នេះគឺជាដំណឹងដ៏រីករាយខ្លាំងមែនទែន ដែលក្រុមហ៊ុនក្នុងស្រុកមួយ បានចុះទៅប្រមូលទិញផលិតផលកសិកម្មដោយមានដូចជា តាសក់ ប៉េងប៉ោះឆឺរី ល្ហុង ចេកណាំវ៉ា ត្រាវ ខ្នុល ខ្ទឹមបារាំង រំដេង រមៀត ខ្ជាយ ស្លឹកគ្រៃ ដើម្បីកែច្នៃនាំចេញទៅបរទេស ហើយអ្វីដែលកាន់តែពិសេសនោះនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនខ្មែរមួយនេះបានកំពុងតែសម្ងួតតាង៉ែន និងនាំចេញតាង៉ែនកំប៉ុងទៅក្រៅប្រទេសផងដែរ។
នៅក្នុងបទសម្ភាសន៍ ជាមួយក្រុមការងារចាបក្រហម លោកស្រី ប៉ាន់ អម្រឹតធីតា ដែលជាអគ្គនាយិកា ក្រុមហ៊ុន GGA Advisory Co.,Ltd. និងជាប្រធានគម្រោង LOCAL PROUD ( អិលភី) បានមានប្រសាសន៍ថា ក្នុងនាមលោកស្រីជាជនជាតិខ្មែរ គឺលោកស្រីមានអារម្មណ៍រំភើបជាខ្លាំងដែលលោកស្រីបានចុះទៅជួយផលិតផលកសិកម្មរបស់កសិករយើង។ ជាពិសេសនោះ កាលពីថ្មីៗនេះលោកស្រី ទើបតែចុះកិច្ចសន្យាថ្មីមួយទៀត គឺការទិញប៉េងប៉ោះឆឺរី ពីសហគមន៍កសិកម្មរតនៈក្រចាប់មានជ័យក្នុងខេត្តប៉ៃលិន ដោយចុះកិច្ចសន្យាទិញប៉េងប៉ោះឆឺរី ក្នុងជំហ៊ានដំបូង ចំនួន ២៥ ០០០ គីឡូក្រាម រយៈពេល៦ខែ និងកំពុងសិក្សាទីផ្សារបន្ថែម ដើម្បីជួយគាំទ្រ ផលិតផលកសិកម្ម ដែលដាំដុះដោយកសិករខ្មែរ។
អ្វីដែលកាន់តែរំភើបនោះ នៅក្នុងការចុះកិច្ចសន្យាទិញដំណាំកសិកម្មខ្មែរនេះដែរ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាទិញលក់ប៉េងប៉ោះឈើរី រវាងសហគមន៍កសិកម្មរតនក្រចាប់មានជ័យ និង គម្រោង LOCAL PROUD (អិលភី) កម្មវិធិប្រារព្ធនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។
យ៉ាងណាមិញ សម្រាប់បងប្អូនដែលចង់បានផលិតផលកសិកម្មរបស់ខ្មែរ ដែលដាំដោយកសិករក្នុងស្រុក បន្លែផ្លែឈើដែលមានសុវត្ថិភាពខ្ពស់ គុណភាពល្អ ហូបដោយទំនុកចិត្ត បងប្អូនអាចឆែកមើលផេកផ្លូវការរបស់ LOCAL PROUD ព្រោះផលិតផលលក់នៅទីនេះគឺជារបស់ខ្មែរ១០០% ហើយនៅពេលដែលបងប្អូនគាំទ្រផលិតផលខ្មែរ នោះសេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើន ។ ដូច្នេះបងប្អូនដែលចង់បានព័ត៌មានបន្ថែម អាចទំនងតាមលេខទូរស័ព្ទ 011 228 812 / 098 517 627 ។
គួរជម្រាបថា LOCAL PROUD (LP) គឺជាពាក្យកាត់មកពី “Local Products Distribution” (ការចែកចាយផលិតផលក្នុងស្រុក) បង្កើតឡើងជាគម្រោងមួយក្រោមក្រុមហ៊ុន G.G.A Advisory Co., Ltd, LP គឺជាអាជីវកម្ម ESG ដែលមានចក្ខុវិស័យក្នុងការជំរុញវិស័យកសិកម្មរបស់កម្ពុជាឱ្យឈានដល់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ នាពេលបច្ចុប្បន្ន LP កំពុងប្រតិបត្តិការជាផ្លូវចូលទីផ្សារដ៏សំខាន់សម្រាប់កសិករ/អ្នកកែច្នៃកសិផល ហើយមានបំណងនាំយកកសិកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកតាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីតែមួយគត់ (unique ecosystem) ទំនើបកម្មបច្ចេកវិទ្យាកសិដ្ឋាន និងការកសាងវេទិកា B2B និង B2C ដើម្បីជំរុញលទ្ធភាពទទួលបានទីផ្សារ៕ “បង្កើនប្រាក់ចំណូលកសិករ, បន្ថយចំណាយប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់”