ក្រុមហ៊ុន Minebea Cambodia ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសជប៉ុនមានជំនាញខាងផលិត និងផ្គុំគ្រឿងអេឡិចត្រូនិច បានត្រៀមខ្លួននៅក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានដំណើរអាជីវកម្មនាពេលកន្លងមកទទួលបានភាពជោគជ័យ។
យោងតាមដកស្រង់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Yoshihisa KAINUMA ក្រុមហ៊ុន Minebea Cambodia និងសហការី បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដោយនៅក្នុងជំនួបនោះ បានរៀបចំឡើងដើម្បីពិភាក្សាលើការសំណើសុំពង្រីកគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយ រៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ។ ក្រុមហ៊ុននេះទទួលបានលទ្ធផលល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីសម្រេចដាក់ទុនវិនិយោគដំបូងនៅកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។
សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ៕