ជាធម្មតាហាងកាហ្វេត្រូវបានគេនិយមបើករកស៊ីនៅកន្លែងដែលមានលក្ខណៈអ៊ូអរមានមនុស្សឆ្លងកាត់ទៅមកច្រើន ឬបើកនៅតំបន់ទេសចរណ៍ជាដើម។ដោយឡែក ប្លែកតែហាងកាហ្វេ Le Toul Café គេចចេញពីការបើកហាងកាហ្វេនៅទីក្រុង ទៅបើកនៅក្នុងភូមិដែលមិនសូវអ៊ូអរទៅវិញ។
ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក គឹម គីណាល់ បច្ចុប្បន្នជាម្ចាស់ហាងកាហ្វេ ឡឺទួលកាហ្វេ បានឱ្យដឹងថា កាហ្វេ Le Toul Café នេះត្រូវបានបង្កើតឡើងនៅអំឡុងខែ កុម្ភៈ ឆ្នាំ ២០១៨ ដោយលោកបើកដំបូងគឺត្រឹមតែជាលក្ខណៈតូបតូចមួយប៉ុណ្ណោះ លុះក្រោយមកទើបលោកពង្រីកបន្តិចម្តងៗរហូតក្លាយជាហាងកាហ្វេធំ ដែលមានកន្លែងអង្គុយលេងច្រើនមកដល់បច្ចុប្បន្ននេះ។
លោកបានបន្តទៀតថា មូលហេតុដែលនាំឱ្យលោកបើកហាងកាហ្វេនេះឡើង គឺលោកយល់ឃើញថា តំបន់នេះមានអ្នករកស៊ីដីឡូត៍ ចេញចូលច្រើនទើបលោកចង់បើកសម្រាប់ឈ្នួញឬម្ចាស់ដីគាត់មកទិញដីតំបន់នេះ អាចឱ្យគាត់ចូលអង្គុយនឹងញ៉ាំកាហ្វេបាន។ម្ចាស់ហាងកាហ្វេ រូបនេះបានបន្ថែមផងដែរថា លុះក្រោយៗមកបន្ទាប់ពីបើកបានមួយរយៈពេល មានភ្ញៀវចេញចូលមកសាករសជាតិកាហ្វេនៅ Le Toul Café ក៏ធ្វើឱ្យភ្ញៀវជាប់ចិត្តនឹងគុណភាពនៅទីនេះ ដែលនាំឱ្យមានការណែនាំគ្នាជាបន្តបន្ទាប់រហូតធ្វើឱ្យមានគេស្គាល់កាន់តែច្រើនបន្ថែមទៀត។
ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យមកដល់សព្វថ្ងៃនេះ ហាងកាហ្វេ Le Toul Café ក៏ធ្លាប់ជួបព្យុះភ្លៀងមិនតិចប៉ុន្មានដែរ ដោយពេលចាប់ផ្តើមដំបូង លោកធ្លាប់ត្រូវមិត្តភក្តិ មនុស្សជុំវិញខ្លួនលើកឡើងនូវមតិអវិជ្ជមានជាច្រើនផងដែរ ដូចជា ថាលោកបើកកាហ្វេនេះលក់ឱ្យស្វាឬឱ្យមនុស្សជាដើម។ប៉ុន្តែបើទោះជាមានមតិមិនល្អយ៉ាងនេះក្តី ក៏មិនបានធ្វើឱ្យលោក គីណាល់ បោះបង់គំនិតនិងក្តីស្រមៃខ្លួនឯងចោលដែរ ផ្ទុយទៅវិញលោកនៅតែបន្តបោះជំហានទៅមុខជានិច្ចរហូតក្លាយខ្លួនជាថៅកែហាងកាហ្វេដ៏ល្បីឈ្មោះ ដែលមានភ្ញៀវចេញចូលពេញៗរាល់ថ្ងៃ។
ដោយឡែក ចំពោះចំណុចពិសេសដែលធ្វើឱ្យ Le Toul Café ល្បីល្បាញខ្លាំងបែបនេះដោយសារតែហាងកាហ្វេមានការតុបតែងខុសពីហាងកាហ្វេដទៃ ដោយមានការរៀបចំបែបលក្ខណៈផ្ទះខ្មែរសម័យបុរាណ ដោយបង្គុំរវាងគ្រឿងទព្វសម្ភារ (គ្រឿងសំណង់)ចាស់ប្រមែប្រមូលយកពីតាមបណ្តាខេត្តនានា និងជញ្ជាំងធ្វើពីបង្អួចស្លាបព្រិលសុទ្ធសាធ ហៅថា “ផ្ទះបង្អួច១០០” និងមានរបស់បុរាណសម្រាប់តាំងលម្អដូចជា ថាសចម្រៀងជំនាន់ដើម វិទ្យុ ឆ្នាំអ៊ុត ឧបករណ៍ភ្លេងខ្មែរ ជាមួយនឹងទេសភាពខាងក្រៅមានការដាំដើមឈើលម្អ ជុំវិញបរិវេណហាងកាហ្វេទាំងមូលដែលធ្វើឱ្យអ្នកដែលបានទៅមានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងអារម្មណ៍ដូចខ្លួនឯងកំពុងនៅសៀមរាប ព្រោះតែការតុបតែង និង ការរៀបចំបែបលក្ខណៈសម័យបុរាណ បានទៅហើយចង់ទៅម្តងទៀតមិនជិនចាយ។
បើនិយាយពីសេវាកម្មវិញគឺរហ័សទាន់ចិត្ត បុគ្គលិកមានភាពរួសរាយរាក់ទាក់ ស្វាគមន៍យ៉ាងកក់ក្តៅ រីឯតម្លៃក៏សមរម្យ រសជាតិអាហារឆ្ងាញ់ញ៉ាំហើយមានអារម្មណ៍ថាដូចបានញ៉ាំម្ហូបនៅផ្ទះយើងអ៊ីចឹង។ហេតុនេះហើយ សម្រាប់បងប្អូនដែលមិនទាន់បានទៅសាករសជាតិ ចំណីអារម្មណ៍ប្លែករបស់ហាង Le Toul Café កុំភ្លេចទៅដល់ទីតាំង Le Toul Café ដែលមានទីតាំងនៅ លើផ្លូវលេខ៤២ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង