ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែង និងជាតន្ត្រីករប្រពៃណីបុរាណដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ ព្រឹទ្ធាចារ្យមានជន្មាយុ ៧៨ឆ្នាំរូបនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផងដែរ។
លោកតា គង់ ណៃ ប្រសូត្រនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ លើទឹកដីភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។ រំលឹកទៅកាន់អតីតកាលវ័យចន្លោះ ៣-៤ឆ្នាំ កុមារាកម្សត់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។ ព្រោះតែពិការភាពនេះហើយ ជីវិតលោកត្រូវបានគេមើលងាយ រើសអើងជាខ្លាំង រហូតដល់វ័យ ១៣ឆ្នាំ ក្មេងជំទង់រូបនេះបានចាប់ផ្តើមការសិក្សា អំពីចាប៉ីដងវែង ក្នុងគោលបំណងចង់មានជំនាញប្រាកដមួយជាប់នឹងខ្លួនដើម្បីចិញ្ចឹមជីវិត។
ពេលវេលាចេះតែរសាត់បាត់ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ក្មេងប្រុសស្ទើរកំលោះ ណៃ ឈានចូលដល់វ័យ ១៥ឆ្នាំ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈដែលខ្លួនខិតខំសិក្សារៀនសូត្រអស់រយៈពេល ២ឆ្នាំកន្លងមកនេះ បង្ហាញជូនមហាជនក្មេង-ចាស់គ្រប់ស្រទាប់វណ្ណៈទស្សនាកម្សាន្តជាចំណីចក្ខុ ដោយសម្តែងក្នុងទម្រង់ កំណាព្យបុរាណដូចជាកំណាព្យរបស់ ភិរម្យង៉ុយ ជាដើម។ ហេតុតែមានទេពកោសល្យ និងភាពប៉ិនប្រសប់ អ្នកលេងកំណាព្យជើងថ្មីរូបនេះរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទទួលបានការគាំទ្រ និងភាពល្បីល្បាញគួរឲ្យកត់សម្គាល់រហូតមកទល់នឹងបច្ចុប្បន្ន។
យ៉ាងណាមិញ ចំពោះស្នាដៃធំៗ ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលមានដើមកំណើតមកពីស្រុកកំពង់ត្រាច ខេត្តកំពត ខាងលើធ្លាប់ទទួលបានជ័យលាភីជាច្រើនរួមមាន៖
១/. ឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
២/. ឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជធាននីភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។
៣/. ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។
៤/. ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
៥/. ឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
៦/. ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា «កោសល្យវោហារ គង់ណៃ»។
គួរជម្រាបផងដែរថា នាយប់ថ្ងៃទី ០៧ ខែឧសភា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំពោះអាការៈបញ្ហាជំងឺមិនទាន់បានបញ្ជាក់នៅឡើយ ខណៈលោកមានវ័យកាន់តែច្រើនឡើងហើយ។ នេះបើយោងតាមផេកហ្វេសប៊ុកឈ្មោះ Amazing Cambodia ចុះផ្សាយនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366