ចំណូលធ្លាក់ចុះ រកលុយបង់ធនាគារលែងទាន់ គឺជាវិបត្តិដ៏ធំមួយសម្រាប់អ្នកជំពាក់បំណុលគេ។ ដោយមើលឃើញពីបញ្ហានេះ លោកស្រី LaToya Irby អ្នកជំនាញផ្នែកឥណទាន បានបង្ហើបពីរឿងសំខាន់ៗទាំង៥ ដែលអ្នកត្រូវប្រញាប់ធ្វើ ពេលរកលុយសងគេលែងទាន់៖
១/. ចែកឱ្យដាច់រវាង បាត់បង់ចំណូល និងការចាយច្រើនជ្រុល៖ តើអ្នកបាត់បង់លទ្ធភាពសងបំណុល ដោយសារតែអ្នករកលុយលែងបាន ឬមួយក៏អ្នកកំពុងតែចំណាយច្រើនលើសលុប? មនុស្សជាច្រើនបានយល់ច្រឡំចំពោះ២ចំណុចនេះ ព្រោះតែពួកគេមិនបានរៀបចំការចំណាយឱ្យបានត្រឹមត្រូវ ហើយចេះតែគិតថាលុយរកមកមិនសល់ទេ ព្រោះសុទ្ធតែចំណាយចាំបាច់គ្រប់ច្រក ជាហេតុគ្មានលុយសម្រាប់សងគេ។
២/. រៀបបំណុលតាមលំដាប់៖ ចាប់ផ្ដើមពីការកត់ត្រារាល់បំណុលដែលអ្នកមានទាំងអស់ឱ្យបានច្បាស់ រួចបែងចែកបំណុលជាពីរក្រុម ទី១ បំណុលមានការប្រាក់ និងទី២ បំណុលគ្មានការប្រាក់។ កំណត់អាទិភាពបំណុល ដោយជ្រើសរើសបង់បំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេ រួចដាក់ផែនការប្រមូលលុយមកសងគេប្រចាំខែឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
៣/. បោសសំអាតស្លែចំណាយ៖ ពិនិត្យមើលរបាយការធនាគារ បញ្ជីចំណាយ ឬវិក្កយបត្រផ្សេងៗ ដោយភាពហ្មត់ចត់ ដើម្បីតាមដានពីការចំណាយរាល់ខែរបស់អ្នកឱ្យប្រាកដថា មានរបស់ណាខ្លះដែលមិនចាំបាច់សម្រាប់ជីវិតរស់នៅ ហើយគួរកាត់បន្ថយវាចេញពីការចំណាយ។ បន្ទាប់មកអ្នកត្រូវ រិះរកផ្លូវបង្កើនចំណូល ដើម្បីបំពេញគោលដៅ២គឺ ទី១.ការពារមិនឱ្យខ្លួនឯងត្រូវខ្ចីលុយគេមកប្រើទៀត និងទី២. ប្រមូលលុយដើម្បីបង្គ្រប់សងគេឱ្យឆាប់អស់។
៤/. ចរចាជាមួយម្ចាស់បំណុល៖ បញ្ឈប់ភាពខ្មាសអៀន រៀនដាក់ខ្លួន ចូលទៅនិយាយចរចាជាមួយនឹងម្ចាស់បំណុល សុំឱ្យគេបន្ធូរបន្ថយការប្រាក់ ឬសម្រួលការបង់ប្រាក់ប្រចាំខែឱ្យនៅក្នុងកម្រិតទាបតាមដែលអាចធ្វើទៅបាន។ ឈប់ខ្លាច ហើយសាកល្បងនិយាយពីបញ្ហាហិរញ្ញវត្ថុរបស់អ្នកប្រាប់ទៅកាន់ម្ចាស់បំណុលឱ្យបានលម្អិត បើមានទាំងរបាយការណ៍ចំណូលចំណាយថែមទៀតរឹតតែល្អ។
៥/. ស្វែងរកជំនួយផ្នែកគំនិត៖ បើអ្នកទាល់ខ្លាំង ពិបាកដោះស្រាយដោយខ្លួនឯង អ្នកគួរតែស្វែងរកក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ឬផ្នែកដោះស្រាយបញ្ហាបំណុល ដើម្បីទទួលបានការប្រឹក្សាយោបល់ពីពួកគាត់។ អ្នកជំនាញអាចជួយអ្នកក្នុងការពិនិត្យមើលហិរញ្ញវត្ថុរបស់អ្នក ព្រមទាំងវិធីសាស្រ្តលម្អិតដើម្បីកាត់បន្ថយការទូទាត់ប្រចាំខែ ព្រមទាំងអាចជួយអ្នកពីការគ្រប់គ្រងលុយកាក់ថែមទៀតផង។
ក្នុងនោះ អ្នកស្រី LaToya បានសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពនេះដាច់ខាតអ្នកមិនត្រូវបង្កើតបំណុលថ្មីឡើយ ព្រោះថាការបង្កើតបំណុលថ្មីដើម្បីដោះបំណុលចាស់វាមិនមែនជាវិធីល្អឡើយ។ ផ្ទុយទៅវិញវាអាចបំផ្លាញអ្នក ព្រមទាំងអូសអ្នកឱ្យធ្លាក់ក្នុងរណ្ដៅបំណុលវ័ណ្ឌកទៀតផង បើអ្នករើសចំកម្ចីថ្មីដែលមានការប្រាក់ខ្ពស់ជាងបំណុលដែលអ្នកមានស្រាប់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook