មកស្គាល់ប្រវត្តិ និងស្នាដៃធំៗ របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលថ្មី
Kan DaraJULY 5 2024706 views

ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ទេរ និងតែងតាំងមុខតំណែងមកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីពេលថ្មីៗនេះ។ ខាងក្រោម គឺជាប្រវត្តិ និងស្នាដៃធំៗ ដែលលោកធ្លាប់សម្រេចបាន៖

ឯកឧត្តម គួច ចំរើន ចាប់កំណើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ លើទឹកដីភូមិតតាព័រលើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ នៃគ្រួសារមួយដែលមានឪពុកឈ្មោះ គួច ណាំហេង និងម្តាយឈ្មោះ សុខ ឈាង។

11

ត្បិតធំធាត់ឡើងក្នុងរបបប៉ុលពតក្តី ក្នុងឆ្នាំ១៩៩០ យុវជន គួច ចំរើន បានចូលរៀននៅមហាវិទ្យាល័យបច្ចេកទេសកងទ័ពប្រទេសវៀតណាម។ ក្រោយមកក្នុងឆ្នាំ១៩៩៣ លោកបានសិក្សាបន្តនៅមហាវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ លុះដល់ឆ្នាំ២០០៤ លោកក៏បានចូលសិក្សានៅសាកលវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈក្នុងឆ្នាំ២០០៧។

ក្រៅពីការសិក្សានៅតាមមហាវិទ្យាល័យ និងសាកល​វិទ្យាល័យ ឯកឧត្តម គួច ចំរើច ​ក៏បានទទួលការបណ្តុះបណ្តាល និងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ ពីអង្គការ JICA លើការគ្រប់គ្រងរដ្ឋបាលមូល​ដ្ឋាន​នៅប្រទេសជប៉ុនឆ្នាំ២០០០, ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង​សំណង់លើផ្នែកច្បាប់ភូមិបាល, ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ, ពីវិទ្យាស្ថាន​កម្ពុជាដើម្បីសិទ្ធិ​មនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង, ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត, ពីវិទ្យា​ស្ថាន​កម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាល ជាពិសេសលោកអាចប្រើប្រាស់ជាផ្លូវការបានទាំង​ភាសាអង់គ្លេស ​និង​វៀតណាមទៀតផង។

ឹឹ

ក្នុងដំណើរជីវិតជាមន្ត្រីរាជកាល ឯកឧត្តម គួច ចំរើន បានបំពេញការងារជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន ពីឆ្នាំ១៩៩៣-ឆ្នាំ១៩៩៩ និងបន្ដជាអភិបាលរងខណ្ឌចំការមន ដល់ឆ្នាំ២០០៤។ ក្នុងខែកក្កដា ឆ្នាំ២០០៤ លោកបន្ដជាអភិបាលខណ្ឌមានជ័យ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។ ពីខែឧសភា ឆ្នាំ២០១៤ បន្ដជាអភិបាលខណ្ឌដូនពេញ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។ ពីខែធ្នូ ឆ្នាំ២០១៦ បន្ដជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។ ពីខែមិថុនា ឆ្នាំ២០១៧ បន្ដជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដល់ខែមិថុនា ឆ្នាំ២០១៩។ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ដជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លុះដល់បច្ចុប្បន្នលោកបន្ដជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល តាមព្រះរាជក្រឹត្យតែងតាំង ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

គួរជម្រាបផងដែរថា ឯកឧត្តម គួច ចំរើន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ អ៊ូ ធីតាពី មានមុខរបរជាមេធាវី និងមានកូនប្រុស៣នាក់ ឈ្មោះគួច ចំរើនរដ្ឋ , គួច ចំរើនជាតិ និង គួច ចំរើនភព៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia