រកស៊ីខាត តែមិនចុះចាញ់! អ្នកស្រី ចាន់ធូ បង្កើបក្បួនដោះខាត៣ ច្នៃអាជីវកម្មធ្លាប់ខាតក្លាយជាចំណូល៣ប្រភព
ធី ស្រីល័ក្ខFEBRUARY 19 2024284 views

ផ្តើមចេញពីមនុស្សដែលធ្លាប់រកស៊ីខាតរហូតដល់ទៅ ៣ឆ្នាំៗជាប់គ្នា នឹងលក់របស់ខ្ទេចខ្ទីគ្មានសល់ដើម្បីបន្តដង្ហើមអាជីវកម្ម តែអ្នកស្រីចាន់ធូ មិនខ្ចីអស់សង្ឃឹមខំ មិនខ្ចីបាក់ទឹកចិត្តប្រឹងជម្នះតស៊ូមកវិញរហូតអាចច្នៃអាជីវកម្មនៅក្នុងផ្ទះល្វែងអាចរកចំណូលរហូតដល់ទៅ ៣ច្រកឯណោះ។

 

អ្នកស្រីចាន់ធូ បច្ចុប្បន្នគឺជាម្ចាស់អាជីវកម្មដ៏ល្បីឈ្មោះមួយគឺ Rose Cake and Coffee ដោយអ្នកស្រីបានច្នៃផ្ទះអាជីវកម្មមួយដែលអាចរកចំណូលបានម្តង ៣ប្រភពផ្សេងគ្នា ដោយនៅខាងមុខផ្ទះធ្វើជាកន្លែងលក់កាហ្វេ ចំណែកជាន់ទី១ ជាកន្លែងលក់នំខេក និងជាន់ទី២ វិញ ជាកន្លែងរៀបចំតុបតែងផ្កា។  ប៉ុន្តែទម្រាំតែបានដូចសព្វថ្ងៃនេះ ពេលចាប់ផ្តើមដំបូងៗនៅអំឡុងឆ្នាំ ២០១៦ គឺអ្នកនាងខាតរហូតដល់ទៅ៣ឆ្នាំជាប់ៗគ្នា តែបន្ទាប់ពីប្រើក្បួន៣នេះ ធ្វើឱ្យអ្នកស្រីអាចប្តូរពីការខាតលុយរាប់ម៉ឺនដុល្លារ មករកចំណូលបានខ្ទង់ម៉ឺនដុល្លារ៖17

១.ព្យាយាមកាត់ចំណាយ ៖ អ្នកស្រី ចាន់ធូ បាននិយាយថា មែនទែនទៅកាលពីដំបូងឡើយអ្នកនាងមិនមែនជាអ្នករកស៊ីធំដុំអ្វីឡើយ ពោលគ្រាន់តែជាជាងអ៊ុតសក់សាមញ្ញម្នាក់ប៉ុណ្ណោះ ប៉ុន្តែមានបញ្ហាខ្លះៗទើបអ្នកនាងសម្រេចបិទហាងអ៊ុតសក់ចោលទៅរៀនធ្វើនំខេកជាមួយគ្រូជនជាតិសិង្ហបុរី ក្រោយពីចេះជំនាញធ្វើនំអ្នកនាងក៏សម្រេចមកបើកហាងរកស៊ីនៅប្រទេសកម្ពុជា។

ម្ចាស់អាជីវកម្ម Rose Cake and Coffee បានបន្តទៀតថា នៅពេលដែលបើកហាងដំបូងអ្នកស្រីរើសបុគ្គលិកច្រើនណាស់ គ្រាន់តែហាងតូចមួយសោះមានបុគ្គលិក៧ទៅ៨នាក់ ក្រៅពីចំណាយទៅលើបុគ្គលិកសូម្បីតែផេកក៏ឱ្យគេកាន់ ហើយបើរឿងទិញទំនិញសម្រាប់ធ្វើនំខេកវិញក៏មិនស្គាល់កន្លែងបោះដុំដែរ លក្ខណៈថាគិតកន្លែងណាមានលក់ទៅទិញកន្លែងនឹងភ្លាមៗតែម្តង។

 

ដូច្នេះ បន្ទាប់ពីដឹងថាចំណាយទៅលើបុគ្គលិកហួសកម្រិតពេក អ្នកស្រីចាប់ផ្តើមកាត់បុគ្គលិក នឹងចាប់ផ្តើមរកកន្លែងបោះដុំទំនិញ នឹងកត់ចំណាំចំណូលចំណាយឱ្យបានច្បាស់លាស់ ហើយបើខែណាខាតរហូតដល់ទៅ ៣ពាន់អ្នកស្រីក៏ចាប់ផ្តើមមើលសារជាថ្មីថាខែក្រោយគួរកាត់បន្ថយអ្វីខ្លះដើម្បីកុំឱ្យខាតបែបនេះទៀត រហូតធ្វើឱ្យអ្នកស្រីចាន់ធូរ ច្បាស់ជាមួយអាជីវកម្មនេះនឹងផ្តាស់ប្តូរខ្លួនឯងពីខាត៣ពាន់ដុល្លារមកខាតត្រឹម១ពាន់ដុល្លារវិញ នឹងខាតពី១ពាន់ដុល្លារលេងខាតវិញរហូតអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារផងដែរ។

 

