នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលពិភពលោកត្រូវបានរាតត្បាតដោយជំងឺកូវីដ១៩ បានធ្វើឱ្យការប្រើប្រាស់បច្ចេកវិទ្យា QR Code កាន់តែមានការពេញនិយមកាន់តែខ្លាំងទ្វេដង ព្រោះវាមានភាពលឿន រហ័ស និងងាយស្រួល។ បច្ចេកវិទ្យាសាមញ្ញៗ ប៉ុន្តែក៏មានភាពទំនើបបង្កប់ចូលផងនោះ ត្រូវបានគេរកឃើញ២៨ឆ្នាំមកហើយ ប៉ុន្តែនរណាជាអ្នកបង្កើតវាងឡើងមក?
បច្ចេកវិទ្យា QR code (Quick response code ) ត្រូវបានរកឃើញឡើងនៅឆ្នាំ១៩៩៤ ដោយបុរសជនជាតិជប៉ុនឈ្មោះ Masahiro Hara មកពីក្រុមហ៊ុនជប៉ុន Denso Wave ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន។ ការរចនាដំបូងត្រូវបានជះឥទ្ធិពល ការលេងហ្កេមបំណែកខ្មៅ និងសនៅលើបន្ទះ Go Board។
មុនពេលដែលនឹកឃើញគំនិតនេះ លោកមានប្រសាសន៍ថា ក្នុងនាមជាអ្នកដែលបានជួយអភិវឌ្ឍកម្មវិធីអានបាកូដនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំដឹងថាវិធីសាស្ត្រនេះមានដែនកំណត់របស់វា។ លោក Hara ដែលជាប្រធានវិស្វករនៅក្នុងក្រុមហ៊ុនបាននិយាយនៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅខេត្ត Aichi ភាគកណ្តាលប្រទេសជប៉ុនថា “ការអានបាកូដជាច្រើនក្នុងមួយថ្ងៃគឺគ្មានប្រសិទ្ធភាពទេ ហើយកម្មករមានការធុញទ្រាន់នឹងការស្កេនប្រអប់ជាច្រើនដង" ។ "យើងបានបង្កើតកម្មវិធីអានបាកូដអស់រយៈពេល១០ ឆ្នាំមកហើយ ដូច្នេះយើងមានចំណេះដឹងច្រើនអំពីវា។ ខ្ញុំកំពុងសម្លឹងមើលក្តារបន្ទះ ហើយគិតថារបៀបដែលថ្មដាក់ជាជួរនៅតាមក្រឡាចត្រង្គ… អាចជាមធ្យោបាយដ៏ល្អក្នុងការបញ្ជូនព័ត៌មានជាច្រើនក្នុងពេលតែមួយ”។ ដូច្នេះគំនិតដែលផុសចេញពីការលេងអុកនោះ ក៏នាំឱ្យ QR Code ចាប់ផ្ដើមចាប់កំណើតឡើង។
ចំពោះគោលបំណងដំបូងនៃការបង្កើតវាឡើង គឺដើម្បីតាមដានដំណើរការយានយន្តកំឡុងពេលផលិត។ វាត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យស្កេនសមាសធាតុដែលមានល្បឿនលឿន។ ក្រោយមកបច្ចេកវិទ្យានេះ ត្រូវបានគេយកមកបំបែកប្រើប្រាស់លើវិស័យជាច្រើនទៀតដូចជា ក្នុងការទូទាត់ប្រាក់ ការប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ការបង្ហាញម៉ឺនុយ និងប្រើលើកិច្ចការងារជាច្រើនទៀត។
ចំពោះប្រវត្តិរបស់ស្ថាបនិកបច្ចេកវិទ្យានេះវិញ លោក Masahiro Hara បានកើតនៅឆ្នាំ១៩៥៧ គាត់បានសិក្សាផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចនៅសាកលវិទ្យាល័យ Hosei ព្រមទាំងបានបញ្ចប់ការសិក្សានៅឆ្នាំ១៩៨០។ ក្រោយមកលោកក៏បានបម្រើការងារជាវិស្វករ នៅក្នុងក្រុមហ៊ុន Denso Wave ដែលជាទីកន្លែងដែលធ្វើឱ្យលោករកឃើញរបកគំហើញថ្មីនេះផងដែរ។ បច្ចុប្បន្ន របកគំហើញរបស់លោក បានធ្វើឱ្យលោកមានភាពល្បីល្បាញ និងត្រូវបានរោចចក្រសហគ្រាសនានាបានយកទៅប្រើប្រាស់បន្តរហូតដូចបច្ចុប្បន្ន ព្រមទាំងទទួលបានពានរង្វាន់ លើរបកគំហើញរបស់លោកពីសហគមអឺរ៉ុប ឈ្មោះថា European Inventor Award ផងដែរ៕