ទីបំផុតទៅ ការប្រកួតបាល់ទាត់ FIFA World Cup Qatar 2022 បានបញ្ចប់ ហើយប្រទេសអាសង់ទីនបានក្លាយជាម្ចាស់ពាន និងទទួលបានប្រាក់៤២លានដុល្លារសម្រាប់ក្រុមឈ្នះ។ បើទោះបីជាពិភពលោកកំពុងអបអរដល់ជម្រើសជាតិអាសង់ទីនក៏ពិតមែន ក៏ប៉ុន្តែក៏មានមនុស្សមិនតិចនោះទេ ដែលកំពុងចោលភ្នែកងាកមកចាប់អារម្មណ៍កីឡាករជម្រើសជាតិបារាំង Kylian Mbappé ថាជាកីឡាករដ៏មានទេពកោសល្យមួយរូប រហូតធ្វើការចែករំលែករូបលោកជាច្រើនរូបពាសពេញបណ្ដាញសង្គម។
កើតថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៨ មុនពេលដែលទទួលបាននូវភាពល្បីល្បាញ និងអាចក្លាយជាជម្រើសជាតិបារាំងនេះ Kylian Mbappé ក៏ធ្លាប់ត្រូវបានគេកោតសរសើរតាំងតែពីលោកនៅក្មេង ព្រោះលោកពិតជាមានទេពកោសល្យ ងុបងល់ជាមួយនឹងបាល់ទាត់ និងលះបង់ខ្លាំងដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។
រំលឹកទៅកាលពីពេលដែលលោកមានវ័យ ៦ឆ្នាំ កុមារ Kylian Mbappé Mbappé បានចាប់ផ្តើមអាជីពរបស់គាត់ដំបូងនៅ AS Bondy ដែលបង្វឹកដោយឪពុករបស់គាត់គឺ Wilfried និងគ្រូបង្វឹកយុវជនម្នាក់ទៀតឈ្មោះ Antonio Riccardi ។
លោក Antonio Riccardi ធ្លាប់បាននិយាយអំពី Kylian Mbappé ថា៖ លើកទីមួយដែលខ្ញុំបង្វឹកគាត់គឺពេលគាត់អាយុប្រាំមួយឆ្នាំ។ អ្នកអាចនិយាយថាគាត់បែបនេះ បែបនោះខុសៗគ្នា។ Kylian អាចធ្វើបានច្រើនជាងកុមារដទៃទៀត។ ការញាក់បាល់របស់គាត់គឺអស្ចារ្យរួចទៅហើយ ហើយគាត់លឿនជាងអ្នកដទៃទៀត។ គាត់គឺជាកីឡាករល្អបំផុតដែលខ្ញុំធ្លាប់ឃើញក្នុងរយៈពេល ១៥ឆ្នាំដែលគ្រូបង្វឹកនៅទីនេះ។ នៅទីក្រុងប៉ារីស មានទេពកោសល្យជាច្រើន ប៉ុន្តែខ្ញុំមិនដែលឃើញមានទេពកោសល្យដូចគាត់ទេ។ គាត់គឺជាអ្វីដែលយើងអាចហៅថា ល្អបំផុត។
នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៨ ជាមួយទស្សនាវដ្ដី Time កីឡាករ Mbappé បាននិយាយអំពីការលះបង់ដែលគាត់បានធ្វើកាលពីក្មេង ដើម្បីផ្តោតលើការអភិវឌ្ឍខ្លួនហ្វឹកហាត់ បាល់ទាត់របស់គាត់ថា "ខ្ញុំមិនមានពេលដូចមនុស្សភាគច្រើនដែលកំពុងស្ថិតក្នុងវ័យជំទង់ ដូចជាការចេញទៅក្រៅដើរលេងជាមួយមិត្តភក្តិ ឬរីករាយជាមួយពេលវេលាដ៏ល្អផ្សេងៗទៀតនោះទេ។ ប៉ុន្តែទោះបីជាបាត់បង់ជីវិតដែលរស់ដូចមនុស្សធម្មតាភាគច្រើនក៏ដោយ Mbappé បញ្ជាក់ថា នាពេលឥឡូវនេះខ្ញុំកំពុង រស់នៅក្នុងជីវិតដែលខ្ញុំតែងតែស្រមៃចង់បាន។ ជាក់ស្ដែងត្រឹមតែជាង៤ឆ្នាំ បន្ទាប់ពីការបង្ហាញខ្លួនក្នុងអាជីពបាល់ទាត់លើកដំបូង គាត់ទទួលបានអ្នកតាមដាន Instagram ជាង ៥០លាននាក់។
មេរៀនដែលយើងអាចរៀនបានអំពីដំណើរជីវិតរបស់កីឡាករបាល់ទាត់វ័យក្មេង Kylian Mbappé គឺ ការហ្វឹកហាត់ ការលះបង់ដើម្បីគោលដៅគឺមានរសជាតិល្វីងជូរចត់ខ្លាំងណាស់ ប៉ុន្តែចុងក្រោយវានឹងផ្ដល់លទ្ធផលឱ្យអ្នកត្រឡប់វិញ ជាមួយរសជាតិផ្អែមបំផុត៕
ចង់រៀនគំនិតរកស៊ីល្អៗប្រចាំថ្ងៃ សូមចូលក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃនៅទីនេះ https://t.me/LongVathanak777


