លោក Michael Albaum ផ្ដើមពីការសាកល្បងវិនិយោគអចលនទ្រព្យជាមួយនឹងផ្ទះមួយខ្នង រហូតអាចវិវត្តន៍ខ្លួនក្លាយជាអ្នកជំនាញវិនិយោគលើអចលនទ្រព្យ មានចំណូលជាង ៤៣១,០០០ដុល្លារ ក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ដំបូងឡើយលោក Michael ធ្វើការជាវិស្វករអគ្គិសនី រកចំណូលបាន ៧៣,០០០ដុល្លារក្នុងមួយឆ្នាំ គាត់បានបញ្ជាក់ទៀតថា គាត់តែងតែដកលុយទុកសន្សំជាប្រចាំ។ ក្រោយមកគាត់ក៏បានប្រមូលលុយដែលគាត់សន្សំបាន យកទៅទិញផ្ទះមួយល្វែង រួចដាក់ជួលឱ្យគេ បន្ទាប់មកគាត់ធ្វើការទិញផ្ទះបន្ថែមទៀត ដោយការខ្ចីលុយធនាគារយកទៅបង់ផ្ដាច់ និងយកលុយដែលគេបង់ថ្លៃផ្ទះជួល រួមជាមួយប្រាក់ខែមកបង់ធនាគារ។
នៅក្នុងបទសម្ភាសន៍ លោក Michael និយាយថា ក្រោយពេលដែលបានប្រឡូក ក្នុងនាមជាវិនិយោគិន និងជាគ្រូបង្គោលផ្នែកអចលនទ្រព្យអស់រយៈពេល៨ឆ្នាំ គាត់តែងតែប្រើវិធីសាស្ត្រមួយសម្រាប់វិនិយោគគឺ “BRRRR” Buy(ទិញ) Rehab(ស្ដារ) Rent(ជួល) Refinance(រៀបចំកម្ចីឡើងវិញ) Repeat(ធ្វើម្ដងហើយម្ដងទៀត)។ គាត់បានបន្ថែមទៀតថា យើងមិនត្រូវការចំណាយពេញលេញដើម្បីជួសជុលផ្ទះមួយទេ មានន័យថាយើងគ្រាន់តែកែកុនវាបន្តិចៗទៅតាមតម្រូវការប្រើប្រាស់បច្ចុប្បន្នដូចជា កែចង្រាន្តបាយ ឬកែសម្រួលបន្ទប់ទឹកអ្វីជាដើម ហើយវានឹងក្លាយទៅជាផ្ទះជួលដែលមានតម្លៃថ្លៃជាងមុន។
Michael បន្តធ្វើតាមវិធីរបស់គាត់ពីមួយដំណាក់ទៅមួយដំណាក់ រហូតដល់ពេលនេះគាត់មានផ្ទះជួលដល់ទៅ៦១កន្លែងដែលវាក្លាយទៅជាចំណូលអកម្ម។ ពេលនេះបុរសវ័យ៣២ឆ្នាំ អាចចំណាយពេលធ្វើដំណើរកំសាន្តជាមួយភរិយារបស់គាត់ស្ទើរពេញសហរដ្ឋអាមេរិកដោយមិនភ័យរឿងការងារគ្មានអ្នកគ្រប់គ្រង ព្រោះគាត់បានរៀបចំប្រព័ន្ធការងារ ឱ្យមានអ្នកគ្រប់គ្រងតាមផ្នែកនីមួយៗ។ ចំណែកឯគាត់វិញបើកឡានកែច្នៃមួយ ដើរលេងពាសពេញអាមេរិក ប្រសិនបើមានការងារត្រូវធ្វើ គាត់អាចធ្វើពីចម្ងាយបានគ្រប់ពេល។
Michael ក៏បានបញ្ជាក់ផងដែរថា «យើងអាចផ្ដើមពីតូច តែត្រូវមានការស្រាវជ្រាវឱ្យបានច្បាស់លាស់»។ មិនតែប៉ុណ្ណោះ វិនិយោគិនរូបនេះ បានលើកឡើងទៀតថា ការមានទំនាក់ទំនង មានបណ្ដាញច្រើនជារឿងសំខាន់ណាស់ ព្រោះថាគាត់ អាចរកទិញផ្ទះនៅតំបន់ល្អៗបានជាច្រើនកន្លែង ភាគច្រើនគឺបានមកពីអ្នកជំនាញខាងវិនិយោគក្នុងស្រុកដែលគាត់បានស្គាល់កន្លងមក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



