អ្នកជំនួញចាស់វស្សា Li Ka-sing ជាប់ឈ្មោះជាមហាសេដ្ឋីជាន់ផ្អៀងដីស្រុកចិន មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៨.៣ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ប៉ុន្តែស្របពេលអ្នកជំនួញ និងកំពូលអ្នកមានៗជាច្រើន កំពុងបង្អួតគ្នាពីរបស់ស៊ីវីល័យ លោកបែរជាប្រើនាឡិកាដៃអេកូអេឡិចត្រូនិចដើរដោយថាមពលពន្លឺព្រះអាទិត្យ មានតម្លៃក្រោម ៥០០ដុល្លារទៅវិញ។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Bloomberg News កាលពីឆ្នាំ២០១៨ លោក Li Ka-sing បានលើកឡើងយ៉ាងដូច្នេះថា៖ «នាឡិកាដៃដែលខ្ញុំកំពុងពាក់មានតម្លៃប្រហែល ៤០០ដុល្លារប៉ុណ្ណោះ។ បើខ្ញុំពាក់នាឡិកាតម្លៃ ១សែនដុល្លារ ខ្ញុំប្រាកដជាត្រូវប្រុងប្រយ័ត្នខ្លាំង តែនាឡិកានេះតម្លៃតែប៉ុន្មានរយដុល្លារ អ៊ីចឹងខ្ញុំអាចពាក់ហែលទឹកក៏បាន ហាត់ប្រាណក៏បាន បានដោយមិនភ័យខ្លាចវាខូចទេ ហើយខ្ញុំអាចប្រើវាបានយ៉ាងហោចណាស់ ១០ឆ្នាំទៅមុខទៀត»។
លើសពីនេះ នាឡិកាដៃរបស់លោក Li Ka-sing ដើរលឿនជាងពេលវេលាធម្មតាកន្លះម៉ោង លោកបាននិយាយថា៖ «ប្រសិនបើខ្ញុំមានការណាត់ជួបនៅកន្លែងណាមួយក្នុងទីក្រុងហុងកុង ត្រឹមតែកន្លះម៉ោងខ្ញុំអាចទៅដល់ទីនោះភ្លាម។ វាល្អណាស់សម្រាប់ខ្ញុំ»។ ក្នុងនោះមហាសេដ្ឋីវ័យ៩៤ឆ្នាំរូបនេះ បានថ្លែងបន្តទៀតថា៖ «ខ្ញុំបានក្លាយជាអ្នកមានមុនវ័យ៣០ឆ្នាំ។ ខ្ញុំមានអ្វីៗគ្រប់យ៉ាង គ្រួសារនិងខ្ញុំអាចរស់នៅយ៉ាងសុខស្រួលពេញមួយជីវិត ហើយខ្ញុំអាចចូលនិវត្តន៍បាន តែខ្ញុំមិនធ្វើដូច្នេះឡើយ ខ្ញុំនៅតែបន្តធ្វើការដល់សព្វថ្ងៃ»។
យ៉ាងណាមិញ ទោះបីស្ថិតក្នុងឋានៈជាមហាសេដ្ឋីជាមួយប្រាក់ពាន់លាន និងជាអ្នកជំនួញម្នាក់ជាប់ចំណាត់ថ្នាក់លេខ៣៣ ក្នុងនាមជាអ្នកមានជាងគេនៅលើពិភពលោកក្ដី លោក Li Ka-sing មិនដែលមានអារម្មណ៍ថាខ្មាសអៀន ឬ ខ្លាចគេសើចចំអកអំពីរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនគាត់ឡើយ ព្រោះមនុស្សទាំងនោះដឹងពីចរិតគាត់។ ជាមួយគ្នានេះគាត់ថែមទាំងបានពន្យល់ថា មូលហេតុដែលគាត់ពាក់នាឡិកាដៃម៉ាក Seiko ដ៏សាមញ្ញអស់ច្រើនទសវត្សរ៍គឺ ដោយសារវាផ្ដល់ប្រយោជន៍មិនចាញ់នាឡិកាថ្លៃៗ ទោះបីវាមានតម្លៃថោក ហើយមិនចាំបាច់បញ្ចូលថ្ម ជាពិសេសគាត់មិនចាំបាច់ត្រូវប្រុងប្រយ័ត្នច្រើនជាមួយវាទេ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