គម្រោងផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញដំណើរការដល់ណាហើយ? ខណៈគម្រោងនេះមានទុនជាង៣ពាន់លានដុល្លារ
Bunthoeun KoemDECEMBER 2 2025311 views

កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានជួបប្រជុំជាលើកទី៣ លើគម្រោងសិក្សាបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ។

 

594063877 1168813162096343 6553372710855321530 N

 

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

 

តាមការបញ្ជាក់ពីក្រសួងសាធារណការ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍សិក្សា ពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃលទ្ធផលសិក្សា។ អង្គប្រជុំក៏បានពិនិត្យមើល និងពិភាក្សាគ្នាផងដែរអំពីលក្ខណៈវិនិច្ឆ័យ និងការកំណត់ជាជំហានបឋមនូវតម្រាយផ្លូវសម្រាប់ការសាងសង់បណ្ដាញផ្លូវរថភ្លើងក្រោមដី(METRO)

 

Metro Manila Subway 2020 09 04 18 42 31

 

សូមជម្រាបថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។  ខណៈគម្រោងនេះមានទុនវិនិយោគប្រមាណ ៣.៥ពាន់លានដុល្លារ និងមានផ្លូវរថភ្លើងចំនួន៤ខ្សែ ដោយក្នុងមួយខ្សែៗមានប្រវែង ចន្លោះពី ១៦គីឡូម៉ែត្រ ទៅ ២៩គីឡូម៉ែត្រ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia