សាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ ប្រទេសនេះមានប្រជុំកោះជាង ១៧០០០ ជារដ្ឋប្រជុំកោះធំជាងគេលើពិភពលោក និងជាប្រទេសធំជាងគេទី១៤ ដែលមានផ្ទៃដីសុរប១,៩០៤,៥៦៩ គីឡូម៉ែត្រការ៉េ។ ឥណ្ឌូនេស៊ីមានប្រជាជនប្រហែល ២៨០ លាននាក់ ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ របស់ពិភពលោក និងជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេ។
ថ្វីត្បិតតែប្រទេសនេះ ជាប្រជុំកោះច្រើនជាងគេ ប្រឈមនឹងគ្រោះធម្មជាតិជាញឹកញាប់ ប៉ុន្តែប្រទេសនេះអាចរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៥.៣% ក្នុង១ឆ្នាំ កាលពីឆ្នាំ២០២២ និងរំពឹងថាមានកំណើន ៤.៨% នៅឆ្នាំ២០២៣នេះ ជាមួយទំហំផលិតផលក្នុងស្រុកធំលំដាប់លេខ ១៦លើលោក។ ក្រឡែកមកមើលពីក្បាលម៉ាស៊ីនដឹកនាំប្រទេសនេះវិញ តើប្រធានាធិបតី Joko Widodo មានគោលការណ៍ដឹកនាំអ្វីខ្លះ ទើបធ្វើឱ្យជាតិរីកចម្រើនក្លាយជាបងធំសេដ្ឋកិច្ចទី១នៅអាស៊ាន?
១. កំណែទម្រង់វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ
វិស័យទាំង២នេះ ជាវិស័យដែលមានអាទិភាពខ្ពស់ ជាស្នូលក្នុងការកសាងជាតិ និងសេដ្ឋកិច្ច។ អាស្រ័យហេតុនេះហើយ ទើបបានជាប្រធានាធិបតីរូបនេះ បានធ្វើកំណែទម្រង់ស៊ីជម្រៅ និងផ្ដល់អាទិភាពខ្លាំងកសាងអភិវឌ្ឍន៍វិស័យទាំង២ឱ្យបានខ្លាំងក្លា ដើម្បីកសាងធនធានមនុស្ស និងសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំបំផុត។ ជាក់ស្ដែង ប្រទេសនេះ បានរៀបចំកញ្ចប់ថវិកាមិនតិចជាង ២០ពាន់លានដុល្លារនោះទេ សម្រាប់ចំណាយលើ ស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
២. កំណែទម្រង់រដ្ឋបាល អនុគ្រោះពន្ធ ដើម្បីទាក់ទាញវិនិយោគគិន
វិស័យពាណិជ្ជកម្ម ក៏ជារឿងសំខាន់បំផុត១ ក្នុងការជួយជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនទៅមុខផងដែរ។ អាស្រ័យហេតុនេះបានជាបណ្ដាប្រទេសនានាតែងតែកសាងខ្លួនឱ្យដូចជាមេដែក ដើម្បីស្រូបអ្នកវិនិយោគគិន ឱ្យចូលមករកស៊ីក្នុងប្រទេសខ្លួន។ អាស្រ័យហេតុនេះទើប ប្រធានាធិបតីឥណ្ឌូនេស៊ី បានធ្វើកំណែទម្រង់រដ្ឋបាល ច្បាប់ និងផ្នែកពន្ធ ឱ្យកាន់តែមានភាពលឿន រហ័សសាមញ្ញ និងមានមុខងារច្បាស់លាស់ ដើម្បីធ្វើឱ្យអ្នកដែលចង់ចូលមករកស៊ី មិនឈឺក្បាល មិនសាំញ៉ាំ និងរង់ចាំយូរសម្រាប់ប្រតិបត្តិការរកស៊ីរបស់ខ្លួន។ នាពេលកន្លងមក ក្នុងជំនួបជាមួយសេដ្ឋីពិភពលោក Elon Musk លោកក៏ធ្លាប់បានស្នើឱ្យសេដ្ឋីរូបនេះ ចូលមករកស៊ីក្នុងប្រទេសខ្លួនផងដែរ។
៣. គោលការណ៍ សាមញ្ញ រហ័ស ប្រសិទ្ធភាព មុខងារច្បាស់លាស់
មិនថាជាការដាក់ចេញនូវគោលនយោបាយ ការអនុវត្តការងារ និងការរៀបចំកិច្ចការងាររដ្ឋបាលនានានោះទេ លោកតែងតែព្យាយាមរៀបចំឱ្យវាកាន់តែមានភាពសាមញ្ញងាយយល់ ងាយធ្វើ មានភាពរហ័សមិនសាំញ៉ាំមិនចំណាយពេលយូរ កិច្ចការងារនោះអាចផ្ដល់នូវប្រសិទ្ធភាពខ្ពស់ ហើយរាល់អ្វីដែលធ្វើត្រូវមានមុខងារតួនាទីច្បាស់លាស់បំផុត។ ការអនុវត្តនូវគោលការណ៍ដឹកនាំបែបនេះហើយ បានជួយឱ្យការដឹកនាំរបស់លោក មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


