កុំបន្ទោសជោគវាសនាបើអ្នកកើតមកមានជីវិតមិនសូវល្អ គ្រួសារមិនសូវធូរធារ ព្រោះភាពកក្រីក្រមិនបានកំណត់ដោយវាសានា តែវាអាចកើតចេញពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអ្នកធ្វើវាមិនដោយមិនចាប់អារម្មណ៍។ ទម្លាប់តូចៗ ដែលមើលទៅមិនសូវសំខាន់ ប៉ុន្តែបើបន្តធ្វើយូរ វាអាចបំផ្លាញអនាគតហិរញ្ញវត្ថុរបស់អ្នកយ៉ាងស្ងៀមស្ងាត់។ ខាងក្រោមនេះគឺជា ទម្លាប់អាក្រក់ ៥ ដែលធ្វើឱ្យអ្នកមិនអាចរីកចម្រើនផ្នែកលុយបាន បើមិនព្រមកែប្រែចេញ៖
១. ចាយមុន គិតក្រោយ៖ ទម្លាប់អាក្រក់មួយរបស់មនុស្សជាច្រើនគឺចាយមិនចេះគិតពេលមានលុយក្នុងដៃ តែពេលចាយអស់ទើបនឹកគិតស្ដាយក្រោយ។ ពេលខ្លះការចំណាយប្រចាំថ្ងៃដែលអ្នកគិតថាតិច ការពិតវាមិនតិចទេបើបូកបញ្ចូលគ្នាជាខែ ឬជាឆ្នាំ ហើយនេះគឺជាមូលហេតុដែលធ្វើឱ្យប្រាក់ខែរបស់អ្នកបើកមកមិនដែលសល់។ ដូច្នេះបើចង់សល់លុយ ត្រូវមានវិន័យក្នុងការចំណាយ កំណត់គោលដៅ រៀបផែនការឱ្យច្បាស់លាស់។ បើអ្នកអាចប្ដូរទម្លាប់អាក្រក់នេះចេញបាន ទោះប្រាក់ខែតិចចុងខែអ្នកនៅតែអាចសល់បាន។
២. មិនចេះសន្សំ គ្មានគោលដៅអនាគត៖ អ្នកខ្លះគិតថាចាំមានលុយសិនចាំសន្សំ តែនេះគឺជាគំនិតដ៏ឆោតល្ងង់បំផុត ព្រោះការសន្សំគឺអ្នកត្រូវធ្វើគ្រប់ពេលមិនកំណត់ថាត្រូវដាក់លុយច្រើនឬតិច។ ព្រោះបើអ្នកមិនចេះសន្សំនោះមានន័យថាអ្នកគ្មានគោលដៅសម្រាប់អនាគត ហើយពឹងផ្អែកតែលើសំណាងជាងការកំណត់ជោគវាសនាខ្លួនឯង។ ម្យ៉ាងវិញទៀត បើអ្នកគ្មានប្រាក់សន្សំទេ នៅពេលមានបញ្ហាអាសន្ន ដូចជាមានជំងឺ បាត់បង់ការងារ ឬវិបត្តិគ្រួសារ ផ្សេងៗអ្នកនឹងជួបការលំបាកភ្លាម។ ហើយជម្រើសចុងក្រោយនោះគឺខ្ចីលុយគេ ជាលទ្ធផលអ្នកនឹងក្លាយជាទាសកររបស់លុយ ត្រូវធ្វើការសងគេមិនចេះអស់។
៣. ទម្លាប់ខ្ជិលរៀន និងមិនអភិវឌ្ឍខ្លួន៖ បច្ចុប្បន្ននេះពិភពលោកកំពុងផ្លាស់ប្តូរ បច្ចេកវិទ្យា និងទីផ្សារការងារ កំពុងត្រូវការជំនាញថ្មីៗជានិច្ច។ ដូច្នេះបើសិនជាអ្នកខ្ជិល មិនខំប្រឹងរៀន មិនខំប្រឹងអភិវឌ្ឍន៍ខ្លួនទេ អ្នកនឹងក្លាយជាមនុស្សដែលគ្មានប្រយោជន៍នៅក្នុងទីផ្សារការងារ។ ភាពក្រីក្រ មិនមែនសម្ដៅដល់រឿងគ្មានលុយតែមុខទេ តែបើអ្នកខ្វះជំនាញមិនអាចបង្កើតប្រាក់នោះក៏ជាភាពក្រីក្រដែរ។ បើអ្នកមិនចេះវិយោគលើចំណេះ មិនខំប្រឹងអភិវឌ្ឍន៍ខ្លួន យូរទៅអ្នកនៅតែត្រាំត្រែងនឹងការងារដែលប្រាក់ខែទាប ហើយគ្មានថ្ងៃរីកចម្រើនទេ។
៤. ទម្លាប់បន្ទោសអ្នកដទៃ គ្មានទំនួលខុសត្រូវលើជីវិតខ្លួនឯង៖ មនុស្សខ្លះពេលខ្លួនពិបាកចូលចិត្តរកហេតុផលបន្ទោសអ្នកដទៃ មើលមិនឃើញពីចំណុចខ្វះខាតរបស់ខ្លួនទេដូចជាថា សេដ្ឋមិនល្អ ប្រទេសមិនអភិវឌ្ឍ ឬគ្រួសារមិនគាំទ្រ ។ល។ ទោះបីហេតុផលទាំងនេះមានឥទ្ធិពលខ្លះក៏ដោយ ប៉ុន្តែការបន្ទោសគេ មិនដែលធ្វើឱ្យជីវិតប្រសើរឡើងឡើយ។ ពេលមនុស្សម្នាក់គ្មានទំនួលខុសត្រូវលើទង្វើខ្លួនឯង។ ទំនួលខុសត្រូវគឺជាជំហានដំបូងនៃការផ្លាស់ប្តូរ។ បើអ្នកគ្មានការទទួលខុសត្រូវ គឺគ្មានការកែប្រែ គ្មានការរីកចម្រើន។
៥. ប្រើពេលខ្ជះខ្ជាយ៖ ពេលវេលា ជាទ្រព្យសម្បត្តិដែលមានតម្លៃជាងលុយ ប៉ុន្តែមនុស្សមួយចំនួនមិនសូវយកចិត្តទុកដាក់នឹងពេលវេលាទេ។ ការចំណាយពេលរាប់ម៉ោងលើបណ្ដាញសង្គម ចូលចិត្តពន្យារពេល និងរស់នៅដោយគ្មានគោលដៅ ធ្វើឱ្យថ្ងៃមួយៗផុតទៅដោយគ្មានការរីកចម្រើន។ មនុស្សដែលមិនគ្រប់គ្រងពេលវេលា មិនអាចគ្រប់គ្រងជីវិតបានទេ។ ពេលវេលាដែលត្រូវបានខ្ជះខ្ជាយថ្ងៃនេះ នឹងក្លាយជាភាពក្រីក្រនៅថ្ងៃស្អែក។ អ្នកដែលមានអនាគតល្អ មិនមែនជាអ្នកមានពេលច្រើនជាងគេទេ ប៉ុន្តែជាអ្នកប្រើពេលវេលាបានល្អជាងគេ៕


