គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Bunthoeun Koem•NOVEMBER 4 2026•

ភ្នំពេញ ខែវិច្ឆិកា ឆ្នាំ២០២៦-- ការផ្លាស់ប្តូរតូចមួយកំពុងលេចឡើងនៅលើសម្បកដបទឹករ៉ែធម្មជាតិ អូ គូលែន ដែលការផ្លាស់ប្ដូរនេះ តំណាងឱ្យការបោះជំហានដ៏សំខាន់មួយទៀតក្នុងដំណើរឆ្ពោះទៅកាន់អនាគតបៃតងនៃម៉ាកយីហោនេះ។

 

ក្រោមយុទ្ធនាការ “ការផ្លាស់ប្តូរដើម្បីអនាគតបៃតង” (A Change for a Greener Future) អូ គូលែន បានផលិត និងដាក់លក់លើទីផ្សារនូវស្លាកដបថ្មីដែលមានប្រវែងខ្លីជាងមុន សាមញ្ញ និងទាក់ទាញជាងមុន នៅលើផលិតផលទាំងអស់របស់ខ្លួន។ ស្លាកថ្មីនេះប្រើប្រាស់ប្លាស្ទិកតិចជាងមុននៅលើដបនីមួយៗដែលស្ថិតក្នុងការផ្លាស់ប្ដូរនេះ ព្រមទាំងជួយឱ្យផលិតផល អូ គូលែន មានរូបរាង និងអត្តសញ្ញាណ កាន់តែស៊ីចង្វាក់គ្នា។

 

ការផ្លាស់ប្តូរនេះ ត្រូវបានដាក់ឱ្យអនុវត្តលើផលិតផលចំណុះ ៣៣០មិល្លីលីត្រ ៥០០មិល្លីលីត្រ និង ១,៥លីត្រ ដែលផលិតពីរោងចក្រទី១ របស់ អូ គូលែន ក្នុងខេត្តសៀមរាប។ ចំណែកដបចំណុះ ១,៥លីត្រ និង ២លីត្រ ដែលមានប្រភពពីរោងចក្រទី២ នៅស្រយង់ កោះកេរ បានប្រើប្រាស់ស្លាកខ្លីនេះរួចមកហើយតាំងពី ឆ្នាំ២០២៣ ម្ល៉េះ។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ អតិថិជនអាចនឹងឃើញមានទាំងស្លាកចាស់ និងស្លាកថ្មី អាស្រ័យលើទីតាំងចែកចាយ និងស្តុករបស់អ្នកលក់រាយ។

 

តើអ្វីដែលផ្លាស់ប្តូរ? គឺស្លាកដប។ តើអ្វីដែលមិនផ្លាស់ប្តូរ? គឺទឹក ។

 

ចំណុចដែលសំខាន់សម្រាប់អតិថិជន គឺសាមញ្ញបំផុត ពោលគឺ ទឹក មិនមានការផ្លាស់ប្តូរឡើយ។

 

Photo 2026 11 04 10 21 55

Photo 2026 11 04 10 22 31

 

លោក Roland Pinol (រ៉ូលែន ភីណុល) ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានបន្តមានប្រសាសន៍ថា «អូ គូលែន នៅតែបន្តអនុវត្តតាមខ្សែចង្វាក់ផលិតកម្ម ដំណើរការត្រួតពិនិត្យគុណភាព និងស្តង់ដារផលិតផលដែលបានកំណត់យ៉ាងច្បាស់លាស់របស់ខ្លួន។ គុណភាពទឹក និងសមាសធាតុសារធាតុរ៉ែធម្មជាតិចាំបាច់សំខាន់ៗដែលមានតុល្យភាពនៅតែរក្សាដដែល ដោយមានការគាំទ្រពីការធ្វើតេស្តជាប្រចាំ និងការតាមដានប្រភពដើមនៃផលិតផល តាមរយៈកាលបរិច្ឆេទប្រើប្រាស់ ដែលមាននៅលើដបនីមួយៗ។»

 

ហេតុដូច្នេះ ស្លាកដបដែលខ្លីជាងមុននេះ មិនមែនត្រឹមតែជាការផ្លាស់ប្តូរសម្បកវេចខ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់មួយក្នុងការកាត់បន្ថយបរិមាណប្លាស្ទិកដែលបានប្រើប្រាស់នៅលើដបនីមួយៗ។ ជាមួយគ្នានេះ អូ គូលែន បានគូសបញ្ជាក់ថា សម្បកដបរបស់ខ្លួនសុទ្ធតែអាចកែច្នៃឡើងវិញបាន ១០០%។

 

 

ដំណើរឆ្ពោះទៅអនាគតបៃតងដែលបានចាប់ផ្តើមជាយូរមកហើយមុនពេលមានស្លាកថ្មីនេះ

 

