ឡរា ម៉ម (Laura Mam) ត្រូវបានមហាជនចាស់-ក្មេងទទួលស្គាល់ថា ជាសិល្បការិនីមួយរូបដែលមានទាំងសមត្ថភាពច្រៀង តែងនិពន្ធបទចម្រៀង ផលិតករតន្ត្រី និងជាអ្នកជំនួញ។ នាងត្រូវបានគេស្គាល់ថាជាសមាជិកនៃចលនាតន្ត្រី Original របស់កម្ពុជា និងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិនៃ ផលិតកម្មបារមី ផងដែរ។ ថ្ងៃនេះយើងនឹងមករូតវាំងននមើលពីភាពឈឺចាប់ និងការមើលងាយរបស់អ្នកដទៃមកលើយុវតី ឡរា ម៉ម ទម្រាំអាចដើរមកដល់ចំណុចនេះ។
យុវតីសញ្ជាតិអាមេរិកដើមកំណើតខ្មែរ ឡរា ម៉ម (Laura Mam) កើតក្នុងឆ្នាំ១៩៨៦ និងធំធាត់ឡើងលើទឹកដីអាមេរិក ដោយមានលោកឪពុក-អ្នកម្ដាយគឺជាជនភៀសខ្លួនពីកម្ពុជា ដែលបានឆ្លងកាត់សម័យសង្គ្រាមដ៏គួរឲ្យភ័យខ្លាចបំផុត និងបានតស៊ូរស់នៅប្រទេសគេប្រឹងធ្វើការគ្រប់យ៉ាងដើម្បីនាង និងប្អូនប្រុស។ លុះចម្រើនវ័យធំដឹងក្តី បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Berkley ផ្នែកបុរាណវិទ្យា ឡរា ម៉ម បានទៅចូលរួមធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Global Heritage Fund ដែលទីនោះនាងចាប់ផ្តើមធ្វើការផ្នែកអភិរក្ស ប៉ុន្តែជាអកុសលនាងក៏ត្រូវបានគេបញ្ឈប់ពីការងារ។
និយាយក្នុងកម្មវិធី TEDx Abdul CarimeSt កាលពីឆ្នាំ២០១៨ យុវតីរាងខ្ពស់ស្រឡះរូបនេះបាននិយាយថា៖ «ខ្ញុំត្រូវគេបញ្ឃប់ពីការងារ យើងជួបវិបត្តិសេដ្ឋកិច្ចនៅស្រុកអាមេរិកក្នុងឆ្នាំ២០០៨ ដូច្នេះប្រធានរបស់ខ្ញុំ ប្រាប់ខ្ញុំថា សុំទោស ឡរា! យើងត្រូវសម្រេចចិត្តបញ្ឈប់រូបអ្នកហើយ ព្រោះយើងមិនមានមូលនិធិសម្រាប់រូបអ្នកទៀតទេ»។ «ប៉ុន្តែខ្ញុំមានអារម្មណ៍សោកស្តាយចំពោះរូបអ្នក ខ្ញុំចូលចិត្តវីឌីអូយូធូបរបស់អ្នក ដូច្នេះខ្ញុំនឹងឲ្យថវិកា ៣០០០ដុល្លាទៅអ្នក ដូច្នេះអ្នកអាចទៅប្រទេសកម្ពុជាផលិតវីឌីអូចម្រៀងរបស់អ្នកបាន»។
ដំណើរមកកាន់កម្ពុជាប្រកបដោយភាពរលូន ទំព័រជីវិតថ្មីលើទឹកដីសុវណ្ណភូមិនាងបានចូលរួមនៅក្នុងចលនាមួយ ឈ្មោះថា ចលនាបទចម្រៀង-តន្ត្រីដើម ជួយឲ្យនាងមានឱកាសធ្វើកិច្ចការសប្បាយៗជាច្រើន និងឡើងលើឆាកជាដើម មើលទៅអ្វីៗពិតជាគួរឲ្យរំភើបណាស់។ នៅទីបំផុត ចលនាតន្ត្រីដើមបានរុញច្រាននាងឲ្យប្រឡូកនៅក្នុងវិស័យតន្រ្តីដ៏អស្ចារ្យនេះ។ ដោយកម្តៅនៃក្តីស្រលាញ់កាន់តែកើនឡើង ឡរា ម៉ម ក៏បានបង្កើតផលិតកម្មមួយមានឈ្មោះថា បារមី ជាកន្លែងប្រជុំតារាចម្រៀង Original Song ក្នុងឆ្នាំ ២០១៦៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