លោក ព្រំ វ៉ាត ចិញ្ចឹមត្រីនិងបង្កង តាំងពីដី១០អា រហូតពង្រីកដល់ ៤ហិកតា ដោយសារបច្ចេកទេសទាំងនេះ
Sambat SokhlangSEPTEMBER 21 2023568 views

ផ្តើមចេញពីការចិញ្ចឹមនិងបង្កងលើដី ១០អា លោក ព្រំ វ៉ាត ប្រើបច្ចេកទេសចិញ្ចឹមឱ្យត្រូវតាមស្តង់ដារ រហូតការចិញ្ចឹមចំណេញបន្ថែមទុនពង្រីកការចិញ្ចឹមបានរហូតដល់ ៤ហិកតា និងអាចប្រមូលផលបង្កងបានក្នុងឆ្នាំចន្លោះពី ៣ ទៅ ៤ តោន។

 

បើតាមការឱ្យដឹងរបស់លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានភ្ញាស់កូនត្រី បង្កង និងចិញ្ចឹមបង្កងនៅខេត្តតាកែវ បានឱ្យដឹងថា លោកបានចាប់ផ្តើមការចិញ្ចឹមនិងភ្ញាស់កូនត្រីនិងបង្កងនេះតាំងតែពីឆ្នាំ ២០១៦ មកម្ល៉េះ ដោយកាលនោះលោកមានផ្ទៃដីចិញ្ចឹមតែ ១០អាប៉ុណ្ណោះ លុះក្រោយៗមកបន្ទាប់ពីការចិញ្ចឹមតិចៗទៅក៏ទៅជាធំបន្តិចម្តងៗ ដោយសារតែការខិតខំមព្យាយាមរកលុយពីការភ្ញាស់ត្រី បង្កង និងចិញ្ចឹមបង្កង រហូតមានលទ្ធភាពទិញដីពង្រីកកសិដ្ឋានដល់ ៤ហិកតាមកដល់បច្ចុប្បន្ននេះ ដោយក្នុងនោះមានមានស្រះចំនួន ៥ស្រះ ក្នុងនោះមានស្រះមួយទំហំ ១.៣ហិកតា និងមួយទៀតមានទំហំ ១,០០០ម៉ែត្រការ៉េ។

 

Kam 5 1024x683

 

កសិកររូបនេះបានបន្ថែមថា មូលហេតុដែលធ្វើឱ្យលោកទទួលបានជោគជ័យលើការចិញ្ចឹមនេះដោយសារតែ លោកតែងយកចិត្តទុកដាក់ និងតែងតែធ្វើតាមបច្ចេកទេសភ្ញាស់ត្រី បង្កង និងចិញ្ចឹមបង្កង ពីមន្ត្រីរដ្ឋបាលជលផលតាកែវ តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាល ទើបធ្វើឱ្យរបររបស់លោកចេះតែទទួលបានផ្លែផ្កាជារៀងរហូតមក។ហើយបច្ចេកទេសរបស់លោករួមមាន ៖

 

ក.ការជ្រើសរើសទីតាំងស្រះ

ការចិញ្ចឹមបង្កងទឹកសាបដើម្បីទទួលបានផលល្អស្រះគួរមានទីតាំងនៅជិតផ្ទះងាយស្រួលមើលថែ ហើយស្រះនេះទៀតសោតត្រូវស្ថិតនៅទីវាលស្រឡះ គ្មានដើមឈើ ឬរុក្ខជាតិដុះព័ទ្ធជុំវិញ ហើយមិនលិចទឹកនៅរដូវវស្សាហើយស្រះគួរធ្វើលើដីដែលមានគុណភាពសម្បូរល្បាយដីឥដ្ឋដែលអាចរក្សាទឹកបានយូរលើសពី៥ខែ។មុនដាក់កូនបង្កងចិញ្ចឹមយើងត្រូវបូមទឹកពង្រីងចេញពីស្រះដើម្បីយកពួកសត្វចង្រៃនិងស្តារភក់ចេញពីជម្រៅ៥ទៅ១០សង់ទីម៉ែត្រហើយហាលថ្ងៃរយៈពេល ២ទៅ៣ថ្ងៃចោលទើបបញ្ចូលទឹកចូលទៅក្នុងស្រះជម្រៅចន្លោះពី ២០ទៅ ៣០សង់ទីម៉ែត្រ រួចបញ្ចូលល្បាយដីនិងលាមកសត្វបរិមាណពី ២៥ ទៅ ៣០ គីឡូក្រាមក្នុង ១០០ម៉ែត្រការ៉េរួចហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ ទើបបញ្ចូលទឹកបង្គ្រប់បន្ថែមទៀត។

