិបញ្ញាភ្លឺថ្លា និងមានរាងកាយលូតលាស់ល្អ ទៅតាមសម័យកាលនៃសតវត្សរ៍ទី២១នេះ ជាពិសេស គឺការសិក្សាប្រកបដោយភាពសម្បូរបែប ផ្សារភ្ជាប់ទៅនឹងតថភាពរស់នៅជាក់ស្តែង។
សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងសង្គម ដែលជំរុញដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមសម័យកាលបច្ចេកវិទ្យា និងឌីជីថល ដែលកំពុងតែពេញនិយមជាខ្លាំង នៅក្នុងបច្ចុប្បន្នភាពនេះ៕