អាជីវកម្មនៅថៃជាច្រើនកំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ខណៈ៣ឆ្នាំចុងក្រោយនេះ មានអាជីវកម្មជាង ៦០ម៉ឺនបានបិទទ្វារបន្តបន្ទាប់គ្នា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express ។
លោក Thaniwan Kulmongkol ប្រធានសមាគមភោជនីយដ្ឋានថៃបាននិយាយថា មូលហេតុដែលអាជីវកម្មជាច្រើនជួបនៅវិបត្តិធ្ងន់ធ្ងរបែបនេះដោយសារតែ មិនអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទីផ្សារ ខណៈអាជីវកម្មខ្លះនៅតែប្រកាន់ខ្ជាប់រកស៊ីបែបបុរាណ ដែលពិបាកកាន់តែខ្លាំងក្នុងការប្រកួតប្រជែងជាមួយគូប្រជែងទំនើបជាងមុន ដែលនាំឱ្យមានការខាតបង់ និងការបិទហាងជាយថាហេតុ។
លោកបានបន្តទៀតថា ស្ថានភាពបែបនេះបានក្លាយទៅជាការព្រួយបារម្ភជាពិសេសសម្រាប់ភោជនីយដ្ឋានធំៗ ព្រោះការកក់ទុកសម្រាប់ព្រឹត្តិការណ៍ធំៗបានថយចុះយ៉ាងខ្លាំង ដែលបណ្តាលឱ្យប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង។
ដើម្បីកុំឱ្យអាជីវកម្មនៅថៃធ្លាក់ចូលក្នុងវិបត្តិ ប្រធានសមាគមក៏បានជំរុញឱ្យម្ចាស់ភោជនីយដ្ឋាននៅថៃនាពេលបច្ចុប្បន្នេះគួរតែប្រើបច្ចេកវិទ្យា ដូចជាទីផ្សារអនឡាញ និងការបញ្ជាទិញតាមអ៊ីនធឺណិត។ ព្រោះការប្រើប្រាស់បច្ចេកវិទ្យាបន្ថែមទៀតក៏ជាបរិយាកាសដ៏ទាក់ទាញសំខាន់សម្រាប់ការទាក់ទាញអតិថិជនផងដែរ។
គួរបញ្ជាក់ថា Lineman Wongnai ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកលេខ១ នោថៃ បានរាយការណ៍ថាភោជនីយដ្ឋានថ្មីជាង ១០០,០០០ បានបើកនៅក្នុងឆ្នាំមុន កើនឡើង ១៣.៦% ដែលនាំឱ្យចំនួនភោជនីយដ្ឋានសរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៦៨០,១៩០ ។ ទោះជាយ៉ាងណាក៏ដោយ ភោជនីយដ្ឋានប្រហែល ៥០% បានបិទក្នុងរយៈពេលប្រាំមួយខែដំបូងនៅឆ្នាំ ២០២៤ នេះ៕