សម្រាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅពេលដែលប្រជាពលរដ្ឋទុករហូតដល់ផុតសុពលភាពគឺមិនអាចប្រើប្រាស់ជាផ្លូវការក្នុងការស្នើសុំសេវាផ្សេងៗបានទេ ដូច្នេះហើយកុំរង់ចាំដល់ពេលផុត ឬត្រូវការប្រើទើបមកធ្វើ។ ជាមួយគ្នានោះដែរ នៅក្នុងករណីនេះ ឯកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា “អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចថតធ្វើមុនផុតសុពលភាព ក្រោម ១៨០ថ្ងៃ (៦ខែ)បាន” ។
នៅក្នុងនោះដែរ លោក ឧត្តមសេនីយ៍ បានបន្ថែមទៀតថា ចំពោះឯកសារដែលត្រូវយកទៅនោះមានដូចជា៖ អត្តសញ្ញាណបណ្ណចាស់តែមួយ ឬបើប្តូរអាសយដ្ឋាន ត្រូវភ្ជាប់សៀវភៅស្នាក់នៅថ្មីផងដែរ។ ចំណែកអ្នកនៅភ្នំពេញអាចទៅធ្វើនៅអ៊ីអន២ ឬអ៊ីអន៣ ចំណែកអ្នកនៅខេត្តវិញគឺអាចធ្វើនៅអធិការដ្ឋាន ឬស្នងការដ្ឋាននគរបាលបាន។
គួរបញ្ជាក់ថា រយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ឬលើសនេះបន្តិចបន្តួច សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការ Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