តួអង្គតុក្កតាដែលមានត្រចៀកវែង ធ្មេញស្រួចៗ ស្នាមញញឹមគួរឱ្យចម្លែក Labubu កំពុងមានភាពពេញនិយមលើបណ្តាញសង្គម និងមានតម្លៃថ្លៃជាងតុក្កតាធម្មតា គឺជាតុក្កតាមួយដែលបង្កើតដោយសិល្បករជនជាតិហុងកុងម្នាក់គឺលោក Kasing Lung ដែលមានវ័យ៥២ឆ្នាំ ប៉ុន្តែព្រោះតែតុក្កតាឡាប៊ូប៊ូហើយនេះ ទើបអាចធ្វើឱ្យស្នាដៃសិល្បៈរបស់លោកត្រូវគេស្គាល់និងគាំទ្រស្នាដៃគាត់ខ្លាំង។
យ៉ាងណាមិញតាមរយៈបទសម្ភាសន៍ជាមួយ HYPEBEAST លោក Kasing បានឱ្យដឹងថាហើយដោយសារពីក្មេងបានធំធាត់ឡើងនៅប្រទេសហូឡង់ ហើយគាត់ជាក្មេងចូលចិត្តអានសៀវភៅរឿងព្រេងនិទានអឺរ៉ុបបុរាណ ដូច្នេះហើយទើបធ្វើឱ្យគាត់ស្រឡាញ់ការគូររូបតួអង្គតុក្តតាប្លែកៗលើក្រដាស ដោយប្រើប៊ិច តាមរយៈការស្រមើស្រមៃនិងជំរុញអារម្មណ៍ពីការមើលសៀវភៅរឿងព្រេង។
លោក Kasing បានបន្តថាលោកក៏ធ្លាប់បានធ្វើការជាអ្នកគូរគំនូរសៀវភៅកុមារ និងបានឈ្នះរង្វាន់គំនូរជីវចលជនជាតិចិនដំបូងគេនៅបែលហ្សិក ហើយក្នុងឆ្នាំ២០១០គាត់បានផ្លាស់ប្តូរពីអ្នកគូរគំនូរតុក្កតាអាជីពទៅជាអ្នករចនាតុក្កតាវិញ។
នៅក្នុងឆ្នាំ ២០១២គាត់បានត្រលប់ទៅហុងកុង ដើម្បីធ្វើការនៅក្រុមហ៊ុនមួយឈ្មោះថា How2work ដែលជាម៉ាកយីហោដ៏ល្បីល្បាញនៅហុងកុង ក្នុងការបោះពុម្ពសៀវភៅរឿងគំនូរជីវចលបែបចិន ដោយនៅក្នុងឧស្សាហកម្មសៀវភៅគំនូរនេះកាន់តែធ្វើឱ្យគាត់មានក្តេរ៍ឈ្មោះសំឡេងនៅតៃវ៉ាន់ និងហុងកុង។
ចំពោះតួអង្គតុក្កតា Labubu វិញត្រូវបានរចនាឡើងនៅក្នុងឆ្នាំ២០១៥ តាមរយៈតួអង្គដែលគាត់បង្កើតឡើងក្នុងសៀវភៅគំនូរជីវចលរបស់គាត់ ដោយLabubu គឺជាតួអង្គមួយនៅក្នុងចំណោមតួអង្គត្រកូល The Monster រួមមាន Zimomo, Tycoco, Spooky និងតួអង្គលេចធ្លោបំផុតគឺ Labubu នេះឯង។
ជុំវិញការល្បីល្បាញហើយត្រូវបានគេស្គាល់តុក្កតា Labubu និងសិល្បករលោក Kasing Lung នៅមួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថាដោយសារតុក្កតា Labubu នេះត្រូវបានតារាចម្រៀងដ៏ល្បីគឺកញ្ញា LISA Black Pink បានប្រើប្រាស់និងបង្ហាញលើបណ្តាញសង្គមផ្ទាល់ខ្លួន៕
អត្ថបទដោយ៖ ពីង ជូអេង