 

 

C

 

ខ.ការរើសពូជ

សម្រាប់ការរើសពូជរបស់លោក ព្រំ វ៉ាត រើសបង្កងដែលមានគុណភាពល្អ ដោយសង្កេតលើពុកមាត់របស់វាមានលក្ខណៈស្របគ្នា បើពុកមាត់វាស្របគ្នាដូចអក្សរ V នោះបញ្ជាក់ថាកូនបង្កងមានសុខភាពមិនល្អខ្សោយ ។ និងមួយទៀតយើងអាចមើលតាមរយៈការហែលទឹករបស់វាមានលក្ខណៈរហ័សរហួនទេនៅពេលយើងផ្តាច់ចរន្តខ្យល់អុកស៊ីហ្សែនម្តងៗនោះបញ្ជាក់ថាកូនបង្កងមានសុខភាពល្អ និងមួយទៀតលើដងខ្លួនកូនបង្កងដែលល្អគឺមានពណ៌ខៀវថ្លាមិនស្រអាប់។

 

គ.ចំណី

ចំពោះចំណីសម្រាប់បង្កងមាន ៣ប្រភេទគឺ ចំណីស្រស់ (មានក្តាម ខ្យង កំពឹស ត្រីល្អិតជាដើម) ចំណីផ្សំ (ម្សៅត្រី កន្ទក់ ចុងអង្ករ ពោត សណ្តែកសៀង និងគ្រាប់ធញ្ញជាតិផ្សេងៗ) និងចំណីគ្រាប់ ឬចំណីដែលផលិតចេញពីរោងចក្រ ជាប្រភេទចំណីដែលផ្តល់សារធាតុបំប៉ននិងគុណភាពងាយស្រួលប្រើគ្រាន់តែមានតម្លៃថ្លៃ។

 

C

 

ជាចុងក្រោយលោក ព្រំម វ៉ាត ក៏បានសំណូលពរឱ្យបងប្អូនប្រជាកសិករទាំងអស់ ដែលមានដីទំនេរសូមកុំទុកចោលសូមធ្វើស្រូវផង ចិញ្ចឹមបង្កងផង ធ្វើរបៀបកសិកម្មចម្រុះ លើភ្លឺស្រែជុំវិញស្រះពេលទឹកឡើងយើងអាចចិញ្ចឹមបង្កងវិញ ហើយធ្វើស្រូវបន្ត។ ដោយការចិញ្ចឹមបង្កងនេះទទួលបានប្រាក់ចំណេញច្រើន ពោលគឺក្នុងមួយគីឡូអាចលក់បានតម្លៃចន្លោះពី ១៥ ទៅ ២០ដុល្លារទៅតាមគុណភាពបង្កង។

 

សម្រាប់បងប្អូនដែលមានចង់ធ្វើការសាកសួរពីបច្ចេកទេសចិញ្ចឹមឬចង់ទិញបង្កងសាច់និងពូជត្រីបង្កងអាចទាក់ទងទៅលោក ព្រំ វ៉ាត បានតាមរយៈលេខទូរស័ព្ទ ០៩២​ ២៥ ៣៧​ ៨៥ / ០៨៨ ៨៧ ៤៥ ៦៨៦ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia