រៀនភាសាយូរឆ្នាំហើយ ចេះខ្លះដែរតែប្រើការមិនកើត ចេះអានតែមិនចេះសរសេរ អានរត់មាត់រូលតែបកប្រែមិនចេញ។ នេះក៏ព្រោះតែមិនដឹងក្បួនរៀនត្រឹមត្រូវ ហើយវាបានក្លាយទៅជាបញ្ហាដ៏រសើបមួយសម្រាប់អ្នកសិក្សាទូទៅមួយចំនួន។ ចុះតើត្រូវធ្វើដូចម្តេច ទើបអាចរៀនប្រកបដោយគុណភាពខ្ពស់?
ឆ្លើយតបទៅនឹងបញ្ហាខាងលើលោក សុខ គឹមភ័ស្ថ ស្ថាបនិកនិងជាអគ្គនាយក សាលាអន្តរជាតិ ជានចុងអ៊ីង (Jain Zhong Ying International Academy) បានប្រាប់រូបមន្តពិសេស១ ដែលរួមផ្សំចេញពីធាតុទាំង៤គឺ ការសរសេរ(Writing) ការស្តាប់(Listening) ការនិយាយ(Speaking) ការអាន(Reading) ទោះរៀនភាសាអ្វីក៏ចេះដែរ។
ទី១/. ការសរសេរ(Writing)៖ គឺជាធាតុផ្សំដ៏សំខាន់បំផុតក្នុងចំណោមធាតុផ្សំទាំងបួន។ លោក សុខ គឹមភ័ស្ថ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំឃើញសិស្សខ្ញុំភាគច្រើនគាត់ចង់ចេះណាស់ ប៉ុន្តែគាត់ខ្ជិលសរសេរ ដល់ពេលអីចឹងវាធ្វើឲ្យអក្សរដែលគាត់ត្រូវចាំក្នុងខួរក្បាលមិនដិតជាប់ទេ។ តែបើចង់ចេះភាសាចិនបានល្អវាផ្តើមចេញពីការសរសេរនេះឯង ត្រូវសរសេរឲ្យបានច្រើនដូចអ្វីដែលខ្លួនចង់ចេះ»។
ទី២/. ការស្តាប់(Listening)៖ ជាធម្មតា បើចង់អភិរឌ្ឍជំនាញនៃការស្តាប់ឲ្យកាន់តែប្រសើរ គួរគប្បីស្តាប់តាម Audio រៀនស្តាប់ពីជនជាតិដើម ស្តាប់តាម Youtube ឬក៏ Facebook page ជាដើម។ លោកនាយកសាលាខាងលើបានឲ្យដឹងថា៖ «ពេលស្តាប់យើងពុំចាំបាច់មើលរូប មើលឃ្លីប មើលវីឌីអូអីទេ យើងបើកមកជាលក្ខណកិច្ចសន្ទនាតែម្តង ធ្វើបែបនេះទើបទៅមុខលឿន»។
ទី៣/. ការនិយាយ(Speaking)៖ ចង់និយាយបានល្អ លុះត្រាអានសៀវភៅឲ្យបានច្រើន ចេះឃ្លាច្រើន ហើយត្រូវតែនិយាយ។ «យើងព្យាយាមបើកមាត់និយាយ អនុវត្តដោយប្រើមាត់យើងតែម្តង។ ក្នុងនោះប្រសិនបើយើងចេះពាក្យច្រើន ចេះឃ្លាបានច្រើន ប៉ុន្តែអត់បើកមាត់និយាយ ទោះបីជាបុគ្គលម្នាក់នោះចេះច្រើនយ៉ាងណា គឺនិយាយអត់ចេញទេ បើនិយាយចេញក៏រដាក់រដុបដែរ»។ លោក សុខ គឹមភ័ស្ថ បានបន្ថែម។
ទី៤/. ការអាន(Reading)៖ ឲ្យតែពាក់ព័ន្ធជាមួយអក្សរចិន ឬអង់គ្លេស ឬក៏អ្វីដែលយើងចង់ចេះ ត្រូវអានវាឲ្យបានច្រើន មិនថាជាប្រភេទអត្ថបទ ឬសៀវភៅនោះទេ។ លោកនាយកសាលាអន្តរជាតិ ជានចុងអ៊ីង បានថ្លែងថា៖ «ការអានសៀវភៅច្រើនវាធ្វើឲ្យយើងពង្រីកវិសាលភាពនៃចំណេះដឹង ពាក់ព័ន្ធនឹងប្រពន្ធខួរក្បាលរបស់យើង វាធ្វើឲ្យយើងចេះបានច្រើន»។
យ៉ាងណាមិញ ឆ្លងកាត់បទពិសោធន៍ធ្វើជាគ្រូបង្រៀនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជំនាញទាំង៤ដែលបានរៀបរាប់ខាងលើមានសារសំខាន់ទាំងអស់ ប៉ុន្តែចំពោះរូបលោកផ្ទាល់យល់ថា ការសរសេរជារឿងអទិភាពដែលអ្នកសិក្សាត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត។
លោក សុខ គឹមភ័ស្ថ បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលយើងសរសេរបានច្រើន យើងប្រើដៃ ប្រើខួរក្បាល ប្រើភ្នែក វត្ថុទាំងបីនេះនឹងជួយឲ្យខួរក្បាលយើងកត់ត្រាបានច្រើន ច្បាស់និងជាក់លាក់ ត្បិតខួរក្បាលប្រៀបដូចបញ្ជីកត់ត្រាមួយអីចឹង។ តែបើខ្ជិលសរសេរ គ្រាន់តែអាន និយាយ និងស្តាប់ លុះអត់ចេះសរសេរ ហើយអត់ចេះអក្សរ ចង់ខ្លាំងទៅមិនរួចទេ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម
https://t.me/hangchhengH24


