នៅពេលខាងមុខនេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងខេត្ដក្រចេះ នឹងលេចរូបរាងឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ដទាំងពីរ។
យោងតាមការដកស្រង់ពីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គទី១ នេះមានប្រវែង ១ ៧៦១ ម៉ែត្រ មានទទឹង១៣.៥ ម៉ែត្រ ចាប់ផ្ដើមពីត្រើយខាងកើតស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្ដក្រចេះ ភ្ជាប់ទៅកាន់ត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ។
ស្ពានថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ ពោលមានរយៈពេលចំនួន ៤២ ខែ។ ខណៈគម្រោងនេះត្រូវបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗដូចជាត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ។
ចំណែកនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