កាលពីកន្លងទៅនេះ មានបងប្អូនមួយចំនួនបានយល់ច្រលំថា ក្រុមហ៊ុន McDonald's កំពុងតែពិចារណាចង់មកបើកហាងជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាទាក់ទងនឹងព័ត៌មាននេះដែរ នៅពេលនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញបញ្ជាក់ច្បាស់ៗថា មិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ អំពីការបោះជំហានចូលមកបើកហាង McDonald's នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬការស្វែងរកដៃគូវិនិយោគនៅឡើយទេ។
បើតាមលិខិតផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបញ្ជាក់យ៉ាងដូច្នេះថា “ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald's Corporation ក្នុងគោលបំណងចម្បងគឺដើម្បីពិភាក្សាអំពីសក្ដានុពលទីផ្សារ និងលទ្ធភាពនៃការធ្វើអាជីវកម្មរបស់ ក្រុមហ៊ុន McDonald's នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនបានធ្វើការកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពង្រឹងទីផ្សារដែលខ្លួនមានស្រាប់ជាមុនសិន។

CDC ក៏បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការបកស្រាយ និងផ្សព្វផ្សាយព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald's Corporation ដែលប្រាសចាកពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រលំ អាស្រ័យហេតុនេះសូមបងប្អូនកុំយល់ច្រឡំទៀតផងដែរ៕


