បើយើងរំលឹកដល់ការអប់រំវិស័យឯកជននៅកម្ពុជា គេពុំដែលមើលរំលងសាលារៀនដ៏ល្បីល្បាញរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានសាបព្រួសការអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បច្ចុប្បន្នគឺជាស្ថាបនិក សាលារៀនអន្តរជាតិ អាមេរិកកាំង AIS និង សាលាភាសា Aii ។ បើក្រឡេកមកដឹងអំពីប្រវត្តិតស៊ូនិងដំណើរដើមទងអ្នកឧកញ៉ារូបនេះ តើយ៉ាងណាមុននឹងឈានមកដល់ការបង្កើតវិស័យអប់រំដែលមានការទទួលស្គាល់និងមានឈ្មោះបោះសំឡេងមួយនៅក្នុងប្រទេសកម្ពុជា?
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង លី កើតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៦៩ នៅឃុំស្វាយប៉ោ ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ត្បិតអីអ្នកឧកញ៉ារូបនេះបានកើតនៅក្នុងគ្រួសារដែលមានជីវភាពមធ្យមមួយនាខេត្តបាត់ដំបងនោះ ប៉ុន្តែដោយសារតែបញ្ហាសង្គ្រាម ធ្វើឱ្យខ្សែជីវិតរបស់អ្នកឧកញ៉ារូបនេះមិនខុសអ្វីអំពី ប្រជាជនខ្មែររាប់សែនអ្នកដែលស្ថិតក្នុងរបបប៉ុល ពត ដ៏ខ្មៅងងឹតនោះឡើយ។ យោងតាមសៀវភៅដែលធ្វើការចងក្រងឡើងដោយ អ្នកឧកញ៉ាផ្ទាល់ មានចំណងជើងថា «ភ្នំដងរែកទីពុំអាចភ្លេច» ដែលបានរៀបរាប់អំពីប្រវត្តិអ្នកឧកញ៉ា និងប្រជាជនខ្មែរដែលដំណាលពីទិដ្ឋភាពជូរចត់លាយឡំគ្នា និងការធ្វើនិរទេសខ្លួនទៅកាន់ប្រទេសទី២ ទី៣ ទី៤ ក្រោយរបបក្មេងក្រហមបានដួលរលំ។ ក្នុងខណៈពេលនោះកុមារា គួច ម៉េងលី ស្ថិតនៅក្នុងបឋមវ័យ ១០ឆ្នាំ ដែលជាវ័យសមល្មមនឹងអាចចងចាំនូវរឿងរ៉ាវដែលកើតឡើងចំពោះមុខ។
ក្រោយធ្វើដំណើរទៅដល់ប្រទេសទី៤ ដែលអ្នកឧកញ៉ារូបនេះសង្ឃឹមថានិងក្លាយជាឋានសួគ៍សម្រាប់កសាងជីវិតថ្មី ទឹកដីសហរដ្ឋអាមេរិកដែលជាទីអ្នកឧកញ៉ាដែលបានសិក្សានាសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក និងជាទីដែលលោកបានបញ្ចប់ការសិក្សាផ្នែកPre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ ក្នុងឆ្នាំ២០០៧ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។
ទម្រាំតែបានបញ្ចប់ការសិក្សាដ៏ជោគជ័យយុវសិស្ស គួចម៉េងលី បានប្រើប្រាស់ជីវិតយ៉ាងលំបាកលំបិននៅលើទឹកដីអាមេរិក ពោលគឺនាពេលដំបូងៗដែលលោកឈានជើងចូលទៅដល់ទឹកដីអភិវឌ្ឍន៍នោះ ដោយធ្វើការងារដោយមិនថ្នមកម្លាំងនោះឡើយដើម្បីជីវភាពរស់នៅ។ នេះបើយោងតាមប្រសាសន៍របស់អ្នកឧកញ៉ាផ្ទាល់ដែលដកស្រង់អំពី គេហទំព័ររបស់ស្ថាប័ន MJQTV ។
ត្រឡប់មកបើកទំព័រជីវិតលើទឹកដីកំណើតវិញនារាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ក្នុងឆ្នាំ២០០៥ អ្នកឧកញ៉ាបានបើកសាលារៀនមួយក្រោយអំពីកំណើតកូនស្រីច្បងប្រមាណ៣ថ្ងៃប៉ុណ្ណោះបើគិតមកទល់នឹងបច្ចុប្បន្ននេះមានអាយុកាលជាង១៧ឆ្នាំហើយ។ ផ្តើមអំពីការកកើតក្រុមហ៊ុនមួយនេះឡើង ដែលមានត្រឹមសិស្ស ៥នាក់ និងគ្រូបង្រៀន៥នាក់ប៉ុណ្ណោះ។ ក្នុងនោះអ្នកឧកញ៉ាវ័យ៥៣ឆ្នាំរូបនេះបានថ្លែងប្រាប់អំពីអារម្មណ៍ពិតថា«ជួនកាលពិបាកខ្លាំងពេកអង្គុយយំ ពិបាកខ្លាំងមែនទែន និយាយឱ្យអស់ជិះឡានបិទភ្នែក» អ្នកឧកញ៉ាបានបន្តថា«មានអារម្មណ៍ថាអស់សង្ឃឹម បញ្ហាមួយទៀតគ្មានបងប្អូនជួយជ្រោមជ្រែង ព្រោះតែបងប្អូននៅអាមេរិកទាំងអស់ ខ្ញុំតែម្នាក់ឯងនៅនេះ រត់ទៅរត់មក ខ្ញុំចង់ឆ្កួត» ។
យ៉ាងណាមិញដោយការមិនបោះបង់ឆន្ទៈដឹកនាំវិស័យអប់រំឆ្ពោះទៅរកកម្រិតស្តង់ដារនាជំនាន់នោះ អ្នកឧកញ៉ាក៏ទទួលបានជោគជ័យជាបន្តបន្ទាប់លើវិស័យនេះ រហូតដល់ក្លាយជាសាលាដែលមានឥទ្ធិពលអប់រំមួយនៅកម្ពុជា មកទល់នឹងបច្ចុប្បន្ននេះដែលមាន ៨សាខាហើយនៅកម្ពុជា។ គូសបញ្ចាក់ផងដែរថា អ្នកឧកញ៉ាវេជ្ចបណ្ឌិត គួច ម៉េងលី គឺជាអ្នកនិពន្ធសៀវភៅ អ្នកនិយាយលើកទឹកចិត្តចែករំលែកគន្លឹះរកស៊ីល្អ ជាសប្បុរសជន និងជាស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ដែលមានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជា៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រជៀកកាំ )