ធ្លាប់ប្រពន្ធថាមានគំនិតឆ្កួតៗ រហូតសុំលែង លោក Larry Ellison ដើរតាមក្តីស្រមៃ ក្លាយជាមហាសេដ្ឋីទី៦
Kan DaraAPRIL 3 2023998 views

លោក Larry Ellison គឺ​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Oracle Corp និង​ជា​មហាសេដ្ឋីកំពូលជួរមុខឈរលេខរៀងទី៦ របស់ពិភពលោក។ ប៉ុន្តែមុនឈានជើងដល់ចំណុចនេះ លោកធ្លាប់ត្រូវបានប្រពន្ធជាទីស្រលាញ់ឱបជាប់នឹងទ្រូងដៀលត្មេះថាមានគំនិតឆ្កួតឡប់ រហូតសុំលែងលះ រីឯខ្សែជីវិតវិញក៏ឆ្លងកាត់ព្យុះភ្លៀងមិនតិចដែរ។

1

លោក Larry Ellison កើតនៅក្នុងឆ្នាំ១៩៤៩ លើទឹកដីទីក្រុង New York សហរដ្ឋអាមេរិក។​​ ក្រោយកើតបាន៩ខែ ទារកកម្សត់នេះមានជំងឺរលាកសួត។ ត្បិតជីវភាពគ្រួសារលំបាកតោកយ៉ាកនិងគ្មានលទ្ធភាពព្យាបាលកូនប្រុស ម្ដាយក៏បង្ខំចិត្តបញ្ជូនលោកឱ្យទៅរស់នៅឯទីក្រុង Chicago ជាមួយពូមីងគឺអ្នកស្រី Lillian Ellison និងលោក Louis Ellison។ លុះចម្រើនវ័យពេញកំលោះ ក្រោយរៀនចប់ថ្នាក់វិទ្យាល័យ ម្តាយមីងរបស់ Larry បានបញ្ជូនលោកឱ្យទៅរៀនផ្នែកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យ Illinois។ ប៉ុន្ដែលោកត្រូវបានជួបរឿងអកុសលម្ដងទៀត ដោយបានបង្ខំចិត្តបោះបង់ចោលការសិក្សានៅត្រឹមឆ្នាំទី២ ដោយសារម្ដាយមីងបានស្លាប់ ដែលជាហេតុធ្វើឱ្យលោកពុំមានលុយអាចរៀនបន្ដទៀតបាន។

បន្ទាប់ពីឈប់រៀន ក្នុងវ័យ២១ឆ្នាំកំលោះស្ទើរភ្លើង Larry បានវិចបង្វិចខោអាវនិងហ្គីតាដាក់ចូលក្នុងគូទឡាន ធ្វើដំណើរពី Chicago ឆ្ពោះទៅកាន់ Berkeley នៃរដ្ឋកាលីហ្វ័រញ៉ា។ គ្រានោះលោកបានធ្វើការជាអ្នកមគ្គុទ្ទេសក៍ទន្លេ និងជាគ្រូបង្រៀនឡើងភ្នំថ្ម។ Larry ពិតជារីករាយជាមួយការងារទាំងពីរនេះណាស់ ប៉ុន្តែវាពុំបានផ្តល់ប្រាក់កម្រៃសមរម្យនោះទេ ដែលជាហេតុតម្រូវឲ្យលោកត្រូវស្វែងរកការងារធ្វើបន្ថែមក្នុងនាមជាអ្នកសរសេរ​កម្មវិធី​កុំព្យូទ័រនៅ Berkeley និងបានចូលរៀននៅមហាវិទ្យាល័យសរសេរកម្មវិធី។

