មហាសេដ្ឋី Mark Cuban ផ្តាំថា មុននឹងឈប់ធ្វើការ លោតចូលសមរភូមិអ្នករកស៊ី ត្រូវមានរបស់១នេះ
Ping Chou EngNOVEMBER 21 20231.2 K views

មុនរៀបអីវ៉ាន់ដើរចេញពីតុការិយាល័យដែលអ្នកធ្លាប់ធ្វើការ ហុចសំបុត្រលាឈប់ឱ្យមេរបស់អ្នក ហើយលួចគិតក្នុងចិត្តថាអ្នកនឹងចេញទៅរកស៊ី លោក​ Mark Cuban ជាមនុស្សម្នាក់ធ្លាប់ឈឺសុះសាច់ក្នុងសមរភូមិក្តៅនេះបានផ្តាំថា “ប្រសិនបើនរណាម្នាក់គិតចង់ឈប់ធ្វើការហើយចេញទៅរកស៊ី លោតចូលសមរភូមិនេះ ពួកគេត្រូវតែប្រាកដថាខ្លួនមានសំណាញ់សុវត្ថិភាពបំផុត១ទុកគ្រាន់ការពារខ្លួននោះគឺ “លុយសន្សំ” ។

 

សេដ្ឋីទ្រព្យ៥ពាន់លានរូបនេះបានឱ្យដឹងថា “អ្នកជំនាញហិរញ្ញវត្ថុភាគច្រើនបានលើកទឹកចិត្តថាយ៉ាងហោចណាស់លុយសន្សំរបស់យើង ត្រូវតែប្រើប្រាស់បានសម្រាប់រយៈពេល១២ខែមុនពេលយើងសម្រេចចិត្តឈប់ពីការងារ​ ដោយលុយចំណែក៦ខែសម្រាប់ការពារជីវភាពរស់នៅ ហើយលុយចំណែក៦ខែទៀតសម្រាប់ទប់ខាតក្នុងអាជីវកម្ម”។

 

បន្ថែមពីនោះលោក Cuban ក៏បានលើកទឹកចិត្តឱ្យអ្នកដែលចង់ចេញទៅរកស៊ីទាំងអស់គួរតែធ្វើការស្រាវជ្រាវ សួរអ្នកជំនាញ មានលុយសន្សំ មានលុយទប់ខាត និងមានផែនការគោលដៅអាជីវកម្មច្បាស់លាស់ជាមុនសិនសឹមសម្រេចចិត្តឈប់ពីការងាររត់តាមក្តីស្រមៃ ត្បិតមានមនុស្សច្រើនណាស់ដែលធ្វើការងារដែលពួកគេមិនពេញចិត្ត ព្រោះត្រូវបង្ខំចិត្តដាក់ពាក្យធ្វើការរកលុយចិញ្ចឹមក្រពះវិញបន្ទាប់ពីឈប់ពីការងារដែលខ្លួនស្រឡាញ់​ លោតចេញទៅរកស៊ីដោយមិនមានការត្រៀមខ្លួនទុកជាមុន។

 

ក្នុងនោះបើយោងតាមសិ្ថតិពី Bureau of Labor Statistics រ​បស់សហរដ្ឋអាមេរិកបានឱ្យដឹងថា២០% នៃអាជីវកម្មទើបចាប់ផ្តើមថ្មីថ្មោងមិនអាចឈរជើងបាននោះទេនៅឆ្នាំដំបូង ហើយពាក់កណ្តាលនៃទិន្នន័យខាងលើនេះមិនអាចធ្វើឱ្យអាជីវកម្មជោគជ័យបានទេក្នុងរយៈពេល៥ឆ្នាំ។ ដោយឡែកការស្ទង់មតិថ្មីៗនេះពីក្រុមហ៊ុន Morning Consult និង Samsung បានឱ្យដឹងថាអ្នកចង់ឈប់ធ្វើការហើយចេញរកស៊ីភាគរយជាងពាក់កណ្តាលគឺជាយុវជន​ GenZ ។

 

យ៉ាងណាមិញសហគ្រិនវ័យ៦៧ឆ្នាំរូបនេះក៏បានលើកឡើងថា “ទោះបីយើងមិនអាចធានាបាន១០០%ថាអ្វីមួយដែលយើងធ្វើនឹងជោគជ័យ គ្មានការប្រែប្រួល តែយើងអាចធានាបាននូវរឿងមួយនោះគឺយើងខ្លួនឯងអាចស្គាល់ខ្លួនឯងច្បាស់ជាងនរណាទាំងអស់ ថាខ្លួនអ្នកនឹងធ្វើអ្វី ហើយចូរធ្វើកិច្ចការទាំងនោះដោយដាក់បេះដូងចូលទៅដោយឥតងាករេ”។  

 

គួររំលឹកដែរថាលោក Mark Cuban គឺជាសហគ្រិនមួយរូបដែលដួលជាច្រើនលើកច្រើនសារ បាត់បង់ការងារ គេដេញចេញពីសាលា ដោយសារការរកស៊ី។

 

ប៉ុន្តែការបរាជ័យទាំងអស់នេះមិនបានធ្វើឱ្យលោកដើរថយក្រោយនោះទេ ពោលគឺលោកមានតែខិតខំធ្វើយ៉ាងណាប្រឹងប្រែងរៀបចំផ្លូវសម្រាប់ឱ្យការរកស៊ីទាំងនោះចំណេញ មានផ្លូវរស់ឡើងវិញបាន ហើយនាពេលបច្ចុប្បន្ននេះលោកបានរលាស់ខ្លួនក្លាយជាវិនិយោគិន ជាភាគហ៊ុនិកម្នាក់ ដេកចាយតែប្រាក់ចំណេញ និងធ្វើជាចាស់ទុំចែករំលែកចំណេះដឹង  ព្រមទាំងបទពិសោធន៍អាជីវកម្មដល់សង្គមប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia