ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បង្ហាញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣
Bunthoeun KoemAUGUST 15 2023

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាក្រុមហ៊ុនអប់រំឯកជនដំបូងបំផុតចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា បានចេញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងត្រីមាសទីពីរដែលទើបនឹងបិទបញ្ចាប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីគូសបញ្ជាក់ឡើងវិញអំពីស្ថានភាព ហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួននៅឆ្នាំ២០២៣ផងដែរ។

បើតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុ​នទទួលបានចំណូលសរុបប្រមាណ ១៨,៨៣២,៥៧០ ដុល្លារ នៅត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២៣ ដោយមានការកើនឡើងដល់ទៅ ៦,៣៨៣,៥៣៧ ដុល្លារ ស្នើនឹង៥១% ធៀបនឹងត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២២កន្លងទៅ ដែលកើនត្រឹមតែ ១២,៤៩៩,០៣៣ ដុល្លារ។ ភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុដ៏រឹងមាំនេះ បណ្តាលមកពីកត្តាមួយចំនួន។

កត្តាដំបូងនិងសំខាន់បំផុតនោះគឺ ក្រុមហ៊ុន ម៉េងលី​ ជេ. គួច អេឌ្យូខេសិន ម.ក អាចរៀបចំសម្របខ្លួនបានភ្លាមៗ ទៅនឹងស្ថានភាពអប់រំអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្វីបើពេលនោះ អ្វីៗធ្វើឡើងដោយបណ្តោះអាសន្ន ប៉ុន្តែដោយមានកំណែទម្រង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទើប ក្រុមហ៊ុន ម៉េងលី​ ជេ. គួច អេឌ្យូខេសិន ម.ក អាចបន្តប្រតិបត្តិការផ្តល់សេវាអប់រំនិងត្រលប់មកបង្រៀនដូចដើមបានភ្លាមៗ នៅពេលប្រទេសដទៃទៀតក្នុងសកលលោកអាចវិលត្រលប់មកសភាពធម្មតាវិញ។​ មិនខុសពីនេះប៉ុន្មាន ដោយសារតែមានការទទួលស្គាល់និងជឿជាក់លើកេរ្តិ៍ឈ្មោះស្ថាប័ន សាលារៀនរបស់ខ្លួនអាចបន្ត និងរក្សាកំណើនសិស្សមកចុះឈ្មោះចូលរៀន។

ជាងនេះទៅទៀតនោះ ក្រុមហ៊ុនបានប្រមូលបានប្រាក់ចំណេញដុលចំនួន ១២,៣៣២,៧៤១ ដុល្លារ និងប្រាក់ចំណេញ​សុទ្ធប្រមាណ ៣,២៦៧,៩០៦ ដុល្លារ។ ពិតណាស់ ទឹកប្រាក់បានកើនឡើងគួរឱ្យកត់សម្តគាល់ ប្រមាណ ៤,០៤២,៩១១ ដុល្លារ និង ១,០៥២,៨១១ ដុល្លារ បើធៀបទៅនឹង៦ខែដំបូងនៃឆ្នាំមុន។

បើក្រឡេកមើលស្ថានភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុន តាមឆ្នាំហិរញ្ញវត្ថុចុងគ្រា ដែលបានបិទបញ្ចប់នៅខែធ្នូឆ្នាំ២០២២កន្លងទៅ យើងអាចមើលឃើញថា ទ្រព្យសកម្មសរុបមានចំនួន ៦,៥៧២, ២០៦ ដុល្លារ បានកើនដល់ទៅ ៨០,​៤៧១​,៨៤៦ ដុល្លារ។ ការណ៍នេះ បញ្ជាក់ឱ្យឃើញថា អត្រាកើនឡើងមានដល់ទៅ៩% ធៀបនឹងចំនួន ៧៣,៨៩៩,​៦៤០ ដុល្លារ យោងតាមរបាយការណ៍ដែលបិទបញ្ចប់នៅឆ្នាំកន្លងទៅ។ ម្យ៉ាងវិញទៀត មូលធនសរុបក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលកើនពី ១៧,៩៦៣,៨៦២ ដុល្លារ ទៅ ២២,៧១៤,៤៧៣ ដុល្លារ ស្មើនឹងកំណើន២៦.៤% ។ បំណុលសរុបបានកើនឡើង ១,៨២១,៥៩៥ ដុល្លារ ស្មើនឹង៣.៣% ពោលកើនពី ៥៥,៩៣៥,៧៧៨ ដុល្លារ ទៅ ៥៧,៧៥៧,៣៧៣ ដុល្លារ។

គោលបំណងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ហៅកាត់ MJQE គឺបង្កើតសាលារៀនឯកជនដែលប្រកាន់ភ្ជាប់ស្តង់ដាអន្តរជាតិ ដោយផ្តោតលើគុណភាព វិន័យ និងសេវាកម្ម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានពង្រីកខ្លួនរហូតដល់ទៅ១៦សាខា គ្រប់ដណ្តប់ក្នុងទីក្រុងរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តសៀមរាប។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនកំពុងគ្រោងនឹងពង្រីក៤សាខាបន្ថែមទៀត ស្ថិតក្នុងខណ្ឌសែនសុខនិងខណ្ឌច្បារអំពៅ នៅក្នុងខែសីហា និងកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕

738

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia