ការវិនិយោគអចលនទ្រព្យ មានលុយផ្ទាល់ខ្លួនសុទ្ធទៅទិញគឺជាការល្អ ប៉ុន្ដែបើសិនមិនមានលុយគ្រប់ទេគឺគេតែងតែប្រើប្រាស់កម្ចីពីធនាគារយកមកបង្គ្រប់ដើម្បីទិញក៏មានដែរ។ យ៉ាងណាការខ្ចីលុយគេមកវិនិយោគនេះក៏អាចមានហានិភ័យដូចគ្នា ប្រសិនបើអ្នកវិនិយោគមិនបានសិក្សាឲ្យបានច្បាស់លាស់ពីលទ្ធភាពរបស់ខ្លួន និងអចលនទ្រព្យដែលត្រូវទិញនោះ។ ដូច្នេះតើពេលវេលាណា ដែលអ្នកវិនិយោគគួរប្រើប្រាស់កម្ចីពីធនាគារយកមកទិញផ្ទះ ឬដី ដើម្បីឲ្យកម្ចីនោះអាចទាញជាប្រយោជន៍ និងបញ្ចៀសបាននូវហានិភ័យ?
តាមការលើកឡើងពីលោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាអ្នកជំនាញមួយរូបក្នុងវិស័យអចលនទ្រព្យ បានឲ្យដឹងថា មុនសម្រេចចិត្ដខ្ចីលុយធនាគារមកទិញផ្ទះ ឬដី ទី១. ត្រូវមានលទ្ធភាពក្នុងការសងបំណុលទៅធនាគារ ដែលមិនប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃ និងទី២. ត្រូវច្បាស់ថាអចលនទ្រព្យដែលវិនិយោគនោះមានឱកាសឡើងថ្លៃ អាចទាញប្រាក់ចំណេញបាន។
យោងតាមការចែករំលែកនៅក្នុងហ្វេសប៊ុកផេកផ្លូវការកាលពីពេលកន្លងទៅលោកឧកញ៉ាមានដើមកំណើតពីក្រុងបាវិត ខេត្ដស្វាយរៀងរូបនេះបានបញ្ជាក់ដូច្នេះថា៖ ជារួមបើសិនជាយើងមានផ្ទះនៅហើយ ឃើញគេលក់ដីមួយកន្លែង ដែលមើលទៅអាចខ្ចីធនាគារទិញដីនុង ហើយលទ្ធភាពអាចទប់ទាល់បាន ខ្ញុំគិតថាទិញចុះ។ ព្រោះការទិញដីទុកលក់យកចំណេញគឺនៅតែជាវិធីមួយដែលល្អបំផុត។
លោកបានលើកជាឧទាហណ៍ថា៖ បើអ្នកដែលមានប្រាក់ចំណូលសមរម្យ មានផ្ទះនៅ ហើយឃើញដីមួយកន្លែងដែលគិតថាទិញដីហ្នឹងទៅ ៣ ទៅ ៥ ឆ្នាំអាចចំណេញ ហើយមានលទ្ធភាពសងធនាគារបាន ខ្ញុំគិតគួរទិញ ព្រោះនៅតែចំណេញគ្រាន់តែថាវាមិនបានភ្លាមៗ។ ពេលដែលសេដ្ឋកិច្ចឡើង ដីធ្លីឡើងរាល់ថ្ងៃ ប៉ុន្ដែបច្ចុប្បន្ននេះដីធ្លីវាអត់ឡើងទេ។ តើវានៅអ៊ីចឹងឬនឹងឡើង? ដីធ្លីនឹងឡើងវិញនៅពេលមួយណា។
ជាទូទៅការប្រាក់ធនាគារ១ឆ្នាំ ១៣% ឯដីធ្លីខ្លះមួយឆ្នាំឡើងអត់បាន ១០% ឬពីរឆ្នាំអត់បាន ២០% មែន ប៉ុន្ដែពេលវាឡើង ឡើង ១០០% ក៏មានដែរ។ អ៊ីចឹងពេលវេលាមិនសំខាន់ សំខាន់គឺថាស្ថានភាពបុគ្គល និងអចលទ្រព្យដែលចង់វិនិយោគហ្នឹងគួរទិញឬអត់?
លោកឧកញ៉ាបន្ថែមថា នៅក្នុងឆ្នាំ២០២៤ អ្នកមានលទ្ធភាពគួរតែទិញអចលនទ្រព្យ ប៉ុន្ដែត្រូវមើលថា លទ្ធភាពរបស់ខ្លួនទៅរួចឬអត់ បើទៅមិនរួចទេកុំឲ្យសោះ។ ព្រោះអីទិញឥឡូវមិនអាចលក់បានក្នុងរយៈពេល ១ ឆ្នាំខាងមុខទេ វាត្រូវការពេល អ៊ីចឹងមុនខ្ចីលុយធនាគារសូមសិក្សាខ្លួនឯងឲ្យច្បាស់ថា ខ្ចីលុយទិញដីហ្នឹងសងបានឬអត់ ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។
សរុបមក មុនសម្រេចចិត្ដខ្ចីលុយធនាគារមកវិនិយោគអចលនទ្រព្យ ត្រូវសិក្សាលើលទ្ធភាពក្នុងការបង់ប្រាក់សងទៅធនាគារសិន បើទៅរួចខ្ចីបាន តែបើទៅមិនរួចគួរកុំខ្ចីមកវិនិយោគអី។ ហើយមួយទៀតត្រូវសិក្សាឲ្យប្រាកដថា ប្រភេទអចលនទ្រព្យដែលវិនិយោគនោះ ទិញហើយតម្លៃនឹងកើនឡើង ឡើងថ្លៃកាន់តែឆាប់កាន់តែល្អ។ ប៉ុន្ដែប្រសិនបើសិក្សាទៅមិនចំណេញទេ មិនគួរខ្ចីលុយគេមកវិនិយោគឡើយ ព្រោះបើអចលនទ្រព្យនៅទ្រឹង មិនឡើងថ្លៃទេនោះ អ្នកនឹងខាតបង់ពេលវេលា ហើយយកលុយនោះទៅកប់ចោលតែម្ដង៕