ផ្តើមចេញពីបុគ្គលិកដែលធ្វើការឱ្យគេ ធ្វើការជាច្រើនកន្លែងដើម្បីបានប្រាក់ចំណូល ចង់រៀនសូត្រ ចង់បានបទពិសោធន៍ លោកស្រី ឃួន សុជាតា ប្តូរខ្លួនពីបុគ្គលិកធម្មតាក្លាយជាថៅកែមានអាជីវកម្មក្នុងដៃ សម្រេចក្តីស្រមៃ ដូចគោលដៅដែលបានដៅទុក ទោះសហគ្រិនរូបនេះបានចាប់ផ្តើមប្រកបមុខរបរនៅអាយុច្រើនហើយក្តី។
ថ្លែងប្រាប់ចាបក្រហម លោកស្រី ឃួន សុជាតា ស្ថាបនិកកសិដ្ឋានបណ្តុះនិងលក់កូនឈើ Matata បានឱ្យដឹងថា “ធ្វើការងារអ្វីក៏ដោយត្រូវមានភាពក្លាហាន ទោះអ្នកណាថាយើងយ៉ាងម៉េចក៏ដោយ ត្រូវស្តាប់បេះដូងខ្លួនឯងហើយផ្តោតលើលទ្ធផល តែកុំលោភលន់ពេក ត្រូវចេះចែករំលែកផងទើបយើងអាចដើរបានឆ្ងាយ”។
មិនត្រឹមតែមានក្តីស្រមៃតែស្រ្តីវ័យ៤៣ឆ្នាំរូបនេះបានចែករំលែកឱ្យដឹងថា មុនមានមុខរបរផ្ទាល់ខ្លួន ក្លាយជាថៅកែគេនេះ លោកស្រីមានរបៀបរបបធ្វើការទាំង៥នេះ ដែលជាបទពិសោធន៍ លោកស្រីធ្លាប់បានប្រឡូកក្នុងការងារជាច្រើនដើម្បីប្រាក់ចំណូល និងឱកាស៖
១. មានគោលដៅច្បាស់លាស់
ក្នុងឆ្នាំ២០១៩ ជាពេលដែលលោកស្រីចាប់ផ្តើមមុខរបរទី១គឺជាពេលដែលលោកស្រីចាប់ផ្តើមគោលដៅរបស់ខ្លួនឯង ទាំងដែលពេលនោះលោកស្រីត្រូវបានគេប្រាប់ថាខ្លួនចាស់ហើយចេញរកស៊ីធ្វើអ្វីទៀត។
ប៉ុន្តែលោកស្រីមិនបានស្តាប់សម្តីគេនោះទេ គឺស្តាប់សម្តីចេញពីបេះដូងខ្លួនឯង ចេញពីគោលដៅខ្លួនឯង ដោយលោកស្រីនិងស្វាមីបានចាប់ដៃគ្នា ទោះជាបរាជ័យក៏មិនស្តាយក្រោយដែរ ព្រោះភាពច្បាស់លាស់ និងមានទំនុកចិត្តលើគោលដៅខ្លួនឯងខ្លាំងបំផុត ធ្វើយ៉ាងណាឱ្យខ្លួនឯងអាចមានឱកាសចេញរកស៊ី។
២. បុគ្គលិកចរិតថៅកែ
ក្រៅពីមានគោលដៅច្បាស់លាស់សម្រាប់ខ្លួនឯងហើយ លោកស្រីក៏មានគោលដៅក្នុងការងារដែរ គឺធ្វើការឱ្យគេធ្វើឱ្យដូចក្រុមហ៊ុនរបស់ខ្លួនឯង មិនចេញលទ្ធផលមិនយក មិនហើយមិនទៅផ្ទះនោះទេ។
បើសិនជាមេដាក់ការងារអ្វីមួយឱ្យហើយគឺធ្វើទាល់តែចេញជាលទ្ធផល ព្រោះតែលោកស្រីជាមនុស្សបែបនេះហើយទើបលោកស្រីឈប់ពីការងារទៅលោកស្រីមានភាពជាអ្នកដឹកនាំខ្ពស់ ទៅដឹកនាំអាជីវកម្មខ្លួនឯងបានច្បាស់លាស់បំផុត យល់ទឹកចិត្តបុគ្គលិកបានច្រើនបំផុត ហើយលោកស្រីបានសង្កត់ធ្ងន់ថា “ជាអ្នកដឹកនាំគេ មានអាជីវកម្ម បើដឹកនាំខ្លួនឯងមិនបានច្បាស់លាស់ទេ បិទក្រុមហ៊ុនទៅ”។