លោក Roland Pinol (រ៉ូលែន ភីណុល) បានបន្ដទៀតថា «សម្រាប់ អូ គូលែន ដំណើរឆ្ពោះទៅកាន់អនាគតបៃតង មិនមែនទើបតែចាប់ផ្តើមជាមួយស្លាកថ្មីនេះទេ។ វាជាដំណើរដែល បានកសាងឡើងតាមរយៈសកម្មភាពជាក់ស្ដែងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។»

 

ចាប់តាំងពីឆ្នាំ២០១៨ មក អូ គូលែន បានដាំដើមឈើកម្រជាង ១៣៥.០០០ ដើម ដើម្បីគាំទ្រដល់ការស្តារព្រៃឈើឡើងវិញនៅតំបន់ជុំវិញភ្នំគូលែន។ ក្រុមហ៊ុនក៏បានវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនៅតាមរោងចក្ររបស់ខ្លួន និងបានផ្តល់មូលនិធិទាំងស្រុងសម្រាប់ថ្នាក់រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃដល់សិស្សានុសិស្ស និងសហគមន៍ដែលរស់នៅក្បែររោងចក្រទាំងពីរផងដែរ។

 

គំនិតផ្តួចផ្តើមទាំងនេះ ឆ្លុះបញ្ចាំងពីជំនឿដ៏រឹងមាំមួយរបស់ក្រុមហ៊ុនថា អនាគតបៃតងមិនមែនគ្រាន់តែផ្តោតលើការការពារធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយគាំទ្រដល់ប្រជាជន និងការបង្កើតឱកាសសម្រាប់មនុស្សជំនាន់ក្រោយផង ដែរ។

 

ចាប់ពីការការពារប្រភពទឹកធម្មជាតិរបស់កម្ពុជា និងការស្តារព្រៃឈើឡើងវិញ រហូតដល់ការគាំទ្រឱកាសសិក្សារៀនសូត្រនៅក្នុងសហគមន៍ដែលរស់នៅក្បែររោងចក្ររបស់ខ្លួន អូ គូលែន នៅតែបន្តអនុវត្តវិធានការជាក់ស្តែងដែលផ្សារភ្ជាប់    អាជីវកម្មរបស់ខ្លួនទៅនឹងគោលដៅរួមដ៏ទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សង្គម និងបរិស្ថាន។

 

ផ្តើមពីចំណុចតូចតាច ឆ្ពោះទៅរកសមិទ្ធផលដ៏ធំធេង

 

ការបង្រួមទំហំស្លាកដបនេះ អាចមើលទៅហាក់ដូចជារឿងតូចតាច ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់មួយនៃបេសកកម្មរយៈពេលវែងរបស់ក្រុមហ៊ុន។

 

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ការប្តេជ្ញាចិត្តនៅតែរឹងមាំ

 

Photo 2026 11 04 10 22 37

Photo 2026 11 04 10 22 43

Photo 2026 11 04 10 22 49

 

ជាមួយនឹងស្លាកខ្លីជាងមុននេះ អូ គូលែន បន្តបោះជំហានមួយទៀតឆ្ពោះទៅកាន់អនាគតបៃតង ដែលមិនត្រឹមតែគោរពដល់កេរដំណែលធម្មជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជួយការពារមរតកធម្មជាតិដ៏មានតម្លៃនេះ និងបង្កើតឱកាសសម្រាប់មនុស្សជំនាន់ក្រោយៗទៀតផង។ 

 

អំពីក្រុមហ៊ុន Kulara Water

 

Kulara Water គឺជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន ដែលជាម៉ាកឈានមុខគេមួយ តំណាងឱ្យភាពបរិសុទ្ធ និងភាពស្រស់ស្រាយនៃកេរដំណែលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ ទឹករ៉ែធម្មជាតិ អូ គូលែន មានប្រភពពីស្រទាប់ទឹកក្រោមដីដែលត្រូវបានរក្សាទុក និងការពារក្នុងតំបន់ភ្នំគូលែន និងកោះកេរ ហើយត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាអឺរ៉ុបដ៏ទំនើបចុងក្រោយបង្អស់ ក្រោមការត្រួតពិនិត្យដោយអ្នកជំនាញជនជាតិបារាំង។

 

Kulara Water ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជានូវទឹករ៉ែធម្មជាតិដែលមានគុណភាពខ្ពស់ ដើម្បីរួមចំណែកជួយគាំទ្រដល់សុខភាព សុខុមាលភាព និងការលើកកម្ពស់មោទនភាពចំពោះកេរដំណែលធម្មជាតិរបស់ខ្លួន។ តម្លៃស្នូលរបស់ក្រុមហ៊ុន រួមមាន គុណភាព ភាពបរិសុទ្ធ របៀបរស់នៅប្រកបដោយសុខភាពល្អ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ។

 

Kulara Water វិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដោយគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមនានាដែលជួយការពារធនធានធម្មជាតិ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់សុខុមាលភាពសហគមន៍៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia