ការយកផលិតផលទៅដាក់លក់នៅក្នុងផ្សារទំនើបគឺមិនងាយស្រួលឡើយ ដោយសារតែត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទម្រាំតែគេសម្រេចចិត្តជ្រើសផលិតផលយើងទៅដាក់លក់នៅកន្លែងគេបាន។ ប៉ុន្តែ ដើម្បីឱ្យបងប្អូនប្រជាជនខ្មែរដែលមានផលិតផលល្អ ហើយចង់យកទៅលក់នៅក្នុងផ្សារទំនើបដូចគេ ម្ចាស់សិប្បកម្មផលិតសាច់ក្រកចាស់វស្សា ១រូប នៅខេត្តសៀមរាបក៏បានបង្ហើបពីក្បួនមួយចំនួនដែលធ្វើឱ្យផ្សារទំនើបចាំទទួលយកដៃពីរ។
លោក យ៉ែម ស្រ៊ុន បច្ចុប្បន្នគឺជាម្ចាស់សិប្បកម្មផលិតសាច់ក្រកលីធាងសេង ដែលរបរនេះលោកបានបន្តធ្វើតាំងពីជំនាន់ជីតារបស់គាត់មកម្លេះ។ នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហម លោក យ៉ែម ស្រ៊ុនបាននិយាយថា ចំពោះហាងសាច់ក្រក លីធាងសេង ចាប់ផ្តើមរកស៊ីបានជាង៤០ឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះបានវិវត្តន៍ក្លាយទៅជាសិប្បកម្មផលិតសាច់ក្រកធំ១ក្នុងខេត្តសៀមរាប។
ដោយសារតែរកស៊ីបានយូរឆ្នាំបែបនេះហើយផលិតផលក៏កាន់តែល្បីរហូតធ្វើឱ្យសាច់ក្រក លីធាងសេង អាចដាក់លក់ក្នុងផ្សារទំនើបដូចជា៖ Makro ,Fair Plus, AEON, Chip Mong ,Angkor Market និងផ្សារទំនើបជាច្រើនទៀត នៅក្នុងនោះដែរ ម្ចាស់សិប្បកម្មខាងលើក៏បានបង្ហើបពីក្បួនទាំង៨ ដែលម្ចាស់អាជីវកម្មគ្រប់រូបគួរធ្វើប្រសិនជាចង់យកផលិតផលទៅដាក់លក់ក្នុងផ្សារទំនើបបាន៖
១. ម្ចាស់អាជីវកម្មទាំងអស់ត្រូវមានឯកសារច្បាស់លាស់ដូចជា៖ ក្រសួងពាណិជ្ជកម្ម, ប័ណ្ណប៉ាតង់, ចបផ, ក្រសួងឧស្សាហ៍កម្ម និងឯកសារពាក់ព័ន្ធមួយចំនួនទៀត
២. ផលិតផលត្រូវមានការវេចខ្ចប់ល្អប្រកបដោយស្តង់ដារបច្ចេកវិទ្យាទាន់សម័យ
៣. ត្រូវចេះមានទំនាក់ទំនងល្អព្រមទាំងសេវាកម្មល្អ
៤. មានសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត
៥. ត្រូវចេះគិតពីរបៀបទូទាត់ និងរយៈពេលទូទាត់
៦.ព្យាយាមសហការជាមួយដៃគូ(តាមដែលអាចធ្វើទៅបាន)
៧.យល់ពីទីផ្សារច្បាស់លាស់
៨. ដឹងពីលទ្ធភាពផលិតច្បាស់លាស់
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសិប្បកម្មផលិតសាច់ក្រកលីធាងសេង ក្រៅពីដាក់លក់ក្នុងផ្សារទំនើបក៏មានទីតាំងនៅភ្នំពេញ(ផ្លូវ២៧១) សៀមរាប (ផ្លូវផ្សារក្រោម) សៀមរាប (ផ្លូវជាតិលេខ៦) ហើយក៏មានលក់មុខទំនិញដូចជា សាច់ក្រកសាច់ជ្រូក សាច់ក្រកសាច់គោ សាច់គោងៀតបន្ទះ សាច់គោងៀតពិសេស សាច់ជ្រូកងៀតបន្ទះ សាច់ត្រីឆ្តោងៀត សាច់ជ្រូកផាត់ សាច់ត្រីផាត់៕
អត្ថបទ៖ ធី ស្រីល័ក្ខ