៣. ចេះបែងចែកពេលវេលាឱ្យបានច្បាស់
ត្រង់ចំណុចនេះលោកស្រីបានចែករំលែកថា “ពេលខ្ញុំធ្វើការឱ្យគេខ្ញុំរួចការងារហើយ ខ្ញុំតែងឆ្លៀតពេលធ្វើការងារឱ្យគោលដៅខ្លួនឯងជានិច្ច ដោយខ្ញុំតែងចាយពេលមួយម៉ោងរៀន Live លក់ផលិតផល រៀនអ្វីដែលខ្ញុំត្រូវការរៀនសូត្របន្ថែម ដើម្បីបំពេញនូវអ្វីដែលជាគោលដៅរបស់យើង”។
៤. បង្កើតឱកាសឱ្យខ្លួនឯង
ថ្លែងដល់ចំណុចនេះលោកស្រីបានលើកឡើងពីរឿងមួយដែលបានជាភាពចៃដន្យឱ្យលោកស្រីមានឱកាសបញ្ចេញទេពកោសល្យក្នុងការនិយាយធ្វើជាពិធីករបកប្រែភាសាឱ្យកម្មវិធីថ្នាក់ជាតិមួយ ព្រោះពិធីករស្រីផ្នែកបកប្រែអវត្តភ្លាមៗ គេក៏ស្នើឱ្យជំនួសព្រោះលោកស្រីចេះភាសាអង់គ្លេសបានច្រើនគួរសម។
បន្តជាមួយទឹកមុខរីករាយលោកស្រីបាននិយាយថា “កាលនោះបើខ្ញុំបដិសេធ ព្រោះនៅស្ទាក់ស្ទើរពីសម្ថតភាពខ្លួនឯង យល់ថាខ្លួនឯងនៅក្មេងពេក ម្ល៉េះពេលនេះខ្ញុំគ្មានឱកាសបានមានអ្នកស្គាល់ថាជាពិធីការិនីមានថ្វីមាត់ ក្នុងវិទ្យុនោះទេ”។
៥. រៀនពីការធ្វើ
“គ្មានអ្វីដែលធ្វើមិនបាននោះទេ ឱ្យតែយើងដាក់ចិត្តធ្វើ” សហគ្រិនរូបនេះបានឱ្យដឹងថាពីមុនលោកស្រីជាមនុស្សម្នាក់ដែលមិនចេះលក់ទេ មិនចេះធ្វើទីផ្សារទេ មិនទាំងស្គាល់ផលិតផលច្បាស់ទៀត ប៉ុន្តែអ្វីដែលធ្វើឱ្យលោកស្រីអាចបើកអាជីវកម្មបានគឺ រៀនពីការធ្វើ់ ធ្វើសិនទើបចេះ រៀនបណ្តើរធ្វើបណ្តើរ ខុសកែៗកែរហូតដល់ត្រូវ បើផ្លូវនេះដើរមិនកើតរកផ្លូវផ្សេងទៀតដើរទាល់តែកើត។
យ៉ាងណាមិញឆ្លងតាមបទពិសោធន៍របស់លោកស្រីអគ្គនាយិកា ឃួន សុជាតា ដែលស្ថាបនិក Matata Farm លោកស្រីបានចាប់ផ្តើមឈប់ធ្វើការឱ្យគេនៅឆ្នាំ២០១៩ មករកស៊ីខ្លួនឯង ទោះបីការចាប់ផ្តើមជាអាជីវកម្មអនឡាញ លោកស្រីមិនចេះជំនាញលក់ ខ្វះជំនាញលើផលិតផលធ្វើឱ្យជួបការលំបាកច្រើនយ៉ាងណាក៏ដោយ ក៏លោកស្រីនៅតែអាចឈរជើងបាន ព្រោះមានក្បួនធ្វើការ មានក្បួនដឹកនាំខ្លួនឯងបានច្បាស់លាស់៕
អត្ថបទដោយ៖ ពីង ជូអេង