Larry រៀនពូកែណាស់ វានាំមកនូវក្តីសុខឲ្យលោកខ្លាំងបំផុត។ Larry បានលើកឡើងយ៉ាងដូច្នេះថា៖ «ជីវិតរបស់ខ្ញុំក្នុងចំណុចនេះ ខ្ញុំគិតថាបានបង្កើតដំណើរការត្រឹមត្រូវនៅក្នុងដំណើរស្វែងរកខ្លួនឯង។ ខ្ញុំបានស្វែងរកឃើញបុព្វហេតុ ខ្ញុំមានការងារពីរបីដែលខ្ញុំស្រលាញ់ ហើយមានមួយដែលអាចឲ្យខ្ញុំរីករាយ និងអាចបង់ថ្លៃវិក័យប័ត្រ។ ខ្ញុំពិតជារីករាយជាមួយជីវិតខ្ញុំណាស់ ប៉ុន្តែប្រពន្ធរបស់ខ្ញុំមិនដូច្នេះទេ អ្វីដែលនាងមើលឃើញគឺការបោះបង់ការសិក្សា ជាមនុស្សដែលចំណាយពេលច្រើនបំផុតនៅលើភ្នំ ដើម្បីធ្វើរឿងគ្មានប្រយោជន៍ប៉ុណ្ណោះ»

34

នាងចង់ឲ្យលោកធ្វើការជាអ្នកសរសេរកម្មវិធីកុំព្យូទ័រពេញម៉ោង ឬក៏ត្រឡប់ទៅមហាវិទ្យាល័យវិញដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ លោកចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ UC Berkeley និងបានចូលរៀនក្នុងកម្មវិធីពីរបី ប៉ុន្តែមានតែមួយប៉ុណ្ណោះដែលលោកអាចចងចាំបាន  គឺថ្នាក់ជិះទូកក្តោង។ នៅពេលថ្នាក់រៀនបានបញ្ចប់លោកមានបំណងចង់ទិញទូកក្តោងមួយ តែប្រពន្ធរបស់លោកបាននិយាយថា វាគឺជាគំនិតដ៏ឆ្កួតឡប់បំផុតតែមួយគត់ដែលនាងបានឮពេញមួយជីវិតរបស់នាង។ នាងបានចោទប្រកាន់លោកថាជាមនុស្សគ្មានការទទួលខុសត្រូវ និងបានដាក់ពាក្យសុំលែងលះជាមួយលោកក្នុងឆ្នាំ ១៩៧៨។ លោក Larry Ellison បានថ្លែងក្នុងថ្ងៃទទួលសញ្ញាបត្រពីសាកលវិទ្យា Southern Californa យ៉ាងដូច្នេះថា៖ «វាគឺជាចំណុចរបត់សំខាន់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំមិនខកចិត្តនឹងជីវិតខ្លួនឯងទៀតឡើយ ក្តីសុបិនរបស់ពួកគេនិងក្តីសុបិនរបស់ខ្ញុំគឺផ្សេងគ្នា»។

បន្ទាប់ពីពេលនោះមក លោកបានស្រាវជ្រាវហើយស្រាវជ្រាវទៀត ប៉ុន្តែលោកនៅតែមិនអាចស្វែងរកការងារជាវិស្វករ Software ឡើយ ដូច្នេះលោកក៏ព្យាយាមបង្កើតមួយឡើងមក។ Larry បានដាក់បញ្ចូលគ្នាជាមួយគម្រោងមួយហើយចាប់ផ្តើមបង្កើតក្រុមហ៊ុនដោយខ្លួនឯងមានឈ្មោះថា Oracle Corp ក្រោយបានលែងលះគ្នាអស់រយៈពេល៦ខែ។ លោកបានលើកឡើងថា៖ «ផ្លូវនោះវាអនុញ្ញាតឲ្យខ្ញុំអាចគ្រប់គ្រងបរិយាកាសការងាររបស់ខ្ញុំបានទាំងស្រុង។ គោលដៅរបស់ខ្ញុំគឺបង្កើតការងារដ៏ល្អឥតខ្ចោះសម្រាប់ខ្លួនខ្ញុំ ការងារដែលខ្ញុំស្រលាញ់ចេញពីក្រអៅបេះដូង»

