គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំលើកទី៤កាលពីថ្ងៃទី២៣ ខែកក្កដា ដើម្បីពិនិត្យ ផ្តល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងនិង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំក្រសួង-សា្ថប័ន, ឯកឧត្តម-លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយ លោក ស៊ឺម៉ា សែវ (SIMA XIAO) នាយកនៃវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen -UPDIS)។
សេចក្តីព្រាង«ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» មានចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា ៖
ទី១- គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្តល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ត ។
ទី២- ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្ត្របៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង៕