កាលពីកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។ ក៏មានបងប្អូនជាច្រើនបានចោទសួរថា តើផ្លាកលេខ "រាជធានី-ខេត្ត" អាចប្ដូរមក "កម្ពុជា" សម្រាប់ម៉ូតូ ម៉ូតូកង់បី ឬម៉ូតូកង់បួនបានដែរឬទេ? ត្រូវមានឯកសារអ្វីខ្លះ? ហើយតម្លៃប៉ុន្មាន?
ជាមួយគ្នានោះដែរ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លាកលេខ "រាជធានី-ខេត្ត" អាចស្នើសុំប្ដូរមកផ្លាកលេខ "កម្ពុជា" បានដោយត្រូវមកបំពេញបែបបទស្នើសុំចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន "កម្ពុជា" ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖
១. រូបវន្តបុគ្គល៖
- ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម ឬច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
- ជនបរទេស ៖ លិខិតឆ្លងដែន និងទិដ្ឋាការមិនមែនទេសចរណ៍ដែលមានសុពលភាពរយៈពេលយ៉ាងតិច៣០ (សាមសិប) ថ្ងៃ (ច្បាប់ចម្លងមានផ្ដិតស្នាមមេដៃរបស់សាមីខ្លួន) លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយអាជ្ញាធរមានសមត្ថកិច្ច)។
២. នីតិបុគ្គល៖
ប័ណ្ណពន្ធប៉ាតង់ (ច្បាប់ចម្លងមានបោះត្រារបស់ក្រុមហ៊ុន ឬច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច)
៣. កម្រៃសេវា
- ចុះបញ្ជី (រូបវន្តបុគ្គល) ១២០.០០០៛
- ចុះបញ្ជី (នីតិបុគ្គល ឬសហកម្មសិទ្ធិ) ១៥០.០០០៛



