នៅពេលបច្ចុប្បន្ននេះ មិនថាការលក់ តូច ឬ ធំទេ មនុស្សជាច្រើនតែងតែមានជំនឿមួយថា ទាល់តែយើងបង្កើតផលិតផលដែលមានតម្លៃថ្លៃ លក់ឱ្យអតិថិជនទើបបានប្រាក់ចំណូលខ្ពស់ ទើបអាជីវកម្មនោះអាចបង្កើតប្រាក់ចំណេញច្រើន និង អាចធំធាត់លឿន។ ប៉ុន្តែ តាមរយ:បទពិសោធន៍ជាក់ស្តែងរបស់បងប្អូនបង្កើតពីរនាក់ គឺលោក Zhang Hongchao និងលោក Zhang Hongfu ដែលជាស្ថាបនិកតែគុជ និងការ៉េមដ៏ល្បីល្បាញ Mixue បានមកលុបបំបាត់ជំនឿចាស់នេះចោលទាំងស្រុង។ ពួកគាត់បានបង្ហាញឱ្យពិភពលោកឃើញថា ភេសជ្ជៈ និងការ៉េមដែលមានតម្លៃត្រឹមតែ ១ ដុល្លារ ឬទាបជាងនេះ ក៏អាចកសាងអាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ និងមានសាខារាប់ម៉ឺនហាងនៅទូទាំងសកលលោកបានដែរ។ ដូច្នេះខាងក្រោមនេះជាក្បួនល្អៗដែលអ្នកទាំងអស់គ្នាគួររៀនសូត្រតាម :
ការចាប់ផ្តើមចេញពីការបរាជ័យ និងការមិនបោះបង់
នៅឆ្នាំ ១៩៩៧ លោក Zhang Hongchao ដែលមានអាយុទើបតែ ២១ ឆ្នាំ លោកបានខ្ចីប្រាក់ពីជីដូនរបស់លោក ដើម្បីបើកតូបលក់ទឹកកកឈូសតូចមួយនៅក្នុងទីក្រុង Zhengzhou ប្រទេសចិន។ ប៉ុន្តែការរកស៊ីមិនបានជោគជ័យទេ ហើយត្រូវបិទទ្វារទៅវិញភ្លាមៗទៀតផង។ ទោះជាយ៉ាងណា ពីរឆ្នាំក្រោយមក គាត់មិនបានបោះបង់ចោលក្តីស្រមៃឡើយ ដោយបានសហការជាមួយប្អូនប្រុសរបស់គាត់ គឺលោក Zhang Hongfu ដើម្បីបើកការរកស៊ីទីពីរដែលមានឈ្មោះថា Mixue Bingcheng ។ លើកនេះ ពួកគេបានផ្លាស់ប្តូរការលក់ ដោយប្តូរមកលក់ការ៉េម ទឹកក្រូចឆ្មារ និងតែគុជ ក្នុងតម្លៃថោកសមរម្យវិញ។
១. យុទ្ធសាស្ត្រលក់ថោក ដើម្បីដណ្តើមទីផ្សារធំ
យុទ្ធសាស្ត្រដំបូងដែលធ្វើឱ្យ Mixue ផ្ទុះការគាំទ្រខ្លាំង គឺការកំណត់តម្លៃផលិតផលចន្លោះពី ០.០៣ ដុល្លារ ដល់ ១ ដុល្លារ ប៉ុណ្ណោះក្នុងមួយកែវ ។ នៅក្នុងទីផ្សារដែលគូប្រជែងភាគច្រើនលក់ក្នុងតម្លៃមធ្យម ៣.៨០ ដុល្លារ តែ Mixue បានតម្រង់ទិសដៅទៅរកក្រុមសិស្ស និស្សិត និងអ្នកដែលមានប្រាក់ចំណូលមធ្យមទៅវិញ។ ការលក់ក្នុងតម្លៃថោកបំផុតនេះ មិនត្រឹមតែធ្វើឱ្យមនុស្សគ្រប់គ្នាអាចទិញញ៉ាំបានរាល់ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យគូប្រជែងផ្សេងទៀតពិបាកចុះមកប្រកួតប្រជែងថ្លៃជាមួយ Mixue ខ្លាំងណាស់។
២. យុទ្ធសាស្ត្រធ្វើគ្រឿងផ្សំ និងដឹកជញ្ជូនដោយខ្លួនឯង
មនុស្សជាច្រើនឆ្ងល់ថា តើលក់ថោកបែបនេះ អាចរកប្រាក់ចំណេញពីណាមក? ចម្លើយគឺ Mixue បានបង្កើតប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ខ្លួនឯងទាំងស្រុង។ ក្រុមហ៊ុនមានរោងចក្រផលិតគ្រឿងផ្សំផ្ទាល់ខ្លួន មានក្រុមស្រាវជ្រាវរូបមន្តផ្ទាល់ខ្លួន និងមានឃ្លាំងស្តុក ព្រមទាំងរថយន្តដឹកជញ្ជូនដោយខ្លួនឯង។ ការមិនជួលក្រុមហ៊ុនក្រៅ ឬមិនទិញគ្រឿងផ្សំបន្តពីគេ វាអាចជួយឱ្យ Mixue កាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន និងអាចរក្សាថ្លៃលក់ឱ្យនៅថោកដដែលបាន ទោះបីជាសេដ្ឋកិច្ចប្រែប្រួលក៏ដោយ។
៣. យុទ្ធសាស្ត្ររកលុយមួយផ្នែកធំពីការលក់ Franchise
អាថ៌កំបាំងធំបំផុតនៃអាជីវកម្មនេះ គឺក្រុមហ៊ុន Mixue មិនមែនចំណេញពីការលក់តែគុជមួយកែវៗ ឱ្យអ្នកទិញញ៉ាំនោះទេ។ ប្រាក់ចំណូល និងប្រាក់ចំណេញភាគច្រើនរបស់ក្រុមហ៊ុន បានមកពីការលក់ម៉ាស៊ីនធ្វើការ៉េម ឧបករណ៍ កែវ បំពង់បឺត និងគ្រឿងផ្សំ ទៅឱ្យម្ចាស់ហាង Franchise។ បច្ចុប្បន្ន Mixue មានសាខារហូតដល់ប្រមាណ ៣៦,០០០ ហាង នៅទូទាំងពិភពលោក ជាង ៣២,០០០ ហាងនៅចិន និង ៤,០០០ ហាងទៀតក្នុង ១១ ប្រទេស។ នៅពេលដែលមានសាខាកាន់តែច្រើន ការបញ្ជាទិញគ្រឿងផ្សំពីក្រុមហ៊ុនក៏កាន់តែច្រើន ជាមូលហេតុដែលអាចបង្កើតជាប្រភពចំណូលយ៉ាងច្រើន។
សរុបសេចក្តីមក រឿងរ៉ាវជោគជ័យរបស់ Mixue Bingcheng គឺជាមេរៀន និងជាគំរូអាជីវកម្មដ៏មានឥទ្ធិពលមួយ ក្នុងយុគសម័យទំនើប ដែលអាចលុបបំបាត់ជំនឿចាស់ថា ទាល់តែលក់ថ្លៃ ទើបអាជីវកម្មអាចរីកចម្រើន និងចំណេញច្រើន។
ប្រភពនៃអត្ថបទ : Forbes


