គ្រឹះរកស៊ី៥ ជួយឱ្យយីហោផ្សារទំនើបកូនខ្មែរ ឡាក់គី ឈរជើងបាន៣០ឆ្នាំ ពង្រីកបាន៦០សាខា
Meng SonglyMAY 24 20232.7 K views

ផ្សារទំនើប ឡាក់គី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដោយសហគ្រិនខ្មែរ៤រូប គឺលោក ហេង ហាងម៉េង, អ្នកស្រី តាំង លីជាន, លោក ចាន់ អៀងប៉ោរ និងលោក តាំង ឌេវីដ។ ផ្សារទំនើបដ៏ពេញនិយមមួយនេះ បានបើកហាងដំបូងរបស់ខ្លួន នៅលើផ្លូវព្រះសីហនុ ដោយផ្តោតលើការលក់ទំនិញស្រស់ និងមានផលិតផលគុណភាពខ្ពស់ជាច្រើនមុខទៀត ទាំងជាផលិតផលក្នុងស្រុកនិងនាំចូល។

348595595 136506036097243 8711307938192893441 N

គិតត្រឹមឆ្នាំ២០២៣នេះ យីហោផ្សារទំនើប ឡាក់គី បានពង្រីកខ្លួនស្ទើរតែគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តធំៗជាច្រើនទៀត សរុបប្រមាណ ៦០សាខា។ ទន្ទឹមនឹងភាពជោគជ័យឈរជើង៣០ឆ្នាំ ពង្រីកសាខាជាច្រើនដូចផ្សិតបែបនេះ ផ្សារទំនើបកូនខ្មែរ ឡាក់គី បានផ្តោតលើគោលការណ៍គ្រឹះ ក្នុងការរកស៊ីធំៗចំនួន៥ ដោយគោលការណ៍ទាំងនោះ រួមមានដូចខាងក្រោម៖

គោលការណ៍ទី១. គុណភាពទំនិញ៖ បើតាមនាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិផ្សារទំនើប ឡាក់គី និងហ្គាឌៀន លោក គីម សេង បានបង្ហើបឱ្យដឹងថា ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់ទៅលើគុណភាពរបស់ទំនិញ មិនថាផលិតផលនាំចូល ឬផលិតផលក្នុងស្រុកទេ សុទ្ធតែត្រូវបានពិនិត្យលើគុណភាពផលិតផលឱ្យស្របតាមស្តង់ដារម្ហូបអាហាររបស់ក្រសួង និងក្រុមហ៊ុនផ្ទាល់ មុននឹងដាក់លក់។

348846317 662454975722055 4424546905835596166 N 

គោលការណ៍ទី២. សេវាកម្ម៖ អស់រយៈពេល៣០ឆ្នាំមកហើយ ដែលផ្សារទំនើបឡាក់គី បានផ្តោតសំខាន់លើការផ្តល់សេវាកម្មឱ្យបានល្អបំផុតជូនដល់អតិថិជន ទាំងនៅក្នុងហាង និងការដឹកជញ្ជូន។

គោលការណ៍ទី៣. តម្លៃសមរម្យ៖ គ្រប់ទំនិញទាំងអស់ដែលដាក់លក់នៅក្នុងផ្សារទំនើបឡាក់គី សុទ្ធតែជាទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ មូលហេតុដោយសារតែផ្សារទំនើបមួយនេះ មានដៃគូសហការធំៗដោយផ្ទាល់។

គោលការណ៍ទី៤. មុខទំនិញចម្រុះ៖ បើតាមលោក គីម សេង បានឱ្យដឹងថា ការជ្រើសរើសទំនិញនាំចូល ក៏ជាចំណុចសំខាន់ជួយឱ្យផ្សារទំនើបឡាក់គីទទួលបានជោគជ័យផងដែរ។ ដោយទំនិញភាគច្រើន ត្រូវបាននាំចូលមកប្រទេសធំៗដូចជា អឺរ៉ុប បារាំង អង់គ្លេស អាមេរិក អូស្ត្រាលី កូរ៉េ ជប៉ុន ចិន និងប្រទេសនៅអាស៊ីដូចជា សីង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងផលិតផលក្នុងស្រុកជាច្រើនទៀត។  

342892113 243721541507177 6029848081678349963 N

គោលការណ៍ទី៥. សាមញ្ញបំផុត៖ នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិរូបនេះ បានគូសបញ្ជាក់ដែរថា គ្រប់ផ្សារទំនើបទាំងអស់របស់ឡាក់គី អាចនិយាយបានថា បុគ្គលិកគ្រប់រូបមានភាពរួសរាយរាក់ទាក់ ហើយអតិថិជនចូលមកក្នុងផ្សារទំនើប មានអារម្មណ៍ដូចជាហាងរបស់ខ្លួនអ៉ីចឹងដែរ។ មូលហេតុដោយសារពួកគាត់អាចដើរទៅគ្រប់កន្លែងនៅក្នុងហាង និងរើសទំនិញជាច្រើនមុខដោយខ្លួនឯងតាមចិត្ត មិនមានមនុស្សដើរតាមពីក្រោយ ដែលធ្វើឱ្យគាត់មានអារម្មណ៍សម្ពាធអ្វីឡើយ។ ពោលគឺ លុះត្រាតែ អតិថិជនត្រូវការសួរនាំអំពីផលិតផលផ្សេងៗ ទើបបុគ្គលិកមកផ្តល់សេវាកម្មជូន។  

បើតាមលោក គីម សេង ការជ្រើសទីតាំង ក៏ជាចំណុចសំខាន់ដែលជួយឱ្យយីហោផ្សារទំនើបឡាក់គី អាចទទួលបានភាពជោគជ័យ មានភ្ញៀវគាំទ្រច្រើនផងដែរ ពោលគឺការជ្រើសរើសទីតាំងណាដែលមានសក្តានុពលខ្ពស់ មានកន្លែងចតរថយន្តងាយស្រួលសម្រាប់អតិថិជន ជាដើម៕  

អត្ថបទដោយ៖ ម៉េង សុងលី និពន្ធនាយក Business Cambodia 

348921702 198205576476356 516923443697522075 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia