លោកម៉ាស្លូ ប្រាប់ពីតម្រូវការចាំបាច់ ៥ របស់មនុស្ស អាចគាស់សក្ដានុពលបុគ្គលិកឱ្យខំប្រឹងធ្វើការ
ឡុង វឌ្ឍនៈMAY 22 20227.3 K views

ទ្រឹស្ដីលោកម៉ាស្លូទាក់ទងនឹងការបែងចែកតម្រូវការទាំង៥ របស់មនុស្ស បានក្លាយជាទ្រឹស្ដីដ៏ល្បីល្បាញបំផុតមួយ ដែលយើងអាចច្នៃវាយកទៅប្រើក្នុងការធ្វើជំនួញ ការដឹកនាំមនុស្ស ដើម្បីលើកទឹកចិត្តមនុស្សឱ្យខំប្រឹងបំពេញការងារឱ្យអស់ពីសក្ដានុពលផងដែរ។ ដោយឡែកនៅក្នុងថ្ងៃនេះយើងនឹងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅជាពិសេស គឺការប្រើវាទៅលើកទឹកចិត្តបុគ្គលិកឱ្យបំពេញការងារឱ្យអស់ពីសក្ដានុពលរបស់ខ្លួន។ ​

១. តម្រូវការផ្នែកសរីរ

វាជាតម្រូវការមូលដ្ឋានដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់ដើម្បីអាចរស់រានមានជីវិត។ នៅក្នុងតម្រូវការដំបូងនេះគឺមានដូចជា៖ ទីជម្រក អាហារ ទឹក ខ្យល់អាកាស សុខភាពល្អ សម្លៀកបំពាក់ ថ្នាំសង្កូវ ការគេងឱ្យគ្រប់គ្រាន់...។ តម្រូវការទាំងអស់នេះគឺសំខាន់ខ្លាំងបំផុត ហើយទាល់តែមនុស្សម្នាក់អាចបំពេញតម្រូវការផ្នែកសរីររបស់ខ្លួននេះបានសមរម្យជាមុនសិន ទើបគាត់អាចមានតម្រូវការជាបន្តបន្ទាប់ទៀត។ នៅក្នុងផ្នែកនេះ បើអ្នកជាមេដឹកនាំអ្នកគប្បីមើលថែបុគ្គលិក ឬលើកទឹកចិត្តបុគ្គលិកដោយមើលថា តើតម្រូវការផ្នែកសរីររបស់បុគ្គលិកម្នាក់នេះបានល្អគ្រប់គ្រាន់ហើយឬនៅ? ប្រសិនបើមិនទាន់បានពេញលេញទេ អ្នកអាចលើកទឹកចិត្តបុគ្គលិកអ្នក ដោយជួយបំពេញតម្រូវការផ្នែកនេះតាមលទ្ធភាពដែលអាចធ្វើបាន។

២. តម្រូវការផ្នែកសុវត្ថិភាព

 បន្ទាប់ពីបំពេញតម្រូវការទី១បានសមរម្យហើយ មនុស្សត្រូវការតម្រូវការផ្នែកទី២នេះគឺតម្រូវការផ្នែកសុវត្ថិភាព​ ដែលនេះមានន័យថាមនុស្សចង់រស់នៅដោយសុខសុវត្ថិភាពផ្នែករាងកាយ មិនមានការរំលោភបំពាន គម្រាមកំហែង មិនមានអំពើហិង្សា...) សុខសុវត្ថិភាពផ្នែកផ្លូវអារម្មណ៍មិនមានសេចក្ដីភ័យខ្លាច សុខសុវត្ថិភាពផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលអាចមានប្រាក់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត និងសុខមាលភាពក្នុងការរស់នៅ ដែលមានន័យថារស់នៅសុខទាំងកាយសប្បាយទាំងចិត្តជាដើម។

៣.  តម្រូវការសេចក្តីស្រឡាញ់និងសេចក្តីត្រូវការក្នុងសង្គម

នៅពេលដែលតម្រូវការទី១ និងទី២បានបំពេញហើយ មនុស្សនឹងឈានចូលដល់តម្រូវការទី៣ គឺតម្រូវការសេចក្តីស្រឡាញ់និងសេចក្តីត្រូវការក្នុងសង្គម ដែលសម្ដៅទៅលើតម្រូវការផ្នែកផ្លូវអារម្មណ៍ ដែលមនុស្សត្រូវការសេចក្ដីស្រលាញ់ និងទទួលការស្រលាញ់ពីមនុស្សជុំវិញខ្លួន រួមទាំងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដូចជា គ្រួសារ មិត្តភក្តិ មិត្តរួមការងារជាដើម។​

៤. តម្រូវការផ្នែកការគោរពឱ្យតម្លៃ

តម្រូវការទី៤របស់មនុស្សនេះ គឺចង់ទទួលបានការគោរពឱ្យតម្លៃ ការកោតសរសើរ ការទទួលស្គាល់ស្នាដៃ ការយកចិត្តទុកដាក់ ចង់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ការធ្វើឱ្យមានជំនឿជាក់លើខ្លួនឯងជាដើម។ ជាឧទាហរណ៍ឱ្យងាយយល់ ដោយសារតែមនុស្សចង់ទទួលបានការគោរពឱ្យតម្លៃ ការកោតសរសើរនេះហើយបានជាមនុស្សខំប្រឹងប្រែងធ្វើការបង្កើតស្នាដៃ ខំប្រើប្រាស់របស់ថ្លៃៗ ស្លៀកពាក់ស្អាតសង្ហា ដើម្បីទទួលបានការគោរពការចាប់អារម្មណ៍ពីអ្នកដទៃ។

៥. ការសម្រេចនូវក្ដីប្រាថ្នាផ្ទាល់ខ្លួន

មនុស្សគ្រប់រូបតែងតែមានក្ដីប្រាថ្នាផ្ទាល់ខ្លួន ហើយនៅក្នុងចំណុចចុងក្រោយនេះ គឺសម្ដៅការលើកទឹកចិត្តបុគ្គលម្នាក់នោះ ឱ្យគាត់អាចសម្រេចគោលដៅរបស់គាត់ថាចង់ក្លាយទៅជានរណាម្នាក់ ចង់ទទួលបានអ្វី ចង់ពង្រឹងជំនាញអ្វីខ្លះជាដើម។ ពេលខ្លះមនុស្សមានតម្រូវការច្រើន ហើយក្នុងនាមជាមេដឹកនាំ ដែលអាចជួយជ្រោមជ្រែងបុគ្គលិកខ្លួនឱ្យសម្រេចរាល់បំណងប្រាថ្នាដែលគាត់ប៉ង ក៏ជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយផងដែរ។

ជារួមមកវិញ ក្នុងនាមជាមេដឹកនាំ ប្រសិនបើអ្នកចង់លើកទឹកចិត្តនរណាម្នាក់ឱ្យខំប្រឹងធ្វើការខ្លាំង អ្នកគួរតែចេះស្ទាបស្ទង់ពីតម្រូវការរបស់បុគ្គលម្នាក់នោះថា តើគាត់កំពុងតែខ្វះខាត ឬមានតម្រូវការអ្វី នៅក្នុងផ្នែកណា ដើម្បីអាចចាក់ឱ្យត្រូវចំអ្វីដែលពួកគាត់ចង់បាន ទើបក្លាយជាថាមពលឱ្យគាត់អាចគាស់សក្ដានុពល ថាមពល កម្លាំងចិត្តក្នុងការបំពេញការងារឱ្យបានខ្លាំងក្លាបាន៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia