ជាដំណឹងដ៏រីករាយចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តក្រចេះ ខណៈពេលនេះក្រសួងសាធារណៈការ និងដឹងជញ្ញួនបានប្រកាសពីកាលបរិច្ឆេទបើកការដ្ឋានសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គហើយ ក្រោយគម្រោងស្ពានដ៏សំខាន់នេះលេចឮដំណឹងសាងសង់ជាច្រើនឆ្នាំរួចមក។
យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ការដ្ឋានស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះនេះ នឹងបើកដំណើរការនៅដើមខែមករា ឆ្នាំ២០២៣។ នៅក្នុងពិធីសម្ពោធបើកការដ្ឋានខាងលើនេះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។
យ៉ាងណាមុនការស្ថាបនាឈានមកដល់ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក៏បានបើកកិច្ចប្រជុំដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន ដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ។
សូមជម្រាបផងដែរថា គម្រោងស្ពានខាងលើនេះ មានប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦លានដុល្លារក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត