ការសិក្សាភាសាចិនជារឿងលំបាកមួយទៅហើយសម្រាប់អ្នកទើបចាប់ផ្តើមដំបូង តែអ្វីដែលកាន់តែលំបាកទៀតនោះគឺការសរសេរអក្សរ និងព្យពា្ជនៈចិន។ ព្រោះមិនមែនឱ្យតែបានសរសេរតាម គឺសុទ្ធតែត្រឹមត្រូវនោះទេ ពោលគឺត្រូវមានក្បួនខ្នាតក្នុងការសរសេរ ទើបក្លាយជាអ្នកជំនាញភាសាចិន។
យ៉ាងណាមិញថ្ងៃនេះយើងសូមណែនាំ App ទូរស័ព្ទដៃចំនួន៣ សម្រាប់សិក្សាភាសាចិនដោយឥតគិតថ្លៃល្អបំផុត ចំពោះអ្នករៀនដំបូងៗ ចង់ផ្តោតលើការរៀនសរសេរអក្សរចិន៖
១. Learn Chinese - ChineseSkill៖ គឺជាកម្មវិធីដ៏ល្អបំផុតមួយដើម្បីរៀនភាសាចិនសម្រាប់អ្នកដែលចាប់ផ្តើមរៀនដំបូងៗលើភាសាចិនកុកងឺ ដែលមានផ្ទុកមេរៀនគួរឱ្យចាប់អារម្មណ៍ ជាច្រើនក្នុងអេបតែមួយដូចជា ស្តាប់ អាន និយាយ វេយ្យាករណ៍ Pinyin និងការសរសេរអក្សរចិនជាដើម។ សម្រាប់កម្មវិធីនេះគឺអាចទាញយកបានទាំងលើ iOS និង Android ។
២. HelloChinese៖ គឺជាកម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់អ្នកចាប់ផ្តើមរៀនភាសាចិនដំបូង ដែលមានផ្តល់ជូននូវវគ្គសិក្សា ឥតគិតថ្លៃលើមូលដ្ឋាននៃ pinyin ការបញ្ចេញសំឡេង វេយ្យាករណ៍ និងវាក្យសព្ទ ក៏ដូចជាការសរសេរអក្សរចិនកុកងឺផងដែរ។ សម្រាប់កម្មវិធីនេះគឺអាចទាញយកបានទាំងលើ iOS និង Android ។
៣. Easy Chinese Writing៖ គឺជាកម្មវិធីរៀនសរសេរភាសាចិនសម្រាប់អ្នកចាប់ផ្តើមរៀនដំបូងៗ ដែលវាមានគំនូសឱ្យយើងសរសេរអក្សរចិនតាម ព្រមទាំងមានតារាងពិន្ទុ ដើម្បីជួយអ្នកប្រើប្រាស់កែលម្អលើការរៀននិងអនុវត្តការសរសេរ។ កម្មវិធីនេះផ្តោតលើការស្គាល់តួអក្សរ ដើម្បីបង្កើនជំនាញសរសេរអក្សរចិនធ្វើអ្នកសិក្សាងាយចងចាំពាក្យជាងមុន។ សម្រាប់កម្មវិធីនេះគឺអាចទាញយកនៅលើ Android ។
ពិតណាស់ការរៀនភាសាចិនគឺមានការពេញនិយមណាស់ នាពេលបច្ចុប្បន្ននេះ ព្រោះប្រទេសចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ក្នុងពិភពលោក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលា ឬថវិកាគ្រប់គ្រាន់ដើម្បីចូលរួមរៀននៅថ្នាក់ផ្ទាល់នោះទេ។
ដូច្នេះការរៀនដោយខ្លួនឯងខ្លះៗតាមប្រព័ន្ធអនឡាញក៏អាចជួយពង្រឹងចំណេះដឹងប្រចាំថ្ងៃផងដែរ ទោះចំណាយពេល១ថ្ងៃ១០នាទីក្តីក៏រៀនភាសាថ្មីមួយបានដែរ៕
អត្ថបទដោយ៖ ពីង ជូអេង