ឆ្កែគឺជាសត្វចិញ្ចឹមមួយប្រភេទ ដែលមនុស្សភាគច្រើនចូលចិត្តចិញ្ចឹម និងខ្លះទៀតបានចាត់ទុកឆ្កែប្រៀបបីដូចជាសមាជិកគ្រួសាររបស់ខ្លួនអ៊ីចឹងដែរ។ មិនត្រឹមតែមនុស្សទូទៅនោះទេ សូម្បីតែមេដឹកនាំប្រទេសមហាអំណាចដូចជា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីបារាំង លោក Emmanuel Macron ម្ចាស់ក្សត្រិយ៍អង់គ្លេស Elizabeth II ជាដើម គាត់សុទ្ធតែជាអ្នកដែលស្រលាញ់ឆ្កែខ្លាំងបំផុត។ តើឆ្កែបានផ្ដល់ប្រយោជន៍ធំៗអ្វីខ្លះទើបធ្វើឱ្យ មេដឹកនាំប្រទេសមហាអំណាចភាគច្រើនចូលចិត្តចិញ្ចឹមឆ្កែខ្លាំងម៉្លេះ?
១. ជួយកាត់បន្ថយស្ត្រេស
ការស្រាវជ្រាវបានបង្ហាញថា ការចិញ្ចឹមសត្វឆ្កែអាចជួយបន្ថយអរម៉ូនស្ត្រេស cortisol ហើយ៨៤% នៃអ្នកជំងឺដែលមានជំងឺស្ត្រេស ក្រោយពេលបានលេងជាមួយឆ្កែ បានធ្វើឱ្យរោគសញ្ញាស្ត្រេសថយចុះ៤០% ព្រមទាំងអាចជួយកាត់បន្ថយការញ៉ាំថ្នាំរបស់ពួកគេថែមទៀតផង។
២. បន្ធូរភាពឯកោ និងការបាក់ទឹកចិត្ត
ការសិក្សាឆ្នាំ២០១១ បានរកឃើញថា ម្ចាស់សត្វចិញ្ចឹម កាន់តែមានការពេញចិត្តចំពោះខ្លួនឯងកាន់តែប្រសើរជាងមុន ពេលគាត់មានសត្វចិញ្ចឹមនៅជាមួយ។ មួយវិញទៀត រាល់បុគ្គលដែលកាន់តួនាទីកាន់តែខ្ពស់ គឺត្រូវប្រឈមនឹងភាពឯកោបំផុត ព្រោះមិត្តភាពក៏កាត់បន្ថយសល់តិចជាងមុន ចង់ធ្វើអ្វីមួយក៏ត្រូវគិតឱ្យបានលម្អិត និងមិនអាចធ្វើរឿងមួយចំនួនដូចមនុស្សសាមញ្ញធម្មតាភាគច្រើននោះទេ ដែលវាជាកត្តាងាយនឹងធ្វើឱ្យគាត់មានអារម្មណ៍ឯកោ។ ដូច្នេះមេដឹកនាំមួយចំនួន បានជ្រើសរើសឆ្កែធ្វើជាមិត្ត ធ្វើជាអ្នកដែលស្ដាប់នូវរាល់បញ្ហាក្នុងចិត្តបាន ដោយមិនបារម្ភខ្លាចបញ្ហាទាំងនោះបែកធ្លាយចេញទៅដល់ត្រចៀកមនុស្សជុំវិញខ្លួនទេ ព្រោះឆ្កែជាសត្វដ៏ស្មោះត្រង់នឹងម្ចាស់ខ្លាំងបំផុតមួយ។
៣. ជួយឱ្យមនុស្សមានសុខភាពល្អប្រសើរ
ឆ្កែជាសត្វដែលមិនសូវចូលចិត្តនៅស្ងៀមនោះទេ ដូច្នេះម្ចាស់របស់វា ជៀសមិនផុតពីការបណ្ដើរវាដើរលេង ឬប្រលែងជាមួយវានៅពេលដែលវាចង់ប្រលែងម្ដងៗនោះទេ។ សកម្មភាពបែបនេះបានធ្វើឱ្យម្ចាស់ឆ្កែមានអារម្មណ៍ល្អ បានហាត់ប្រាណផង និងមានស្មារតីរហ័សរហួនផងដែរ។
៤. ទទួលបានក្ដីស្រលាញ់ និងអារម្មណ៍មានសុវត្ថិភាព
ឆ្កែជាសត្វស្មោះត្រង់ និងមានក្ដីស្រលាញ់ខ្លាំងចំពោះម្ចាស់របស់វា។ ដូច្នេះរាល់អ្នកដែលចិញ្ចឹមឆ្កែតែងតែទទួលបាននូវអារម្មណ៍កក់ក្ដី ទទួលបានក្ដីស្រលាញ់ និងមានអារម្មណ៍សុវត្ថិភាពរាល់ពេលនៅក្បែរឆ្កែរបស់ពួកគេ។ មួយវិញទៀត វាក៏ជាអង្គរក្សការពារម្ចាស់ផងដែរ៕


