ក្រោយឈរជើងរកស៊ីអស់រយៈពេលជាង ១០០ឆ្នាំ ទីបំផុតយីហោហាងលក់ទំនិញដ៏ល្បីមួយរបស់អាមេរិកឈ្មោះ Macy’s សម្រេចកាត់ចិត្តកាត់បុគ្គលិកបុគ្គលិកជាង ២ពាន់នាក់និងបិទសាខាជាបន្តបន្ទាប់ ក្រោយមានវិបត្តិសេដ្ឋកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់ការងាររកស៊ីរហូតធ្វើឱ្យឈានដល់ដំណាក់ការនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Fox Business
បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមហ៊ុន Macy’s លោក Chris Grams បានឱ្យដឹងថា ចំពោះការបិទសាខាចំនួន ៥និងការកាត់បុគ្គលិក ២,៣៥០ នាក់ នេះត្រូវបានធ្វើឡើងក្រោមហេតុផលធំមួយគឺ ក្រុមហ៊ុនមានបំណងចង់ធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តរកស៊ីថ្មីដើម្បីទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចដ៏តានតឹងនេះ ព្រោះមនុស្សភាគច្រើនបានងាកចេញពីការដើរផ្សារហើយចាប់អារម្មណ៍ទៅលើការទិញទំនិញតាមប្រព័ន្ធអនឡាញវិញដូចជា Amazon ជាដើម ហេតុនេះ Macy’s ចាំបាច់ត្រូវផ្លាស់ប្តូររបៀបរកស៊ីដើម្បីបត់ឱ្យទាន់អ្នកប្រើប្រាស់។
ប្រភពដដែលនេះបានបញ្ជាក់បន្ថែមផងដែរថា ការបញ្ឈប់នេះមិនមែនជាសញ្ញាមិនល្អនៃការរកស៊ីរបស់ Macy’s នោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរថ្មីដើម្បីប្រកួតប្រជែងជាមួយហាងលក់រាយធំៗដូចជា Target និង Walmart ប៉ុណ្ណោះ ហើយនៅពេលខាងមុខ Macy’s នឹងពង្រីកសាខាថ្មីបន្ថែមឡើងវិញខណៈបច្ចុប្បន្ននេះ Macy’s មានសាខាសរុបនៅប្រមាណជា ៥០៨ ទីតាំងនិងមានបុគ្គលិកធ្វើការសរុបចំនួន ៩៤,០០០នាក់ និងប្រាក់ចំណូលប្រចាំឆ្នាំ ២៥,៣ ពាន់លានដុល្លារគិតត្រឹមខែមករា ឆ្នាំ ២០២៣។
គួរបញ្ជាក់ផងដែរថា Macy’s គឺជាហាងទំនិញដ៏ធំបំផុតមួយរបស់អាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៨ដោយ Rowland Hussey Macy ដែលគិតមកដល់ពេលបច្ចុប្បន្ននេះគឺមានអាយុកាល ១៦៦ឆ្នាំហើយ៕