គូឯកដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ គឺកីឡាករលំដាប់ជួរមុខរបស់កម្ពុជា ធន់ រិទ្ធី បានត្រៀមខ្លួនរួចរាល់ហើយដើម្បីសងសឹកកំពូលអ្នកប្រដាល់ថៃហ្វៃ សៃ យុគ ក្នុងជំនួបដណ្តើមខ្សែក្រវាត់អំបោះឆៅ ក្នុងព្រឹត្តិការណ៍ Krud Kun Khmer ខណៈកីឡាករថៃរូបនេះបានធ្វើដំណើរមកដល់កម្ពុជាហើយ។
យ៉ាងណាមិញ ការប៉ះគ្នារវាង ធន់ រិទ្ធី និងខ្លាចាស់ សៃយុគ មិនត្រឹមជាជំនួបសងសឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការដាក់ខ្សែក្រវ៉ាត់ម្នាក់មួយខ្សែ ដោយ ធន់ រិទ្ធី ដាក់ខ្សែក្រវ៉ាត់អំបោះឆៅ KRUD KUN KHMER ខណៈ សៃយុគ ដាក់ខ្សែក្រវ៉ាត់ WMO ដោយមានការគាំទ្រប្រាក់រង្វាន់ពីក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី រហូត ២០ លានរៀល សម្រាប់អ្នកឈ្នះក្នុងការប្រកួតនេះ។
ក្នុងនោះ ចំពោះការទស្សនាអាចចូលរួមដោយសេរី ស្ថិតនៅទីតាំងបរិវេណគម្រោង Vattanacville (វឌ្ឍនៈវីល) ផ្លូវ114, ភាគខាងត្បូង រោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៣-ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ Facebook page និង Youtube របស់ទូរទស្សន៍ជាតិកម្ពុជា រួមទាំង Facebook page Krud Energy នាវេលាម៉ោង ៦:៣០នាទីយប់។
គួរជម្រាបផងដែរថា កីឡាករថៃ Saiyok Pumpanmuang កើតថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៨៣ ដែលពីមុនត្រូវបានគេស្គាល់ថាជាអ្នកប្រដាល់ថៃទម្ងន់ welterweight និងជាអ្នកប្រដាល់ Muay Thai។ លោកក៏គឺជាអតីតម្ចាស់ជើងឯក ប្រចាំសង្វៀន Stadium Lumpinee, ជើងឯកមួយថៃ ជើងឯក WMC និងជាជើងឯក Rajadamnern Stadium។ លោក Saiyok ទទួលបានភាពល្បីល្បាញក្នុងអំឡុងពេលប្រឡូកអាជីពប្រដាល់ជាមួយ Thai Fight ដោយបានចូលរួមក្នុងការប្រកួត Thai Fight Kard Chuek ក្នុងឆ្នាំ២០១៣ និងឈ្នះការប្រកួត Thai Fight ឆ្នាំ២០១៤ ក្នុងប្រភេទទម្ងន់ ៧២,៥ គីឡូក្រាម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)