ការទិញដីសម្រាប់វិនិយោគ ឬប្រើប្រាស់ផ្ទាល់ខ្លួន ចំណុចដំបូងដែលត្រូវមើលគឺទីតាំង បើទីតាំងដីល្អ មានផ្លូវធំ ស្ថិតក្នុងតំបន់សក្ដានុពល មានមនុស្សចេញចូលច្រើន ឬស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ គឺទិញទៅពុំខុសទេឲ្យតែស្របច្បាប់ និងមានប្លង់ត្រឹមត្រូវ។ ប៉ុន្ដែក្រៅពីទីតាំងចំណុចសំខាន់មួយទៀតដែលអ្នកទិញត្រូវមើលនោះគឺរូបរាងដី ព្រោះបើទិញចំដីដែលមានរូបរាងមិនល្អ ក៏ពិបាកប្រើប្រាស់ ហើយពិបាកលក់ចេញដូចគ្នា ដូច្នេះទេគប្បីជ្រើសរើសដីឲ្យបានសមស្រប។
ទាក់ទងនឹងបញ្ហានេះដែរ មានអ្នកជំនាញជាច្រើនបានលើកឡើងប្រហាក់ប្រហែលគ្នាឲ្យអ្នកទិញត្រូវពិនិត្យលើចំណុចនេះ។ ជាក់ស្ដែងលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងនូវរូបរាងដីចំនួន ដែលមិនមានភាពល្អប្រសើរសម្រាប់វិនិយោគ ព្រោះថាអាចពិបាកក្នុងការប្រើប្រាស់ទី១ និងទី២ គឺពុំសូវ ឬគ្មានអ្នកត្រូវការតែម្ដង ដែលជាហេតុនាំពិបាកក្នុងការលក់ចេញ ឬលក់បានតម្លៃទាបជាដើម។
ថ្លែងប្រាប់ Business Cambodia លោកបានឲ្យដឹងថា ដីដែលមានរូបរាងមិនល្អ ឬមិនសមស្រមនោះរួមមាន៖ ដីមានរាងកាច់កុងចុះឡើង, ដីរាងអក្ស Z, រាងអក្ស S, ដីមានរាងម្ដុំលិច ម្ដុំកើត ភ្ជាប់រកគ្នាតំណតូច, ដីដែលមានក្បាលតូចខ្លួនវែងខ្លាំង (ក្បាល៥ម៉ែត្រ ជម្រៅ ១០០ ម៉ែត្រ), ដីក្បាលធំខ្លួនខ្លី (ក្បាល១០០ម៉ែត្រ ជម្រៅ៥ម៉ែត្រ) ឬដីឆកខាងនេះ ឆកខាងនោះជាដើម ដែលទាំងអស់ហ្នឹងគឺពិបាកក្នុងការអភិវឌ្ឍ។ ដូច្នេះអ្នកវិនិយោគបើចៀសបានគួរតែចៀសទៅ។
លោកបន្ដថា រូបរាងដីដែលល្អ និងងាយស្រួលជាងគេ ហើយពិសេសនិយមជាងគេនោះគឺ ដីមានរាងចតុកោណកែង និងរាងការ៉េ ដែលមានទំហំសមស្រប (១០x៣០ម៉ែត្រ) ព្រោះយើងអាចប្រើប្រាស់ផ្ទៃដីបានទាំងស្រុងដែលងាយស្រួលក្នុងការអភិវឌ្ឍ។ បន្ទាប់មកទៀតគឺរាងសាមញ្ញ ដែលមានដូចជា រាងចតុកោណព្នាយ ឬរាងអក្ស L គឺអាចកែច្នៃប្រើប្រាស់បាន ប៉ុន្ដែនៅតែចាញ់រាងការ៉េ និងរាងចតុកោណកែង៕