២. ខំប្រឹងអភិវឌ្ឍន៍ខ្លួនឯងឱ្យបានល្អ៖ ស្រ្តីខ្មែររូបនេះ បានបន្ថែមទៀតថា ក្នុងនាមយើងជាអ្នករកស៊ីម្នាក់យើងមិនអាចធ្វើឱ្យអាជីវកម្មខ្លួនឯងនៅចំណុចដដែលៗទេ បើនៅតែធ្វើរឿងដដែលៗទោះអាជីវកម្មនោះល្អយ៉ាងណាក៏ដួលរលំទៅវិញដែរ ដូចនេះទៅពេលដែលអ្នកស្រីចាប់ផ្តើមកត់ចំណូលចំណាយត្រឹមត្រូវ នឹងមើលឃើញថាអាជីវកម្មខ្លួនឯងចំណេញហើយនោះអ្នកស្រីមិនរកស៊ីរបរដដែលទៀតទេ ពោលអ្នកស្រីបានចាប់ផ្តើមកំណត់គោលដៅខ្លួនឯងថា ថ្ងៃណាមួយនឹងរកចំណូលឱ្យបាន១ម៉ឺនដុល្លារឱ្យទាល់តែបាន ដូច្នេះអ្នកស្រីគិតថាមានអាជីវកម្មខំខេកហើយតើគួរមានអាជីវកម្មអ្វីដែលស្រដៀងគ្នាជាមួយនំខេកនេះ។ បែបនេះ អ្នកស្រីនឹកឃើញថាគឺជាផ្កា ប្រសិនជាមានហាងផ្កា១កន្លែងទៀតប្រាកដជាល្អ ព្រោះបើភ្ញៀវមកទិញនំខេកហើយចង់ទិញផ្កាទៅជាមួយគ្នាគឺហាងអ្នកស្រីមានទាំង២ ដូច្នេះអាចផ្តល់ភាពងាយស្រួលទៅដល់ភ្ញៀវបានមួយកម្រិតដែរ។

 

ហេតុនេះហើយ ទើបធ្វើឱ្យអ្នកស្រី ចាន់ធូ បានទៅរៀនខាងតុបតែងផ្កាបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ ក្រោយពីចេះយ៉ាងស្ទាត់ហើយអ្នកស្រីក៏ចាប់ផ្តើមដេគ័រជាន់ទី២ ធ្វើជាកន្លែងរៀបចំផ្កា ដោយមានតុបតែងជាផ្កាពោត ផ្កាក្រដាស ផ្កាស្រស់ តាមតម្រូវការអតិថិជនកម្មង់តាមចិត្តហើយបើអតិថិជនចង់កម្មង់ឱ្យរៀបចំផ្កាលាយជាមួយលុយក៏មានដែរ រហូតធ្វើឱ្យអ្នកស្រីប្តូរពីធ្លាប់តែខាតស្ទើររីងខ្លួនរហូតអាចរកលុយចំណេញបាន១ខែ១ម៉ឺនដុល្លារដំបូងចាប់តាំងពីរកស៊ីមកម្លេះ។

 

៣.រកចំណុចខ្វះខាតរបស់ខ្លួនឯង៖ ក្រៅពីចាប់ផ្តើមកាត់បន្ថយចំណូលចំណាយ ក៏ដូចជាប្រឹងអភិវឌ្ឍន៍ខ្លួនឯង អ្នកស្រីក៏នៅតែស្វែងរកចំណុចខ្វះខាតខ្លួនឯងបន្ថែមទៀតផងដែរ ពោលប្រសិនជាមើលឃើញថាខ្លួនឯងខ្វះអ្វីអ្នកស្រីទៅជប់ហ្នឹងតែម្តង ប្រសិនជាមើលឃើញថាខ្លួនឯងមិនចេះគ្រប់គ្រងផេកគឺអ្នកនាងចាប់ផ្តើមទៅរៀនវគ្គសិក្សាទាក់ទងជាមួយផេក បើមើលខ្លួនឯងមិនចេះគ្រប់គ្រងបុគ្គលិកអ្នកនាងក៏ទៅរៀនបន្ថែមទាក់ទងជាមួយជំនាញគ្រប់គ្រងបុគ្គលិកនេះ ដោយសារតែចេះស្វែងរកចំណុចខ្វះខាតខ្លួនឯង ហើយក្លាហានមិនខ្លាចក្នុងការធ្វើអ្វីថ្មីនឹងហ៊ានទៅរៀនបន្ថែមពីសង្គមខាងក្រៅបានធ្វើឱ្យអ្នកស្រីក្លាយជាស្រ្តីដ៏ខ្លាំងម្នាក់ដែលអាចច្នៃផ្ទះល្វែងធម្មតាក្លាយជាកន្លែងរកចំណូលបន្ថែមរហូតដល់ទៅ ៣ច្រកផងដែរ។

16

គូសបញ្ជាក់ថា ចំពោះបងប្អូនដែលចង់កម្មង់នំខេក ឬបាច់ផ្កាផ្សេងៗ ក៏ដូចជាចង់កម្មង់នំខេកផ្សេងៗសម្រាប់ថ្ងៃមង្គលការអាចឆាតទៅកាន់ផេក Rose Cake and Coffee ឬទាក់ទងទៅកាន់លេខទូរស័ព្ទ០៩៦ ៣៨៨ ៨៨៩៩ ដែលមានទីតាំងនៅម្តុំសារ TK Avenue ដែលបើកលក់ចាប់ពីម៉ោង ៨ព្រឹក ដល់ ១០យប់​៕

18

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia