ស្ថានភាពប្រាក់ខែត្រឹម ២៥០ដុល្លារ ទៅ ៣០០ដុល្លារ អាចនិយាយបានថា វាស្ថិតក្នុងកម្រិតតិចល្មមដែរ ហើយបើត្រូវជួយរ៉ាប់រងបង់ធនាគារឲ្យគ្រួសារទៀតនោះ ពិតជា សម្ពាធធ្ងន់ធ្ងរណាស់។ ក្នុងកម្រិតចំណូលនេះ បើដក ១០% ទៅ ២០% មកសន្សំ ភ្លាមៗ គឺជារឿងលំបាកខ្លាំងណាស់ ព្រោះចំណាយថេរ វាទារទាមដាច់ខាតទៅហើយ។ ប៉ុន្តែអ្នកអាចចាប់ផ្តើមបង្កើតលុយសន្សំ និងរំដោះខ្លួនបន្តិចម្តងៗបាន ដោយប្រើប្រាស់វិធីសាស្ត្រខាងក្រោមទាំងនេះ៖
១. សន្សំពី លុយតូច កុំរពឹងសន្សំ លុយដុំ៖ នៅពេលចំណូលតិច កុំកំណត់គោលដៅសន្សំធំពេក ដែលធ្វើឲ្យស្ត្រេស ឬគ្មានលុយទិញអីហូបចុក។ ត្រូវសន្សំតាមរយៈលុយដែលមានតិចតួចដូចជាលុយអាប់ជាដើម។ រាល់ពេលមានលុយអាប់ក្រដាស ១,០០០៛ ២,០០០៛ ឬ $១ អ្នកអាចយកញាត់ចូលកូនជ្រូកភ្លាមទៅ ដោយមិនបាច់រាប់ទេ។ ឬមួយទៀត កំណត់គោលដៅតូចបំផុតដូចជា សន្សំត្រឹម $៥ ទៅ $១០ ក្នុងមួយខែ។ គោលបំណងនៅពេលនេះ គឺ «បង្កើតទម្លាប់សន្សំ» មិនមែនដើម្បីក្លាយជាអ្នកមានភ្លាមៗនោះទេ។
២. ជជែក និងកំណត់ព្រំដែនច្បាស់លាស់ជាមួយគ្រួសារ៖ រឿងសំខាន់បំផុតគឺត្រូវទប់ស្កាត់មិនឲ្យបន្ទុកបំណុលរីកធំជាងនេះ។ ចូរកំណត់ចំនួនច្បាស់លាស់ ដោយប្រាប់គ្រួសារដោយស្មោះត្រង់ពីសមត្ថភាពពិតប្រាកដរបស់អ្នក។ ឧទាហរណ៍៖ «កូនអាចជួយបង់ធនាគារបានត្រឹម $100 ក្នុងមួយខែៗ» ដើម្បីឲ្យសមាជិកផ្សេងទៀតក្នុងគ្រួសារជួយចេញ ឬជួយរកចំណូលបន្ថែម។ អ្វីដែលសំខាន់ ត្រូវផ្អាកការបង្កើតបំណុលថ្មី។ ត្រូវពិភាក្សាជាមួយគ្រួសារដាច់ខាត កុំឲ្យមានការខ្ចីបុលបន្ថែមទៀត ព្រោះបំណុលថ្មីនឹងកាន់តែពន្លិចអ្នកទៅក្នុងរណ្ដៅកាន់តែជ្រៅ។
៣. ប្រើប្រាស់វិធីសាស្ត្រ សន្សំដើមខែ (ទោះតិចក៏ដោយ)៖ នៅពេលបើកប្រាក់ខែ ២៥០ដុល្លារភ្លាម គួរតែដក $៥ ឬ $១០ ដាក់ចូលកន្លែងសន្សំភ្លាម (ផ្ញើចូលគណនីធនាគារផ្សេង ឬញាត់កូនជ្រូក)។ ប្រគល់ភាគរយដែលត្រូវជួយគ្រួសារ ឬបង់ធនាគារនោះឲ្យឪពុក ឬម្ដាយជាអ្នកចាត់ចែង។ ប្រើប្រាស់ភាគរយដែលសល់ចុងក្រោយ សម្រាប់ជីវភាពប្រចាំថ្ងៃអ្នក។ បើនឹកឃើញចាំសន្សំពេលចុងខែ អ្នកនឹងគ្មានថ្ងៃសល់លុយសន្សំឡើយ។
៤. កាត់បន្ថយចំណាយដែលមិនចាំបាច់ឲ្យដល់ កម្រិតអប្បបរមា៖ ចំពោះម្ហូបអាហារ គួរធ្វើម្ហូបញ៉ាំខ្លួនឯង ឬខ្ចប់បាយទៅធ្វើការ ចៀសវាងការទិញកាហ្វេប្រចាំថ្ងៃ ឬញ៉ាំក្រៅ។ រីឯការស្វែងរកសេចក្តីសុខវិញ គួរផ្អាកការទិញខោអាវថ្មី គ្រឿងសម្ភារនិយម ឬការដើរលេងសប្បាយជាបណ្តោះអាសន្ន រហូតដល់បំណុលគ្រួសារបានធូរស្រាល។
៥. បង្កើនចំណូល ជាយុទ្ធសាស្ត្រតែមួយគត់ដើម្បីរំដោះខ្លួន៖ ការត្បិតត្បៀតលើប្រាក់ខែ ២៥០ ដុល្លារ អាចធ្វើឲ្យអ្នកសល់ត្រឹម $១០-$២០ ប៉ុណ្ណោះក្នុងមួយខែ។ ដូច្នេះ ផ្លូវដែលល្អបំផុតគឺ រកវិធីបង្កើនប្រាក់ខែ ឬចំណូលបន្ថែម ដូចជា ធ្វើការបន្ថែមម៉ោង (OT) ឬទទួលការងារបន្ថែម ដោយប្រើប្រាស់ពេលល្ងាច ឬចុងសប្តាហ៍ធ្វើការងារបន្ថែមតូចតាច (រត់តុ លក់ដូរតូចតាច ឬដឹកជញ្ជូន)។ ហើយត្រូវពង្រឹងសមត្ថភាពការងារដើម ដោយខិតខំធ្វើការឲ្យលេចធ្លោ ឬរៀនជំនាញបន្ថែម ដើម្បីសុំដំឡើងប្រាក់ខែ ឬប្តូរទៅធ្វើការក្រុមហ៊ុនថ្មីដែលឲ្យប្រាក់ខែខ្ពស់ជាងនេះ។
យ៉ាងណាក៏ដោយ សូមចងចាំថា ស្ថានភាពលំបាកនេះជា ស្ថានភាពបណ្តោះអាសន្ន។ ការជួយគ្រួសារជាកាតព្វកិច្ចល្អ ប៉ុន្តែអ្នកក៏ត្រូវការពារខ្លួនឯងកុំឲ្យរលាយខ្លួនដែរ។ ចាប់ផ្តើមសន្សំពីចំនួនតូចបំផុតនៅថ្ងៃនេះ ហើយតម្រង់ទិសដៅទៅលើការ បង្កើនចំណូល ឲ្យបានលឿនបំផុត៕
អត្ថបទ៖ សុផុន


