នៅក្នុងបរិបទសម័យទំនើប គឺតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវមានភាពបតបែនដើម្បីឲ្យអាជីវកម្មរបស់ខ្លួនអាចដំណើរការទៅមុខដោយរឹងមាំបាន។ ទាក់ទងនឹងបញ្ហានេះដែរ នៅក្នុងជំនួបមហារគ្រួសារ ជីប ម៉ុង ដ៏ធំប្រចាំឆ្នាំ 2026 លោកជំទាវ លី សុខចេង ដែលជាកូនស្រីពៅរបស់លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងនូវប្រធានបទមួយស្តីពី «របៀបជំរុញប្រសិទ្ធភាពការងារប្រចាំថ្ងៃក្នុងបរិបទសម័យទំនើប» ដោយបានផ្តល់នូវទស្សនទាន និងគន្លឹះជាយុទ្ធសាស្ត្រចំនួន ៣ ដើម្បីជួយឱ្យស្ថាប័ន និងក្រុមការងារអាចដើរទៅមុខបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវបានចាប់ផ្តើមបទបង្ហាញដោយការរំលឹកជាឧទាហរណ៍អំពីមេរៀនដ៏ធំនៃក្រុមហ៊ុនទូរសព្ទចល័តដ៏ល្បីល្បាញមួយកាលពីអតីតកាល ដែលធ្លាប់តែត្រូវបានមនុស្សគ្រប់គ្នាគិតថាមិនអាចដួលរលំបាន ប៉ុន្តែចុងក្រោយត្រូវបាត់បង់ឱកាសនៅលើទីផ្សារ។ លោកជំទាវបានសង្កត់ធ្ងន់ថា ការដួលរលំនោះមិនមែនដោយសារខ្វះធនធានមនុស្សឆ្លាតវៃនោះទេ ប៉ុន្តែគឺដោយសារតែការខ្វះសមត្ថភាពក្នុងការ «សម្របខ្លួនឱ្យបានលឿន» ទៅនឹងការផ្លាស់ប្តូរនៃពិភពលោក។ ផ្អែកលើមូលដ្ឋាននេះ លោកជំទាវ លី សុខចេង បានណែនាំនូវគន្លឹះសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
១. ការធ្វើការងារដោយឆ្លាតវៃ
លោកជំទាវបានពន្យល់ថា ក្នុងសម័យកាលបច្ចុប្បន្ន ភាពឧស្សាហ៍ព្យាយាម ឬការធ្វើការងារច្រើនក្នុងពេលតែមួយ (Efficiency) គឺមិនទាន់គ្រប់គ្រាន់នោះឡើយ ប្រសិនបើបុគ្គលិកម្នាក់ៗមិនចេះភ្ជាប់ខ្លួនឯងទៅនឹងបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ការធ្វើការងារដោយឆ្លាតវៃ ទាមទារឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត ហ៊ានរៀនសូត្រអ្វីដែលថ្មី និងពន្លឿនការសម្រេចចិត្តក្នុងការដោះស្រាយបញ្ហាជូនអតិថិជន។
លោកជំទាវបានលើកឧទាហរណ៍អំពីក្រុមការងារផ្នែកលក់ ដែលចុះទៅដល់ទីផ្សារផ្ទាល់ គឺត្រូវចេះប្រើប្រាស់ឧបករណ៍ទំនាក់ទំនងទំនើបៗដូចជា ហៅទូរស័ព្ទ ឬ Telegram ដើម្បីរាយការណ៍ និងដោះស្រាយបញ្ហាភ្លាមៗ ដោយមិនចាំបាច់រង់ចាំរហូតដល់មកជួបគ្នានៅការិយាល័យនោះឡើយ។
២. កាត់បន្ថយការងារបែបប្រពៃណី និងការបង្កើតវិន័យផ្ទាល់ខ្លួន
គន្លឹះទីពីរកំណត់លើការកែប្រែទម្លាប់ការងារ ដោយកាត់បន្ថយការងារដែលធ្វើដោយដៃ (Manual) ហើយជំនួសមកវិញនូវការបង្កើនប្រសិទ្ធភាពការងារ (Effective)។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានក្រើនរំលឹកដល់សហការីទាំងអស់នូវប្រសាសន៍ថ្នាក់នាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ដែលធ្លាប់បានដាស់តឿនថា៖ «គ្មានភាពជោគជ័យណា កើតចេញពីសំណាងនោះទេ»។
លោកជំទាវបានឧទាហរណ៍អំពី បុគ្គលិកលក្ខណៈរបស់កំពូលកីឡាករបាល់ទាត់ពិភពលោក Cristiano Ronaldo ដែលជាគំរូនៃបុគ្គលមានវិន័យ (Discipline) ខ្ពស់បំផុត ដោយតែងតែគោរពកាលវិភាគយ៉ាងហ្មត់ចត់។ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាចកើតឡើងតាមរយៈការបួងសួងនោះទេ លុះត្រាតែបុគ្គលម្នាក់ៗមានវិន័យផ្ទាល់ខ្លួនដ៏រឹងមាំ។

៣. ការសាមគ្គីដើម្បីឈ្នះទាំងអស់គ្នា (Synergy to Winning Together)
ជាចំណុចយុទ្ធសាស្ត្រចុងក្រោយ លោកជំទាវ លី សុខចេង បានលើកឡើងថា ទោះបីជាស្ថាប័នមានប្រព័ន្ធការងារ (System) ល្អ ឬមានការងារក្រុមល្អក៏ដោយ ប្រសិនបើខ្វះ ការសាមគ្គី នោះការដើរទៅមុខប្រកបដោយភាពរីកចម្រើនរួមគ្នាក៏មិនអាចសម្រេចបានដែរ។ លោកជំទាវបានដកស្រង់ពាក្យស្លោកដ៏មានអត្ថន័យមកបញ្ជាក់ថា៖ ការលូតលាស់ទាមទារការរៀនសូត្រជាបន្តបន្ទាប់ ឯភាពជោគជ័យទាមទារការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ស្ថាប័នទាំងមូលត្រូវរួមគ្នាបង្កើតវប្បធម៌សហការ ចេះចែករំលែកចំណេះដឹងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងពង្រឹងការប្រាស្រ័យទាក់ទងគ្នារវាងដេប៉ាតឺម៉ង់មួយទៅដេប៉ាតឺម៉ង់មួយទៀតឱ្យបានស៊ីចង្វាក់គ្នា។ លោកជំទាវបានព្រមានពីផលវិបាកនៃការប្រាស្រ័យទាក់ទងមិនច្បាស់លាស់ ដែលអាចធ្វើឱ្យព័ត៌មានមានការឃ្លាតឆ្ងាយពីការពិត និងបង្កជាផលប៉ះពាល់ដល់ការសម្រេចចិត្តរួមរបស់ក្រុមហ៊ុន៕


