ជាដំណឹងដ៏រីករាយមួយ សម្រាប់អតិថិជនផ្សារម៉ាក្រូ (Makro) ពិសេសអ្នកនៅតំបន់ជ្រោយ ខណៈផ្សារទំនើបមួយនេះ នឹងបើកដំណើរការសាខាថ្មីរបស់ខ្លួននៅថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមការបញ្ជាក់ ផ្សារថ្មីនេះមានទីតាំងស្ថិតនៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផ្សារថ្មីនៅលើទឹកដីជ្រោយចង្វារនេះ ត្រូវបានចំណាយទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាមេរិក ដោយទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីអំឡុងខែ ឧសភា ឆ្នាំ២០២២ កន្លងទៅ។ ហើយផ្សារថ្មីនេះទៀតសោតក៏នឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ១៦១ កន្លែងផងដែរ។
សូមជម្រាបថា នេះគឺជាសាខាទី៣ ហើយសម្រាប់ផ្សារទំនើបម៉ាក្រូ នៅលើកទឹកដីកម្ពុជា ខណៈកន្លងមកផ្សារល្បីឈ្មោះមួយនេះបានបើកដំណើរសាខា ២ កន្លែងផ្សេងគ្នា ដោយ ១ កន្លែងនៅខេត្ដសៀមរាប និង ១ កន្លែងទៀតនៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌសែនសុខ ក្រោយឈានជើងចូលទីផ្សារកម្ពុជាកាលពីឆ្នាំ២០១៧៕
អត្ថបទ៖ កឹម ប៊ុនធឿន