Qq

លោកបានប្រកាសស្វែងរកវិស្វករ Software ដ៏មានទេពកោសល្យបំផុត ក្នុង Silicon Valley និងប្រមូលផ្តុំក្រុមអ្នកសរសេរកម្មវិធីដ៏លេចធ្លោដែលជាកាដូព្រះប្រទានឲ្យ។ ក្រុមដែលមានគំនិតឆ្កួតឡប់នេះ បានផ្តល់កំណើតដល់ក្រុមហ៊ុនយក្សដ៏ធំមួយ។ លោកបាននិយាយថា៖ «ខ្ញុំហៅវាថាជាគំនិតឆ្កួតឡប់ ពីព្រោះនៅគ្រានោះគ្រប់គ្នាប្រាប់ខ្ញុំថា វាគឺជាគំនិតឆ្កួតឡប់។ ហើយនៅពេលដែលអ្នកចាប់ផ្តើមប្រាប់មនុស្ស ដំបូងពួកគេហៅអ្នកថាក្រអឺតក្រទម ហើយបន្ទាប់មកពួកគេនិយាយថាអ្នកឆ្កួត។ នៅពេលដែលមនុស្សប្រាប់អ្នកថាអ្នកជាមនុស្សឆ្កួត អ្នកអាចនឹងកំពុងឆ្ពោះទៅរកការបង្កើតថ្មីដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នកហើយ»

ក្រោយពីបង្កើតក្រុមហ៊ុនបានមួយរយៈ លោក Larry Ellison ក៏អាចអូសបានអតិថិជនដំបូង គឺក្រុមហ៊ុន IBM ដែលជាក្រុមហ៊ុនចាស់របស់លោកធ្លាប់ធ្វើការនឹងឯង។ ហើយចាប់តាំងពីក្រុមហ៊ុនធំដូចជា IBM មកប្រើសេវាកម្មនេះ ជាហេតុធ្វើឱ្យក្រុមហ៊ុនផ្សេងៗមានទំនុកយ៉ាងខ្លាំង និងមិនខ្លាចក្នុងការប្រើសេវាកម្មគ្រប់គ្រង Database របស់ក្រុមហ៊ុន Oracle នោះទេ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុន Oracleក៏ចាប់ផ្ដើមល្បីល្បាញនិងទទួលបានជោគជ័យជាខ្លាំង ដោយសូម្បីតែក្រុមហ៊ុនធំៗដូចជា ​Amazon និង Samsung Electronics ជាដើមនោះ ក៏ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Oracle ដែរ។

3

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Oracle បានក្លាយជាក្រុមហ៊ុនបង្កើត Software ដ៏ល្បីឈ្មោះ និងក្លាយជាក្រុមហ៊ុនលេខមួយខាងផ្នែកផ្ដល់សេវាកម្មគ្រប់គ្រងទិន្ន័យ (Database)។ បច្ចុប្បន្នក្រុមហ៊ុន Oracle របស់លោក Larry Ellison មានបុគ្គលិកសរុបរហូតដល់ទៅជាង ១៣៥,០០០ នាក់។ បន្ថែមពីនេះទៀត កាលពីឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន Oracle អាចរកចំណូលបានរហូតដល់ទៅជាង ៣៩ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ ក្នុងនោះលោក Larry Ellison គឺជាអ្នកកាន់ហ៊ុនច្រើនជាងបំផុតនៅក្នុងក្រុមហ៊ុន​ Oracle ដោយមានរហូតដល់ទៅជាង ៣៦.២%  និងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណជា ១០២.៦ ពាន់លានដុល្លារ រួមទាំងជាមហាសេដ្ឋីលេខ​៦ ក្នុងចំណោមហាសេដ្ឋីទាំងអស់ទូទាំងពិភពលោក៕

2

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia