យោងតាមលិខិតរបស់ក្រសួងការពារជាតិ បានប្រកាសពីការប្រគល់ភារកិច្ចជូនគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុងនិងក្រៅប្រទេស ដោយជ្រើសរើសនិស្សិត សិស្សចូលហ្វឹកហ្វឺនវគ្គនាយទាហាបន្តវេនជំនាន់ទី១៤ មកកម្មសិក្សាការី ចំនួន១៥០ (មួយរយហាសិប) នាក់នៅវិទ្យាស្ថានទ័ពជើងគោក។
នៅក្នុងនោះដែរ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំហ្វឹកហ្វឺនវគ្គនាយទាហានបន្តវេនជំនាន់ទី១៤ ដែលមានរយៈពេលសិក្សា៦ខែ ក្នុងឆ្នាំសិក្សា២០២៣ នៅវិទ្យាស្ថានទ័ពជើងគោក សម្រាប់ជាប្រភេទជ្រើសរើសចូលបណ្តុះបណ្តាលនៅសាលាយោធាក្នុងនិងក្រៅប្រទេស។
ចំពោះលក្ខខណ្ឌសម្រាប់បេក្ខជនទាំងពីរភេទ ត្រូវជ្រើសរើសពីចំណោមនិស្សិត សិស្ស ដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ត្រូវមានលក្ខណសម្បត្តិដូចជា៖
ក. សញ្ជាតិខ្មែរ
ខ. មានអាយុចាប់ពី ១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំចុះឈ្មោះចូលប្រឡង
គ. មានកាយសម្បទាគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបំពេញមុខងារ
ឃ. មិនធ្លាប់ត្រូវបានតុលាការផ្តន្ទាទោស
ង. មានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ
ច. បុរសមានកម្ពស់ ១៦០ស.ម និងនារីមានកម្ពស់ ១៥០ស.ម ឡើងទៅ បេក្ខជនត្រូវមកទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះចូលប្រឡង នៅសាកលវិទ្យាល័យការពារជាតិ និងបណ្តាយោធភូមិភាគទី១ យោធភូមិភាគទី២ យោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥។
សូមបញ្ជាក់ថា កន្លែងទទូលគឺមាននៅ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ក្រសួងអប់រំយុវជន និងកីឡា ខុទ្ធកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ខុទ្ធកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ខុទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន ដូចប្រការ៦ រាជកិច្ច ឯកសារ កាលប្បវត្តិ។ ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខ៖ ០២៣ ៨៨៣ ២៧៤៕
អត្ថបទ៖ ធី ស្រីល័ក្ខ