ក្រុមហ៊ុនធំ១របស់ជប៉ុន ចុះកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែងនៅកម្ពុជាដើម្បីដំណើរការអាជីវកម្ម
Bunthoeun KoemMAY 10 2024319 views

ក្រុមហ៊ុន MinebeaMitsumi ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសជប៉ុនមានជំនាញខាងផលិត និងផ្គុំគ្រឿងអេឡិចត្រូនិច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែង ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការដកស្រង់ពីទំព័រហ្វេសប៊ុក ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

441060514 122185305998029244 6754746365741418962 N

ពិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀងខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ជាមួយនឹងលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន MinebeaMitsumi កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងទីក្រុងតូក្យូ។

មានមតិសំណេះសំណាលក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ Minebea ដែលបានផ្តល់នូវសេចក្តីទុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងទំហំដ៏ច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចូលរួមសម្តែងនូវសេចក្តីសាទរយ៉ាងក្លៀវក្លាជូនភាគីក្រុមហ៊ុនសម្រាប់ភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ហើយសមិទ្ធកម្មនៃភាពជោគជ័យខាងលើស្តែងចេញតាមរយៈការបន្តពង្រីកគម្រោងវិនិយោគរបស់ខ្លួនឱ្យមានកំណើនជាលំដាប់។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿចិត្តថា MinebeaMitsumi នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រង។

សូមជម្រាបថា ក្រុមហ៊ុន MinebeaMitsumi បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១១  វិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់ ដោយក្រុមហ៊ុននេះ។

អ្វីដែលគួរឲ្យកត់សម្គាល់កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបានប្រកាសពីសុំពង្រីកគម្រោងវិនិយោគរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ៕

441320576 122185306004029244 8940618222739746638 N

2471d441 5280 4ef4 99df 1347210e53bb

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia