ចំណូលបន្ថែមខ្ទង់ពាន់ដុល្លារ អាចរកបានគ្រាន់តែប្រើទូរស័ព្ទដៃមួយគ្រឿងដែលអ្នកមាន ធ្វើការនៅកន្លែងណាក៏បាន ស្តាប់ទៅហាក់មិនគួរឲ្យជឿតែវាជាការពិត។ ខាងក្រោមនេះគឺជារបៀបទាញលុយក្នុងយុគសម័យត្រចៀកទិព្វភ្នែកទិព្វពី App ធំៗ៣ កំពុងផ្ទុះការពេញនិយមបំផុតលើពិភពលោករួមទាំងកម្ពុជា ដោយគ្រាន់តែប្រើទូរស័ព្ទដៃប៉ុណ្ណោះ៖
១/. Facebook
សម្រាប់បណ្តាញសង្គមមួយនេះអ្នកប្រើប្រាស់អាចមានច្រើនច្រកក្នុងការបង្កើតចំណូលពីវា។ ទីមួយ Ads Break ជាការផលិតវីឌីអូដែលមានអ្នកមើលច្រើន យើងអាចបើករកលុយពី Facebook បានតាមរយៈការដាក់ពាណិជ្ជកម្មនៅលើវីឌីអូទាំងនោះ។ ទីពីរ Instant Articles ជាការសរសេរអត្ថបទដោយយក Ads ពី Facebook។ ទីបី Streamer/Gamer ជាការរកលុយពី Facebook ដោយ Live game ហើយអ្នកចូលចិត្តគេនឹងផ្ញើ Star មកឲ្យយើង ហើយយើងអាចយក Star នោះទៅដូរយកលុយ និងអាចមានច្រកផ្សេងៗទៀត ប៉ុន្តែច្រកទាំងបីនេះមានការពេញនិយមខ្លាំងសម្រាប់អ្នកនិយមចូលចិត្តរកលុយតាម Facebook នៅប្រទេសកម្ពុជាយើង។
យ៉ាងណាមិញ ដើម្បីអាចរកលុយពី Facebook បានអ្នកត្រូវបំពេញតាមលក្ខខណ្ឌចំនួន៤គឺ (១)ត្រូវមានហ្វេសប៊ុកផេក និងផុសវីដេអូឱ្យបានទៀតទាត់ (២)ត្រូវមានអ្នក Followers ចាប់ពី ១០,០០០ ឡើងទៅ (៣)មានអ្នកមើលវីដេអូរយៈពេល ៦០០,០០០ (៦០ម៉ឺន)នាទី ក្នុងរយៈពេល៦០ថ្ងៃ និង(៤)ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Facebook បាន។ ក្នុងនោះយោងតាមគេហទំព័រ GAMESPEC ដែលដកស្រង់ពីរបាយការណ៍អ្នកត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា អ្នកផលិតវីឌីអូនៅអាស៊ីអាចរកចំណូលបានជាមធ្យម ៥ដុល្លារ ខណៈនៅអឺរ៉ុប អ្នកបង្កើតមាតិកាអាចរកបានចន្លោះពី ៣-៩ដុល្លារ ក្នុង 1K VIEWS។
២/. Youtube
មានមនុស្សមិនក្រោមលាននាក់ទេដែលចូលមើលវីឌីអូក្នុង Youtube មួយថ្ងៃៗ ហើយក្នុងចំណោមមនុស្សទាំងអស់នោះអាចនឹងមានអ្នកម្នាក់ផងដែរ។ ប្រសិនបើចង់ធ្វើការទាញចំណូលពីវា អ្នកអាចចាប់ផ្តើមផលិតប្រភេទវីឌីអូដែលខ្លួនចូលចិត្ត ទៅតាមទេពកោសល្យ និងជំនាញរបស់អ្នក បន្ទាប់មកអ្នកអាចធ្វើការ Upload វីឌីអូទាំងនោះនៅក្នុង Youtube។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Business Insider បានឱ្យបង្ហាញថា ប្រាក់ចំណូលដែលរកបានពី Youtube ជាទូទៅបានតាមរយៈ ការឧបត្ថម ការលក់ទំនិញ និងមួយផ្នែកធំបានពីស្ពតពាណិជ្ជកម្មដែលដាក់ដោយ Google។ រីឯលក្ខខណ្ឌដែលអាចរកលុយបានគឺ មានចំនួន Subscribers ១ពាន់នាក់ និងចំនួនមើលមាន ៤ពាន់ម៉ោងក្នុង១ឆ្នាំទើបចាប់ផ្តើមអាចរកលុយបាន។
ប្រភពដដែលបានបន្តថា តាមរបាយការណ៍សម្ភាសន៍របស់ពួកគេជាមួយអ្នកធ្វើវីឌីអូ Youtube បាននិយាយថា ជាទូទៅពួកគេអាចរកបានចន្លោះពី ២ដុល្លារ ទៅ ១២ដុល្លារ ក្នុងចំនួនអ្នកមើល ១K ឬ ១,០០០ដង ដែលចំនួននេះជាទិន្នន័យស្រង់ពីបរទេសដោយឡែកសម្រាប់នៅស្រុកខ្មែរ យ៉ាងណានោះក៏មិនទាន់បង្ហាញជាក់លាក់នៅឡើយនោះទេ។
៣/. Tik Tok
បើតាមគណនីហ្វេសប៊ុក Austin Armstrong ដែលរស់នៅក្នុងប្រទេសអូស្រ្ដាលី បានចែករំលែកបទពិសោធន៍ថា តាមរយៈកម្មវិធី «Creativity Program Beta» លោកអាចរកលុយពី TikTok បាន ០.៩៩ដុល្លារ រាល់ពេលដែលមានអ្នកមើលវីឌីអូរបស់លោក ១,០០០ដង។ ក្នុងនោះដើម្បីអាចរកចំណូលវីឌីអូនៅលើ TikTok តាមរយៈកម្មវិធី Creativity Program Beta បាន គឺត្រូវមានគណនី TikTok ដែលមានអ្នកតាមដាន ១០,០០០ Followers និងមានយ៉ាងតិច ១០០,០០០views ក្នុងអំឡុងពេល៣០ថ្ងៃ។ ហើយម្ចាស់គណនីត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