មនុស្សជាច្រើនមានទម្លាប់ភ្ញាក់ពីដំណកជាមួយនឹងការមើលទូរស័ព្ទ ព្រោះការងារភាគច្រើនសុទ្ធតែផ្សាភ្ជាប់ជាមួយអ៊ីនធឺណែត។ ដោយឡែកកាលពីពេលថ្មីៗនេះដែរមេធំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលោក Mark Zuckerberg បានបង្ហាញអំពីទម្លាប់មួយដែលធ្វើឱ្យខ្លួនបាត់ស្រ្តេសជំនួសឱ្យការកាន់ទូរស័ព្ទពេលភ្ញាក់ពីដំណេកនាពេលព្រឹក។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider ។
មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg បានថ្លែងនៅលើ Podcast មួយកាលពីថ្ងៃទី២៥ ខែសីហា នេះថាខ្លួនមានទម្លាប់អាចធ្វើឱ្យបាត់ស្រ្តេស គឺការដែលមិនកាន់ទូរស័ព្ទយកមកមើលនៅពេលភ្ញាក់ពីគេង។ ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន Meta គឺមានតួនាទីច្រើនដូច្នេះហើយគឺលោកតែងតែក្រោកឡើងពីដំណេកមកជាមួយសារក្បែរ១លាន នៅក្នុងទូរស័ព្ទដៃដែលធ្វើឱ្យត្រូវកាន់មកមើល ដែលវាជាកត្តាមួយនាំឱ្យគាត់មានអារម្មណ៍មិនល្អ ដូចជាចុកពោះនៅពេលព្រឹកអ៊ីចឹងដែរ ។
ជាមួយគ្នានេះដែរនៅលើវេទិកា "The Joe Rogan Experience" Mark បានបន្ថែមទៀតថា ការធ្វើលំហាត់ប្រាណមួយម៉ោងឬច្រើនជាងនេះរៀងរាល់ព្រឹកគឺអាចដោះស្រាយភាពតានតឹងនៃតួនាទីរបស់គាត់ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta បាន។ ក្នុងនោះគាត់បានលើកឡើងថា ខ្លួនចូលចិត្តលំហាត់ប្រាណ នាំឱ្យមានការផ្តោតអារម្មណ៍ពេញលេញ ដើម្បីដកចិត្តរបស់គាត់ចេញពីភាពស្រេ្តស។ គាត់បានបន្ថែមថា “ភ្ញាក់ពីដំណេកវាដាលពីពោះវៀនដូចចុកពោះអឹចឹងដែរ ឥឡូវខ្ញុំត្រូវកំណត់ខ្លួនឯងឡើងវិញដើម្បីអាចមានផលិតភាពការងារបានល្អ ដោយជំនួសមកវិញនៃការរត់នៅពេលព្រឹក វាធ្វើឱ្យខ្ញុំអាចគិតបានច្រើន”។
រំលឹកមកវិញផងដែរលោក Mark Zuckerberg ពីមុនចូលចិត្តការលេងកីឡាស្គីទឹក ខ្លាំងណាស់ ប៉ុន្តែគាត់បានបញ្ជាក់ថាថ្មីៗនេះគាត់បានចូលរួម MMA ដែលជាប្រភេទកីឡាក្បាច់គុនមួយជំនួសឱ្យការជិះស្គីនៅលើទឹកនៅឯកោះហាវ៉ៃ។
អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ )


